សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យឯកឧត្តម UENO Atsushi ឯកអគ្គរាជទូតជប៉ុន តែងតាំងថ្មីប្រចាំព្រះរាជាណាចក្រកម្ពុជា ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៣។
ឯកឧត្តម Atsushi បានគោរពចូលរួមសម្ដែងមរណៈទុក្ខដល់ក្រៀមក្រំជាទីបំផុត ចំពោះការបាត់បង់ប្អូនស្រីថ្លៃរបស់សម្ដេចតេជោ និងសូមវិញ្ញាណក្ខន្ធរបស់គាត់ បានទៅកាន់សុគតិភព។
ឯកឧត្តម Atsushi បានគោរពជម្រាបជូនសម្ដេចតេជោថា ឯកឧត្តម បានមកកាន់កម្ពុជាកាលពីឆ្នាំ១៩៩២ ហើយនៅពេលនេះ កម្ពុជា មានការអភិវឌ្ឍយ៉ាងខ្លាំង មានស្ថិរភាព និងមានសន្តិភាព ។ ក្នុងន័យនេះ ឯកឧត្តម សូមសម្ដែងនូវការគោរពជូនចំពោះសម្ដេចតេជោ ក្នុងភាពជាអ្នកដឹកនាំជាទីគោរព។
ឯកឧត្តម Atsushi ក៏បានគោរពសម្ដែងនូវការអបអរសាទរជូនចំពោះសម្ដេចតេជោ ដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ក្នុងភាពជាប្រធានអាស៊ាន ទទួលបានជោគជ័យ ។
ឯកឧត្តម Atsushi បានមានប្រសាសន៍ថា ទំនាក់ទំនងរវាងទាំងពីរ គឺល្អបំផុតនៅពេលនេះ។ ឯកឧត្តម ពិតជាមានកិត្តិយសណាស់ ដែលបានមកបម្រើការងារជាអ្នកការទូតជប៉ុនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។ ឯកឧត្តម Atsushi បានប្ដេជ្ញា និងប្រឹងប្រែងឲ្យអស់ពីសមត្ថភាព ដើម្បីពង្រឹងពង្រីកទំនាក់ទំនងទ្វេភាគីកម្ពុជា-ជប៉ុន ឲ្យកាន់តែរឹងមាំថែមទៀត តាមរយៈជំរុញអ្នកវិនិយោគមកកាន់កម្ពុជា, ជំរុញទេសចរណ៍មកកម្ពុជា និងជួយគាំទ្រកម្ពុជា លើការរៀបចំដំណើរការកីឡាស៊ីហ្គេម, បោះឆ្នោតនាខែកក្កដាខាងមុខ, ការងារដោះមីន, កិច្ចសហប្រតិបត្តិការលើវិស័យសេដ្ឋកិច្ច និងការងារដទៃទៀត ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងអបអរសាទរជូនចំពោះឯកឧត្តម Atsushi ដែលត្រូវបានតែងតាំងជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ជប៉ុនមកកាន់ព្រះរាជាណាចក្រកម្ពុជា និងថ្លែងអំណរគុណជូនចំពោះឯកឧត្តម Atsushi នូវការចូលរួមរំលែកមរណៈទុក្ខ។
សម្ដេចតេជោបានថ្លែងអំណរគុណ និងយល់ស្របជាមួយការលើកឡើងរបស់ឯកឧត្តម Atsushi អំពីទំនាក់ទំនងរវាងប្រទេសទាំងពីរ។ ជាមួយការប្ដេជ្ញាចិត្តរបស់ឯកឧត្តម Atsushi ជួយដល់កម្ពុជា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ថា ជប៉ុន អាចជួយគាំទ្រដំណើរការស៊ីហ្គេមរបស់កម្ពុជា តាមរយៈលើកទឹកចិត្តឱ្យមានអ្នកមកទស្សនា និងរៀបចំឲ្យមានការហោះហើរត្រង់ ឬ Chater Fly មកកាន់កម្ពុជា ។ ដោយឡែកលើវិស័យសេដ្ឋកិច្ច និងវិនិយោគ សម្ដេច បានសុំឱ្យឯកឧត្តមអគ្គរាជទូត ជួយជំរុញកំណើនទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ និងជួយជំរុញឲ្យអ្នកវិនិយោគ មកកាន់កម្ពុជា កាន់តែច្រើនឡើងថែមទៀត ៕KD