ខេត្តកំពត៖ បើយើងនិយាយអំពីសត្វផ្សោតនោះបងប្អូនគ្រប់គ្នាប្រាកដជា នឹកដល់សត្វផ្សោតទឹកសាបទន្លេមេគង្គ ដែលមាននៅក្នុងទឹកដីនៃ ខេត្តក្រចេះនិងខេត្តស្ទឹងត្រែង ជាក់ជាពុំខាន។
បច្ចុប្បន្ននេះមានផ្ទុះការចាប់អារម្មណ៍ អំពីសត្វផ្សោតសមុទ្រ ដែលមានពណ៌ផ្កាឈូក ជាប្រភេទសត្វកម្រ និងស្ទើតែផុតពូជទៅហើយនោះ ថាបាននឹងកំពុងលេចវត្តមាន ក្នុងដៃសមុទ្រទឹកប្រៃនៃខេត្តកំពត។
លោកនាយខណ្ឌរដ្ឋបាលជលផលខេត្តកំពត លោក ស សូរិន្ទ បានឱ្យដឹងថា សត្វផ្សោតទឹកប្រៃ ឬត្រី Dolphin មានរូបរាងពណ៌ផ្កាឈូកប្រភេទនេះ មានវត្តមាននៅក្នុងកម្ពុជាជាយូរមកហើយ តែពុំសូវមានអ្នកបានដឹង។
នាយខណ្ឌរដ្ឋបាលជលផល បានបន្តថា សត្វផ្សោតផ្កាឈូកនេះ តែងតែត្រូវបានប្រជានេសាទ ប្រទះឃើញវាហែលប្រឡែងគ្នាលេង និងរកចំណី នៅក្នុងដែនសហគមន៍ព្រែកត្នោត និងសហគមន៍ចង្ហោន ក្នុងក្រុងបូកគោ ខេត្តកំពត។
លោក ស សូរិន្ទ បានបញ្ជាក់ថា សត្វផ្សោតផ្កាឈូកនេះ រស់នៅក្នុងខេត្តកំពតមានប្រមាណពី១៥ ទៅ២០ក្បាលតែប៉ុណ្ណោះ ហើយវាមានអាយុកាលជាង ២០ឆ្នាំហើយ។
លោក ស សូរិន្ទ ថា អាជ្ញាធរខេត្តកំពតកំពុងតែសហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា (MCC) ក្នុងការអភិវឌ្ឍដែនសហគមន៍ទេសចរណ៍ធម្មជាតិព្រែកឆ្នោត ឬហៅថាអន្លង់ធំ និងដែនសហគមន៍ទេសចរណ៍ដង្ហោន ដើម្បីរៀបចំឱ្យភ្ញៀវទេសចរចូលមកកម្សាន្ត និងទស្សនាសត្វផ្សោតទឹកប្រៃប្រភេទនេះ ហើយខេត្តកំពត នឹងអាចទាក់ទាញភ្ញៀវទេសចរបន្ថែមទៀតតាមរយៈការចូលទស្សនាសត្វផ្សោតផ្កាឈូកនេះ។
សូមបញ្ជាក់ជួនផងដែរថា ផ្សោតផ្កាឈូកនេះត្រូវបានចុះបញ្ជីក្រហម IUCN ជាសត្វដ៏កម្រជិតផុតពូជ និងជាសត្វដែលងាយរងគ្រោះ។ សត្វផ្សោតដ៏ចម្លែកនេះវាមានវត្តមាននៅទូទាំងអាស៊ីអាគ្នេយ៍ រួមទាំងនៅឆ្នេរសមុទ្រអាហ្វ្រិកខាងត្បូង ប្រទេសចិន និងហុងកុង៕នាគស