ខេត្តសៀមរាប៖ លោកវរសេនីយ៍ឯក ដា ចំរើនអធិការ នៃអធិការដ្ឋាននគរបាលក្រុងសៀមរាប នៅថ្ងៃទី២១ ខែមករាឆ្នាំ២០២៣កន្លងទៅ បានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌក្រុង ធ្វើការល្បាតនិងឃាត់ខ្លួនជនសង្ស័យចំនួន០១នាក់ ពាក់ព័ន្ធនិងករណីធ្វើឱ្យខូចខាតដោយចេតនា មានស្ថានទម្ងន់ទោស ដែលបានប្រព្រឹត្តកាលពីពេលកន្លងទៅ។
លោកអធិការ ដា ចំរើន ប្រាប់ថា តាមពាក្យបណ្ដឹង និងការរៀបរាបរបស់ជនរងគ្រោះ ឈ្មោះ ម.គ.ស ភេទ ប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងឡាន មានអាសយដ្ឋានបច្ចុប្បន្ន ភូមិដកពោធិ៍ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាបឱ្យដឹងថា កាលពីវេលាម៉ោង ០១ និង០០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី ០១ ខែ កញ្ញា ឆ្នាំ២០២២ ស្ថិតនៅចំណុចមុខបន្ទប់ជួល ក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប មានករណីជនសង្ស័យមិនស្គាល់អត្តសញ្ញាណប្រុសៗមួយក្រុម មានគ្នាប្រហែល០៧នាក់ ជិះម៉ូតូ០៤គ្រឿង ក្នុងនោះមានម៉ូតូHonda Dream ពណ៌ខ្មៅ ០៣គ្រឿង មិនស្គាល់ស៊េរីនិងផ្លាកលេខ កង់កាំបន្ទះពណ៌ស០១គ្រឿង កាំបន្ទះខ្មៅ០១គ្រឿង ជិះគ្នា០២នាក់ៗ និងម៉ូតូCB ០១គ្រឿងពណ៌ក្រហមមិនស្គាល់ផ្លាកលេខជិះម្នាក់ឯងបានយកកាំបិតខ្វែវ និងដាវ កាប់ម៉ូតូ០១គ្រឿងម៉ាក Honda Scoopy ពណ៌ស ស៊េរីឆ្នាំ២០២១ ពាក់ផ្លាកលេខសៀមរាប1AK-9060 របស់ជនរងគ្រោះ បណ្តាលឱ្យខូចខាតទាំងស្រុងដូចជា ស្តុបក្រោយខាងស្តាំ កាបាំងក្រោមកែបស្តាំ អាវខាងស្តាំ និងកុងទ័រ ខណះពេលជនរងគ្រោះកំពុងអង្គុយផឹកស៊ីនៅផ្ទះមិត្តភក្តិ ។
ក្រោយធ្វើសកម្មភាពជនសង្ស័យជិះម៉ូតូគេចខ្លួនទៅទិសខាងត្បូងអស់ ។
លោកអធិការក្រុងបានបន្តថា ដោយយោងតាមដីកាបើកឱ្យមានការស៊ើបអង្កេតបឋម របស់ ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជាអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ដែលចុះថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២២ និងស្របតាមពាក្យបណ្ដឹងខាងលើនោះ លោកអធិការបានដឹកនាំកម្លាំងផ្នែកព្រហ្មទណ្ឌក្រុង បើកការស៊ើបអង្គេត រហូតមកដល់ថ្ងៃទី២១ ខែមករា ឆ្នាំ២០២៣ សមត្ថកិច្ចនៃអធិការដ្ឋានក្រុង បានធ្វើការល្បាត ក៏ប្រទះឃើញជនសង្ស័យជនសង្ស័យចំនួន០១នាក់ ក្នុងចំណោមបក្សពួកប្រហែល ០៧នាក់ មានឈ្មោះ ផល ចិត្រា ហៅ ហៀង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរមិនពិតប្រាកដ មានស្រុកកំណើតភូមិ ស្វាយព្រៃ ឃុំស្វាយដង្គំ ស្រុកសៀមរាប ខេត្តសៀមរាប និងមានទីលំនៅបច្ចុប្បន្ន ភូមិស្វាយព្រៃ សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅតាមផ្លូវ រួចសមត្ថកិច្ចក៏បានឃាត់ខ្លួនជនសង្ស័យខាងលើ យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុងសៀមរាប ។
លោកវីរៈសេនីយ៍ឯក ដា ចំរើន បានបញ្ជាក់ថា ក្រោយពីសួរនាំរួច ជនសង្ស័យខាងលើបានឆ្លើយសារភាពថា រូបខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពកាប់ម៉ូតូរបស់ជនរងគ្រោះខាងលើ ដោយខ្លួនបានយកដុំថ្មរគប់ទៅលើក្រុមរបស់ជនរងគ្រោះពិតមែន ។
បន្ទាប់ពីសួរនាំរួចមកកម្លាំងជំនាញ បានធ្វើតេស្តស្វែងរកសារធាតុញៀន លើជនសង្ស័យ ដោយលទ្ធផលគឺ អវិជ្ជមាន ។
សូមបញ្ជាក់ថា ក្នុងប្រតិបត្តិការនេះជំនាញរបស់ក្រុង បានដកហូតវត្ថុតាងពីជនសង្ស័យខាងលើរួមមាន៖ កាំបិតដាវកែច្នៃចំនួន០១គ្រឿង និង ម៉ូតូចំនួន០១គ្រឿង។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យជំនាញដើម្បីបន្តនីតិវិធី៕នាគស
↘️ប្រសិនបើ បងប្អូនប្រជាពលរដ្ឋជួបបញ្ហារអសន្តិសុខក្នុងមូលដ្ឋានក្រុងសៀមរាប
សូមទាក់ទងមកលេខប្រចាំការ២៤ម៉ោង
️ ☎️ ០៩៧ ៧៧៨ ០១២៣ / ០១២ ៤៦០ ៥៧០