ខេត្តសៀមរាប៖ ជនបរទេសវ័យចំណាស់ម្នាក់បានដួល នៅក្នុងប្រាសាទតាព្រហ្ម ព្រឹកថ្ងៃទី ២០ ខែមករា ឆ្នាំ ២០២៣។
ប្រភពពីប្រជាពលរដ្ឋបានឲ្យដឹងថា ភ្ញៀវទេសចរណ៍វ័យចំណាស់ម្នាក់សង្ស័យថាជាជនជាតិអាមេរិកាំង ដែលមានក្រុមប្រហែល ០៧ នាក់ បានធ្វើដំណើរទស្សនានៅក្នុងប្រាសាទតាព្រហ្ម ដែលស្ថិតក្នុងភូមិរហាលសង្កាត់នគរធំក្រុងសៀមរាបខេត្តសៀមរាប បានដួលសន្លប់ ដោយមិនដឹងមូលហេតុ ត្រង់ចំណុចដើមឈើ ក្បែរប្រាង្គកណ្ដាលនៃប្រាសាទ។
ប្រភពបានបន្តថា បន្ទាប់ពីមានការដួលសន្លប់នេះកើតឡើង គេសង្កេតឃើញមានភ្ញៀវជាតិនិងអន្តរជាតិ បុគ្គលិកអាជ្ញាធរជាតិអប្សរា ដែលយាមប្រចាំការក្នុងប្រាសាទ ព្យាយាមជួយសង្គ្រោះនិងធ្វើការទំនាក់ទំនងទៅជំនាញសង្គ្រប់បន្ទាន់ និងសមត្ថកិច្ចនគរបាលទេសចរណ៍ភ្លាមៗ។
ប្រភពបានបញ្ជាក់ថា ជំនាញសង្គ្រប់បន្ទាន់ក៏បានមកដល់ទីតាំងកើតហេតុ និងនាំយករងគ្រោះទៅសង្គ្រោះថ្នាំមន្ទីរពេទ្យភ្លាមៗ។
ទោះបីជាយ៉ាងណា អង្គភាពសារព័ត៌មាន គូលែន ដេលីនៅពុំទាន់អាចទំនាក់ទំនង សមត្ថកិច្ចនគរបាលទេសចរណ៍ និងអាជ្ញាធរពាក់ព័ន្ធ ដើម្បីទទួលបានព័ត៌មានជាក់លាក់អំពីអត្តសញ្ញាណ និងស្ថានភាពជម្ងឺរបស់ជនរងគ្រោះបាននៅឡើយទេ៕នាគស