ខេត្តសៀមរាប៖ ប្រទេសកម្ពុជាយើង នឹងមានព្រលានយន្តហោះថ្មីមួយទៀត នៅលើកោះរ៉ុង ដែលគ្រោងនឹងចំណាយថវិកាសាងសង់ប្រមាណ ៣០០លានដុល្លារ ដោយក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី សហការជាមួយអាកាសចរស៊ីវិលកម្ពុជា។
គម្រោងការអភិវឌ្ឍព្រលានយន្តហោះអន្តរជាតិនេះ រដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល និងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី នៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៣នេះ បានរៀបចំពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ (Acceptance of Master Plan) លើគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិអេកូទេសចរណ៍កោះរ៉ុង នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុង ក្រុងកោះរ៉ុង ខេត្តព្រះសីហនុ។
ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃកិច្ចព្រមព្រៀង និងទទួលស្គាល់ផែនការមេ គម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង បានធ្វើឡើងនៅសណ្ឋាគារ Cambodiana Hotel រាជធានីភ្នំពេញ ក្រោមអធិបតីភាពលោកបណ្ឌិត ម៉ៅ ហាវណ្ណាល់ រដ្ឋមន្រ្តីទទួលបន្ទុករដ្ឋលេខាធិការដ្ឋានអាកាសចរស៊ីវិល, លោក សុខ ចិន្តាសោភា រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គលេខាធិការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងអ្នកឧកញ៉ា គិត ម៉េង ប្រធានក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កោះរ៉ុង ឌីវេឡបមេន ខមភេនី។
យោងតាមលិខិតរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប បានឱដឹងថា តាមកិច្ចព្រមព្រៀងគម្រោងសាងសង់អាកាសយានដ្ឋានអន្តរជាតិកោះរ៉ុង (លំដាប់ 4C) នៅលើតំបន់អភិវឌ្ឍន៍កោះរ៉ុងនេះ ត្រូវចំណាយថវិកាប្រមាណ ៣០០លានដុល្លារ នឹងត្រូវបញ្ចប់ការសាងសង់ ក្នុងរយៈពេល៥ឆ្នាំ។
សូមបញ្ជាក់ថា វិស័យអាកាសចរស៊ីវិលកម្ពុជា បច្ចុប្បន្នមានការរីកចម្រើនជាលំដាប់ ដោយរាជរដ្ឋាភិបាល បានបន្តអភិវឌ្ឍសាងសង់ព្រលានយន្តហោះថ្មីៗជាបន្តបន្ទាប់ ជាក់ស្តែងមានដូចជា អាកាសយានដ្ឋានអន្តរជាតិតេជោភ្នំពេញថ្មី ដែលគិតមកដល់ពេលនេះ សាងសង់បានប្រមាណជាង ៤០ភាគរយ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ បច្ចុប្បន្នសាងសង់សម្រេចបានជាង ៦០ភាគរយហើយ៕សុខណា