រាជធានីភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់កាដូឆ្នាំថ្មីជូនអ្នកសារព័ត៌មាន online ធន់តូច នូវការលើកលែងលើ“ពន្ធប៉ាតង់” រយៈពេល ៥ឆ្នាំគិតចាប់ពីឆ្នាំ ២០២៣ រហូតដល់ឆ្នាំ ២០២៨ ឱ្យមកជាបន្ទុករបស់រដ្ឋ ហើយត្រូវឱ្យអង្គភាពសារព័ត៌មាន ទៅចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធ និងបញ្ចុះតម្លៃ៥០% នៃការសុំបន្តអាជ្ញាប័ណ្ណនិងស្នើសុំអាជ្ញាប័ណ្ណបើកអង្គភាពថ្មី គឺពី ៤០មុឺនរៀល មកត្រឹម ២០មុឺនរៀល និងពី ៨០មុឺនរៀល មកត្រឹម ៤០មុឺនរៀលវិញ។
សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ថ្លែងបែបនេះ ក្នុងឱកាសដែល សម្ដេច បានផ្ដល់មហាកិត្តិយស ជួបជុំនិងពិសារអាហារសាមគ្គី ជាមួយក្រុមអ្នកសារព័ត៌មាន មកពីអង្គភាពនានា ទូទាំងប្រទេសជិត ៥,០០០ នាក់ កាលពីរសៀលថ្ងៃទី ១៤ ខែមករា ឆ្នាំ ២០២៣ កន្លងទៅនេះ នៅសាលពិព័ណ៌កោះពេជ្រ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចបានពិភាក្សាជាមួយនឹងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការលើកលែង នូវពន្ធប៉ាតង់ឲ្យមកជាបន្ទុករបស់រដ្ឋរយៈពេល ៥ឆ្នាំ ក៏ពិតមែនប៉ុន្តែ ត្រូវឱ្យអង្គភាពសារព័ត៌មាន ទៅចុះបញ្ជីជាមួយក្រសួងពាក់ព័ន្ធឱ្យបានត្រឹមត្រូវ ដោយមិនអនុញ្ញាតឲ្យបើកអង្គភាព ដោយមិនមានច្បាប់ត្រឹមត្រូវនោះឡើយ៕នាគស