Saturday, November 23, 2024

បុរសម្នាក់បាត់ខ្លួន៤ថ្ងៃ ដល់ពេលប្រទះឃើញក្លាយជាសពអណ្ដែតទឹក 

ខេត្តសៀមរាប៖ សាកសពបុរសម្នាក់ ត្រូវបានគេប្រទះឃើញអណ្ដែតទឹកប្រឡាយ ជាប់ថ្នល់កៅស៊ូទៅភ្នំក្រោម ស្ថិតក្នុងភូមិក្រសាំងរលើង សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី០៨ ខែ មករា ឆ្នាំ ២០២៣។

សមត្ថកិច្ចឲ្យដឹងថា ប្រជាពលរដ្ឋបានរាយការណ៍ថាបានប្រទះឃើញ សាកសពអណ្ដែតទឹកត្រង់ចំណុចខាងលើ។ ភ្លាមនោះ កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប សហការជាមួយ កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ និង កម្លាំងរបស់ការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក បានចុះពិនិត្យករណីនោះផងដែរ។

សមត្ថកិច្ចបន្តថា សាកសពមានឈ្មោះ​ ហ៊ាន សាវួន ភេទប្រុស អាយុ ៣៤ឆ្នាំ មុខរបរកសិករ មានទីលំនៅ ភូមិតាហុក ឃុំត្រីញ័រស្រុពួក ខេត្តសៀមរាប ។

តាមការបំភ្លឺរបស់ឈ្មោះ ហ៊ាន សាវឿយ ភេទប្រុស អាយុ ២៩ឆ្នាំ (ត្រូវជាប្អូនបង្កើតរបស់សព) បានឲ្យដឹងថា នៅវេលាម៉ោង១៧ និង ៣៩នាទី ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២៣ បងប្រុសរបស់គាត់ មានឈ្មោះ ហ៊ាន សាវួន(សព) បានធ្វើដំណើរចេញពីផ្ទះនៅភូមិតាហុក ឃុំត្រីញ័រស្រុកពួក ដើម្បីចូលរួមក្នុងពីធីមង្គលការរបស់មិត្តភក្ដិ ស្ថិតនៅភូមិក្របីរៀល សង្កាត់ក្របីរៀល ធ្វើដំណើរដោយម៉ូតូមួយគ្រឿងម៉ាកហុងដាទ្រីម សរ១២៥ សេរីឆ្នាំ២០១៧ ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1Y-8230 បន្ទាប់មកក៏មិនឃើញត្រឡប់ទៅផ្ទះវិញ ចំណែកទូរស័ព្ទក៏ទំនាក់ទំនងមិនបាន ទើបពួកគាត់បានបង្ហោះផ្សព្វផ្សាយស្វែងរកតាមបណ្ដាញសង្គម facebook។ លុះវេលាម៉ោង១០និង៣០នាទី ថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៣ គាត់ក៍បានទទួលទូរស័ព្ទពីសមត្ថកិច្ចថា ប្រទះឃើញសពរបស់បងប្រុសខ្លួននៅក្នុងទឹកប្រឡាយចំណុចកន្លែងកើតហេតុខាងលើ ពេលខ្លួនមកដល់ពិនិត្យជាក់ស្តែងសពនោះ ពិតជាបងប្រុសបង្កើតរបស់ខ្លួនពិតប្រាកដមែន។

សមត្ថកិច្ចបានបញ្ជាក់ថា ដោយយោងតាមការបំភ្លឺពីសាក្សី ការពិនិត្យកន្លែងកើតហេតុ ពិនិត្យសាកសព  និង ផ្អែកតាម គ្រូពេទ្យកោសល្យវិច្ច័យខេត្តសៀមរាបបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយ​​សារ គ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង បណ្ដាលឲ្យបាក់ក និងឈ្លក់ទឹក។

សមត្ថកិច្ចបញ្ជាក់បន្ថែមថា ដោយសារករណីខាងលើជាករណីគ្រោះថ្នាក់ចរាចរ ដូច្នេះត្រូវប្រគល់ជូនការិយាល័យនគរបាលចរាចរណ៍ផ្លូវគោកដើម្បីបន្តនីតិវិធី៕នាគស

 

 

 

 

ព័ត៌មានពេញនិយម