ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចជំនាញបានឲ្យដឹងថា ការរុករកត្រូវបានប្រទះឃើញសាកសពចំនួន ២៦នាក់ និងអ្នករបួស ៥៨នាក់ ក្នុងសោកដនាថកម្ម អគ្គិភ័យឆេះកាស៊ីណូ ហ្គ្រេនដាយមិន ដោយគិតត្រឹមល្ងាចថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២២នេះ។
សមត្ថកិច្ចបានបន្តថា ការរុករកបានបិទបញ្ចប់ហើយ ដោយមានការចូលរួមពីក្រុមជំនាញរុករក កម្ពុជានិងថៃជាង ១០០០នាក់ និងប្រើរយៈពេល ប្រមាណជិត ៤០ម៉ោង។
ជំនាញបញ្ជាក់ថា សោកដនាថកម្ម អគ្គិភ័យឆាបឆេះកាស៊ីណូ ហ្គ្រេនដាយមិន និងកាស៊ីណូប៉ោយប៉ែតរីសត ដែលបានបណ្តាលឲ្យមានមនុស្សស្លាប់នេះ មិនមានប្រជាពលរដ្ឋខ្មែរនោះទេ ដោយជនរងគ្រោះភាគច្រើនជាជនជាតិថៃ។
សូមបញ្ជាក់ជួនផងដែលថា អគារកាស៊ីណូប៉ោយប៉ែតរីសត និងកាស៊ីណូហ្គ្រេនដាយ ម៉ិន ស៊ីធី ត្រូវបានអគ្គភ័យឆេះទាំងស្រុង ដោយសារការឆ្លងចរន្តអគ្គីសនី នោះ ស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីម៉ោងជាង ២២ និង ៣០នាទី កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។
ទោះបីជាយ៉ាងណា សមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់ទំហំនៃការខូចខាត នៃសោកនាដកម្ម ដែលមានអគ្គីភ័យឆាប់ឆេះ អគារកាស៊ីណូប៉ោយប៉ែតរីសត និងកាស៊ីណូហ្គ្រេនដាយ ម៉ិន ស៊ីធី បាននៅឡើយទេ៕នាគស