Saturday, November 23, 2024

មន្ត្រីនគរបាលម្នាក់ ត្រូវបានស្លាប់បន្ទាប់ពី ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាញ់តដៃ

រាជធានីភ្នំពេញ៖ (ព័ត៌មានបឋម) មន្ត្រីនគរបាលម្នាក់ ត្រូវបានស្លាប់បន្ទាប់ពី ក្រុមឧក្រិដ្ឋជនគ្រឿងញៀនបាញ់តដៃ ក្នុងការចុះបង្ក្រាបមួយ ដែលធ្វើឡើងដោយ សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ នៅចំណុចស្តុបផ្លូវ៥០ កែង៦០ម៉ែត្រ ជាប់ព្រុំប្រទល់បីគឺ ជាប់ក្រុងតាខ្មៅ ខណ្ឌមានជ័យ និងកន្លែងកើតហេតុ ខណ្ឌដង្កោ កាលពីវេលាម៉ោង ១៩ និង ៣០នាទី ព្រលប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២។

ប្រភពអោយដឹងថា ប្រតិបត្តិការចុះបង្ក្រាបគ្រឿងញៀននោះមានការផ្ទុះអាវុធជាច្រើនគ្រាប់ ពីសំណាក់សមត្ថកិច្ច នៃមន្ទីរប្រឆាំងគ្រឿងញៀន អគ្គស្នងការដ្ឋាននគរបាលជាតិ បើកការចុះបង្ក្រាបក្រុមជួញដូរគ្រឿងញៀនមួយក្រុមធំ រហូតមានការផ្ទុះអាវុធតបតគ្នា បណ្តាលអោយ មន្ត្រីនគរបាលម្នាក់បានស្លាប់ នៅវេលាម៉ោង ១៩ និង៣០នាទីយប់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២នេះ ។

ប្រភពបានបន្តថា បន្ទាប់ពីមានការផ្ទុះអាវុធ ដែលបណ្ដាលឲ្យ សមត្ថកិច្ចម្នាក់បានស្លាប់បាត់បង់ជីវិតរួចមក មានរថយន្ដជនសង្ស័យ០១គ្រឿង មានម៉ាកអាល់ហ្វាត ពណ៌ស ផ្លាកកលេខ ភ្នំពេញ 2BG-0366 ព្យាយាមបើករត់គេចចេញ។ ដោយជំនាញបានប្រកាសតាមវិទ្យុទាក់ទង ឲ្យកម្លាំងសមត្ថកិច្ចពង្រាយកម្លាំងជួយតាមចាប់រថយន្ត ហើយឃាត់រថយន្តក្រុមជនសង្ស័យមួយក្រុមខាងលើ។

ប្រភពបញ្ជាក់ថា លុះសមត្ថកិច្ចខាងមន្ទីរជំនាញ ដេញរថយន្តជនសង្ស័យខាងលើ រហូតដល់ចំណុចស្តុបផ្លូវ៦០ម៉ែត្រ កែង៥០ម៉ែត្រ ក៏ត្រូវសមត្ថកិច្ចខណ្ឌដង្កោ សហការនិងស្ទាក់ឃាត់បានរថយន្តខាងលើ ០១គ្រឿង រួមជាមួយនិង មនុស្សចំនួន ០៣នាក់ផងដែរ។

ទោះបីជាយ៉ាងណាសមត្ថកិច្ចនៅពុំទាន់អាចបញ្ជាក់អំពីអត្តសញ្ញាណរបស់ជនសង្ស័យ រួមនិងវត្ថុតាងបទល្មើសគ្រឿងញៀន ថាមានទំហំប៉ុណ្ណាបាននៅឡើយទេ៕នាគស

ព័ត៌មានពេញនិយម