រាជធានីភ្នំពេញ៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មានបំណងចុងក្រោយ បណ្តុះបណ្តាល គីមហុង ឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្ត ដែលមានគុណភាពខ្ពស់ឲ្យខានតែបាន ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងគ្រួសារ។ នេះបើយោងសំណេរ នៅលើហ្វេសប៊ុកផ្លូវការរបស់ សម្ដេច កាលពីរសៀលថ្ងៃទី ២៤ ខែធ្នូឆ្នាំ ២០២២នេះ។
សម្ដេចតេជោ ហ៊ុន សែន បានរំលេចក្នុងសំណេរយ៉ាងដូច្នេះថា៖ “ល្ងាចនេះឆ្លៀតជួបចៅ ហុី ទៀងគីមហុង ដែលប្រឡងជាប់បាក់ឌុបនិទេ្ទស “C” ក្នុងវ័យ១៣ឆ្នាំ៣ខែ៥ថ្ងៃ ដើម្បីពិភាក្សាជាមួយឳពុកម្តាយនិងចៅសម្រាប់ការសិក្សានៅមហាវិទ្យាល័យ។សម្ដេចតេជោ បានបន្តថា៖ “ខ្ញុំបានសម្រេចបំណងទីមួយរបស់ខ្ញុំគឺបានធ្វើឲ្យ គីមហុង ជាប់បាក់ឌុបដែលក្មេងជាងគេនៅកម្ពុជា”។
សម្ដេចតេជោ បានបញ្ជាក់ក្នុងសំណេរដ៏មានអត្ថន័យថា៖ “បំណងបន្តរបស់ខ្ញុំគឺជួយ គីមហុង ឲ្យជាប់បរិញ្ញាបត្រ និងបញ្ញាបត្រជាន់ខ្ពស់ដែលក្មេងជាងគេ និងមានសមត្ថភាពល្អនាពេលខាងមុខ។
បំណងចុងក្រោយរបស់ខ្ញុំគឺបណ្តុះបណ្តាលគីមហុង ឲ្យជាប់ថ្នាក់បណ្ឌិតខាងវិទ្យាសាស្រ្តដែលមាន គុណភាពខ្ពស់ឲ្យខានតែបាន ដើម្បីរួមចំណែកកសាងប្រទេសជាតិនិងគ្រួសារ”។
សូមជម្រាបជូនផងដែរថា កុមារា ហ៊ី ទៀងគីមហុង កើតនៅថ្ងៃទី ៣០ ខែសីហាឆ្នាំ ២០០៩ នៅភូមិត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគីរីវង្ស ខេត្តតាកែវ សព្វថ្ងៃមានអាយុ ១៣ ឆ្នាំ មានឪពុកឈ្មោះ ហុី ចាន់ជួង អាយុ ៥៦ ឆ្នាំមុខរបរបុគ្គលិកធនាគារចូលនិវត្តន៍ និងម្ដាយឈ្មោះ នៅ សុខភួង អាយុ ៥៤ ឆ្នាំមានមុខរបរជាគ្រូបង្រៀន នៅនាយកដ្ឋានបណ្ដុះបណ្ដាលវិក្រិតការ រាជធានីភ្នំពេញ។
គឹមហុង មានបងប្អូនប្រុសចំនួនពីរនាក់ បច្ចុប្បន្នគឹមហុងរស់នៅផ្ទះ ២៤A ភូមិដំណាក់ធំ ៥ សង្កាត់ស្ទឹងមានជ័យ ៣ ខណ្ឌមានជ័យរាជធានីភ្នំពេញ។
បើតាមការបញ្ជាក់ពីក្រុមគ្រួសារបានឲ្យដឹងថា ចាប់ពីពេល គឹមហុង ចាប់បដិសន្ធិឡើងធ្វើឲ្យក្រុមគ្រួសារមានភាពសំបូរសប្បា ចម្រុងចម្រើន នៅពេលដែល គីមហុង ដឹងក្ដី ចេះរៀបអក្សរក្រុមទាំងខ្មែរ និងអង់គ្លេស ចេះអានអក្សរពាក្យរាជសព្ទ បាលី សំស្ក្រឹត និងពេលគឹមហុងអាយុ ២ ឆ្នាំ ចេះអានសារជូនពរ និងសាររំលែកទុក្ខអតីតព្រះមហាក្សត្រនៅពេលអាយុ៣ឆ្នាំ ដោយមិនមានអ្នកបង្រៀនឡើយ។នៅអាយុប្រាំពីរឆ្នាំគីមហុងចូលរៀននៅថ្នាក់ទី 6 នៃសាលាបឋមសិក្សា ហ៊ុន សែន អនុវត្តខេត្តតាកែវ នៅទីនោះគឹមហុងចេះអានចេះសរសេរនិងចេះធ្វើលំហាត់គណិតវិទ្យាថ្នាក់ទី៤ដល់ថ្នាក់ទី៧ ព្រមទាំងចេះស្រាវជ្រាវនិងពិសោធន៍ដោយមើលតាមអ៊ីនធឺណិតនិង youtube។ កាលពីថ្ងៃទី ០៥ ខែមីនាឆ្នាំ ២០១៧ ជំនួយការរបស់សម្ដេចតេជោបានជួបជាមួយនឹងកំហុង និងបានធ្វើតេស្តសមត្ថភាព ដោយការអានសារជូនពរសម្ដេចតេជោ អានភាសាអង់គ្លេស ធ្វើតេស្តលំហាត់គណិតវិទ្យាថ្នាក់ទី ៤ ថ្នាក់ទី ៧ និងប្រើប្រាស់កុំព្យូទ័រស្រាវជ្រាវឯកសារតាមរយៈប្រព័ន្ធអ៊ីនធឺណិត google។ កាលពីថ្ងៃទី ១៥ ខែកក្កដាឆ្នាំ ២០១៧ ឯកឧត្តម ដួង តារា ជំនួយការផ្ទាល់របស់សម្ដេចតេជោ បានចុះទៅជួបផ្ទាល់ជាមួយគីមហុងជាលើកទី 2 នៅនីវេសនដ្ឋានគ្រូបង្រៀន នៃសាលាគរុគកោសល្យវិក្រិតការខេត្តតាកែវ ដែលបានធ្វើតេស្តសមត្ថភាព គីមហុង នៅមុខវិជ្ជាគណិតវិទ្យាថ្នាក់ទី ១០ ថ្នាក់ទី ១២ ដែលនៅពេលនោះគឹមហូបមានអាយុត្រឹមតែ ៧ ឆ្នាំប៉ុណ្ណោះអាចធ្វើលំហាត់លោកបាន។នៅថ្ងៃទី១៧ខែកក្កដាលឆ្នាំ ២០១៧ សម្ដេចតេជោហ៊ុនសែនបានអនុញ្ញាតឲ្យ គីមហុង និងក្រុមគ្រួសារ ជួបផ្ទាល់ដោយបានធ្វើតេស្តគណិតវិទ្យា និងវិធីសាស្ត្រស្រាវជ្រាវ ទីតាំងភូមិសាស្ត្រ ផែនទីលើ google map នឹងឲ្យនិយាយភាសាអង់គ្លេសជាមួយចៅស្រីរបស់សម្ដេច។
ដោយមើលឃើញពីសមត្ថភាពខ្ពស់របស់ គីមហុង នៅខែសីហា ឆ្នាំ២០១៧ សម្ដេចតេជោនិងក្រុមគ្រួសារ បានធ្វើអំណោយផ្ទះមួយខ្នង នៅស្ទឹងមានជ័យ ដើម្បីគេបងមានឱកាសបន្តការសិក្សានៅភ្នំពេញ រួមទាំងប្រាក់ឧបត្ថម្ភប្រចាំឆ្នាំមួយចំនួនទៀតផងដែរ។នៅថ្ងៃទី ០៨ ខែសីហាឆ្នាំ ២០១៧ គីមហុង ទទួលបានអាហារូបករណ៍រៀនថ្នាក់ទី ៨ នៅសាលាបែលធីអន្តរជាតិ នៅអាយុត្រឹមតែ ៨ ឆ្នាំ ហ្នឹងបានបន្តការសិក្សាថ្នាក់ចំណេះទូទៅរហូតដល់ថ្នាក់ទី ១២ ព្រមទាំងបានប្រឡងបាក់ឌុបកាលពីថ្ងៃទី ៥ ទី ៦ ខែធ្នូឆ្នាំ ២០២២ កន្លងទៅនេះ។
គីមហុង ក៏បានទទួលអាហារូបករណ៍ថ្នាក់ភាសាអង់គ្លេសចាប់ពីថ្នាក់ទី១ ដល់ឡាថ្នាកទី ១២ របស់សាលាប៊ែលធីផងដែរ។
ដូច្នេះប្រសិនបើ គីមហុង បញ្ចប់ថ្នាក់បណ្ឌិតតាមការគ្រោងទុករបស់ សម្ដេចតេជោ នោះ គីមហុង និងមានអាយុត្រឹមតែ២៣ ឆ្នាំ តែប៉ុណ្ណោះ ដែលអាចនិយាយបានថា គីមហុង គឺជាបណ្ឌិតដែលមានអាយុក្មេងជាងគេបំផុតនៅលើពិភពលោក។
សូមបញ្ជាក់ផងដែរថា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងធានារាល់ការចំណាយចំពោះការសិក្សារបស់គីមហុងទាំងអស់៕នាគស