ខេត្តព្រះវិហារ៖ កម្មកររ៉ែមាសចំនួន ០៣នាក់ បានស្លាប់ភ្លាមៗ បន្ទាប់ពីឆ្លងចរន្តខ្សែភ្លើងឆក់ ខណៈពួកគេកំពុងបំពេញកិច្ចការងារជូនថៅកែ។
ហេតុការណ៍នេះ បានកើតឡើង នៅចំណុចរុករករ៉ែមាសតំបន់ភ្នំអន្លុង ភូមិរំដេង ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ កាលពីល្ងាចថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២២កន្លងទៅ។
ប្រភពបានឱ្យដឹងថា ជនរងគ្រោះទាំង៣នាក់
ទី១).ឈ្មោះ ទាវ បុរី ភេទប្រុស អាយុ៣៧ឆ្នាំ មុខរបរកម្មកររ៉ែមាស។
២).ឈ្មោះ យ៉ន យឿន ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរកម្មកររ៉ែមាស អ្នកទាំង២ នៅភូមិ ត្រពាំងទឹម ឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។
ដោយឡែកជនរងគ្រោះម្នាក់ទៀត មិនត្រូវបានស្គាល់អត្តសញ្ញាណនោះឡើយ។
ប្រភពពីកន្លែងកើតហេតុ បានអោយដឹងថា កន្លងមកជនរងគ្រោះទាំង០៣នាក់ដែលបានស្លាប់ រួមនិងកម្មករដទៃទៀត បានមកសុីឈ្នួល រុករកជីករ៉ែមាស យ៉ាងអនាធិបតេយ្យ ឱ្យថៅកែ ឈ្មោះ ធា នឹងឈ្មោះ ឆយ អស់រយៈពេលជាយូមកហើយ និងគ្មានច្បាប់អនុញ្ញាតិនោះទេ។
ប្រភពបានបន្តថា នៅពេលកើតហេតុ ក្រុមកម្មករបានបញ្ឆេះម៉ាស៊ីនភ្លើង ដើម្បីប្រើម៉ូទ័រ កាត់និងបុកបំបែក កម្ទេចថ្មដូចសព្វដង។
លុះស្រាប់តែភ្លាត់ស្នៀត ឆ្លងចរន្តខ្សែភ្លើង ឆក់ពួកគេស្លឺភ្នែក ភ្លាមនោះកម្មករផ្សេងទៀត បានរត់ទៅពន្លត់ម៉ាសុីនភ្លើង ហើយជួយធ្វើចលនាបេះដូង អោយជនរងគ្រោះ។
ប្រភពបញ្ជាក់ថា ដោយស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះទាំង ០៣នាក់ បានស្លាប់នៅកន្លែងតែម្ដង។
បន្ទាប់ពីកើតហេតុ ក្រុមគ្រួសារជនរងគ្រោះក៏បានយកសព ទៅធ្វើបុណ្យតាមប្រពៃណី ដោយមិនដឹងថា ការដោះស្រាយសំណង និងទទួលខុសត្រូវ របស់ម្ចាស់អណ្ដូងរ៉ែ ទាំង ០២នាក់ខាងលើយ៉ាងដូចម្ដេច ជូនក្រុមគ្រួសារនៃសពនៅឡើយ។
ប្រជាពលរដ្ឋ បានគោរពធ្វើការសំណូមពរ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា មេត្តាចាត់បញ្ជូនក្រុមអធិការកិច្ច ចុះពិនិត្យមើលតំបន់ខាងលើ ដែលប្រជាពលរដ្ឋលើកឡើងថា បាននឹងកំពុងធ្វើអាជីវកម្មរ៉ែមាស ដោយមិនមានច្បាប់អនុញ្ញាតត្រឹមត្រូវ អំពីក្រសួងពាក់ព័ន្ធនោះផង។ បើមិនដូច្នោះទេ ធនធានធម្មជាតិ ដ៏មានតម្លៃរបស់ជាតិ និងរងការបំផុតបំផ្លាញគ្មានសល់នោះឡើង៕សុខណា