Friday, November 22, 2024

ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ស្តេចយាងមកទឹកដីអង្គរ សម្ពោធមណ្ឌលព្រះកម្មដ្ឋាន

ខេត្តសៀមរាប៖ ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា បានសព្វព្រះរាជប្ញទ័យ ស្តេចយាងមកទឹកដីអង្គរ សម្ពោធ “មណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី” ស្ថិតនៅក្នុងភូមិគោកបេង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរា កាលពីព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២។

នាឱកាសនោះ សម្តេចអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បួរ គ្រី សម្តេចព្រះមហាសង្ឃរាជ នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា បានមានបន្ទូលថា មណ្ឌលព្រះកម្មដ្ឋាន ព្រះករុណា​ព្រះមហាក្សត្រ សីហមុនី នេះអាចសាងសង់ឡើងបានអស្រ័យដោយមានការចូលរួម​ពីសំណាក់​ពុទ្ធបរិស័ទ​ពីគ្រប់ទិសទី។

សម្តេចមានព្រះបន្ទូលបន្តថា មណ្ឌលនេះ នឹងបម្រើផលប្រយោជន៍ព្រះពុទ្ធសាសនា និងសង្គមជាតិទាំងមូលដ៏ធំធេង ស្របតាមមាគ៌ានយោបាយរបស់សម្តេចប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

សម្តេចព្រះអភិសិរីសុគន្ធាមហាសង្ឃរាជាធិបតី បួរ គ្រី មានព្រះបន្ទូលទៀតថា បន្ទាប់ពីព្រះករុណា​ជាអម្ចាស់យាង កាត់ខ្សែមង្គល ខ្សែបូដាក់ឱ្យប្រើប្រាស់ មណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី នេះ នឹងជួយអប់រំមនុស្សគ្រប់វ័យលើផ្នែកចិត្តវិញ្ញាណ ដែលជាមូលដ្ឋានជីវិតមួយដ៏សំខាន់​នៅក្នុងការគ្រប់គ្រងសរីរាង្គកាយរបស់មនុស្សទាំងមូល។

យាងក្នុងព្រះកិត្តិនាម ព្រះករុណា ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ព្រះអង្គបានមានព្រះរាជបន្ទូលថា “មណ្ឌលព្រះកម្មដ្ឋាន ព្រះករុណាព្រះមហាក្សត្រ សីហមុនី” នេះ ជាកន្លែងសម្រាប់អប់រំចិត្តរបស់ពុទ្ធបរិស័ទ ហើយវានឹងផ្តល់នូវ​ភាពកក់ក្តៅដល់ពុទ្ធបរិស័ទទាំងឡាយ ដែលប្រាថ្នានូវសេចក្តីសុខតាមរយៈព្រះធម៌ដ៏ឧត្តុង្គឧត្តម ដែល​ព្រះសម្មាសម្ពទ្ធព្រះបរមគ្រូនៃយើង ដែលព្រះអង្គបានផ្តល់ឱវាទ គឺមិនមានសេចក្តីសុខណា​ស្មើសេចក្តី​ស្ងប់ឡើយ។

ព្រះករុណាជាអម្ចាស់ជីវិតតម្កល់លើត្បូង ទ្រង់មានព្រះរាជបន្ទូលទៀតថា សេចក្តីស្ងប់​ជាសេចក្តីសុខដ៏ប្រសើរបំផុត សម្រាប់អប់រំផ្លូវចិត្តចំពោះពុទ្ធបរិស័ទដែលប្រតិបត្តិ​យ៉ាងខ្ជាប់ខ្ជួន​តាមព្រះធម៌វិន័យ។

សូមបញ្ជាក់ថា វិស័យព្រះពុទ្ធសាសនា អប់រំសិក្សាធិការ សង្គមកិច្ច និងការងារកិច្ចការបរទេស នាពេល​កន្លងមក ពិតជាបានរួមចំណែកយ៉ាងសំខាន់ ក្នុងការលើកកម្ពស់កិត្យានុភាព របស់ព្រះរាជាណាចក្រកម្ពុជា ការស្តារ ការអភិវឌ្ឍ ការកែទម្រង់រដ្ឋស៊ីជម្រៅលើគ្រប់វិស័យ ដើម្បីកំណើនការងារ សមធម៌ និងប្រសិទ្ធភាព ក្នុងការកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ការលើកកម្ពស់សុខុមាលភាព និងជីវភាពរស់នៅរបស់​ប្រជាពលរដ្ឋ ដែលបានធ្វើឱ្យមាតុភូមិអង្គរ ជាទីស្នេហាមានការរីកចម្រើនជឿនលឿនយ៉ាងឆាប់រហ័ស៕នាគស

ព័ត៌មានពេញនិយម