Saturday, November 23, 2024

ឃាត់ខ្លួនជនជាតិចិន ៤នាក់ និងជនជាតិខ្មែរម្នាក់ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងករណីបង្កៃគ្រាប់បែក កណ្ដាលក្រុងភ្នំពេញ

ភ្នំពេញ៖ កម្លាំងនគរបាលឃាត់ខ្លួនជនជាតិចិន ៤នាក់ និងជនជាតិខ្មែរម្នាក់ ដោយសង្ស័យថា ជាប់ពាក់ព័ន្ធនឹងករណីបង្កៃគ្រាប់បែកមួយគ្រាប់ នៅមុខក្រុមហ៊ុនណាហ្គាវើលដ៍ កាលពីព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ ម្សិលមិញ ។

ឧត្តមសេនីយ៍ឯក ឆាយ គឹមខឿន អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ បានឱ្យដឹងថា ជនសង្ស័យទាំង៥នាក់ ត្រូវបានឃាត់ខ្លួនដោយកម្លាំងអធិការដ្ឋាននគរបាលខណ្ឌចំការមន សហការជាមួយកម្លាំងនាយកដ្ឋាន នគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃ នៅចំណុចផ្ទះលេខ១៩ បូរីប៉េងហួត បឹងស្នោ ផ្លូវM-០២ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញកាលពីព្រឹកថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២។

លោកឧត្តមសេនីយ៍ឯកបានបន្តថា ក្នុងប្រតិបត្តិការនេះ ឃាត់ខ្លួនបានជនសង្ស័យចំនួន ០៥ នាក់ក្នុងនោះរួមមាន ជនជាតិចិនចំនួន ០៤នាក់ ទី១ ឈ្មោះ YANG JIAKANG ភេទប្រុស អាយុ ២៦ឆ្នាំ (អ្នកបើករថយន្ត), ទី២-ឈ្មោះ TU LINAN ភេទស្រី អាយុ ២៣ឆ្នាំ, ទី៣ ឈ្មោះ YANG YUDONG ភេទប្រុស អាយុ ២៥ឆ្នាំ, ទី៤ ឈ្មោះ CHEN DI ភេទប្រុស អាយុ ២៩ឆ្នាំ និងជនជាតិខ្មែរម្នាក់មានឈ្មោះ សួង ស្រីអូន ភេទស្រី អាយុ ៣៦ឆ្នាំ និងដកហូតវត្ថុតាង រថយន្ត ០១គ្រឿង ម៉ាក LANG ROVER DEFENDER ពណ៌ស្លែ ស៊េរីឆ្នាំ ២០២១ ពាក់ផ្លាកលេខ កម្ពុជា-LC.9888 ។

អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិបានបញ្ជាក់ថា បច្ចុប្បន្ន ជនសង្ស័យទាំង ៥នាក់ រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃចាត់ការបន្តតាមនីតិវិធី។

សូមរំលឹកផងដែរថា មានករណីមានគ្រាប់បែកបង្កៃ ០១គ្រាប់ ដែលត្រូវបានអ្នកថែសួន​ប្រទះឃើញដាក់ជាប់ជាមួយនំខេក នៅលើផ្លូវរដ្ឋសភា មុខក្រុមហ៊ុនណាហ្គាវើលដ៍២ ស្ថិតក្នុងភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ បានបង្កការភ្ញាក់ផ្អើល ដល់សមត្ថកិច្ចនិងបងប្អូនប្រជាពលរដ្ឋទូទាំងព្រះរាជធានីភ្នំពេញ ប្រញាប់រាយការណ៍ដល់កងកម្លាំងជំនាញចម្រុះជាច្រើននាក់ រួមទាំងមានកម្លាំងជំនាញដោះមីន CMAC ចុះមកហ៊ុំព័ទ្ធទីតាំងកើតហេតុ និងធ្វើការបំផ្ទុះគ្រាប់នោះនៅនឹងកន្លែង កាលពីព្រឹក ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០២២ កន្លងទៅ។

សូមបញ្ជាក់ថា ទោះបីជាយ៉ាងណា ក្នុងហេតុការណ៍នេះគ្មាននរណាម្នាក់ របួសឬគ្រោះថ្នាក់ដល់ជីវិតនោះឡើយ ខណៈនោះផងដែរសមត្ថកិច្ចជំនាញ បានបើកការស្រាវជ្រាវ រហូតស្វែងរក និងឃាត់ខ្លួនបានជនសង្ស័យចំនួន០៥នាក់ខាងលើយកមកចាត់ការតាមច្បាប់។

ទោះបីជាយ៉ាងណា អគ្គស្នងការរង និងជាអ្នកនាំពាក្យអគ្គស្នងការដ្ឋាននគរបាលជាតិ នៅពុំទាន់អាចបញ្ជាក់លំអិតបានថា និងមានចំណាត់ការតាមនីតិវិធីដូចម្ដេចនៅឡើយទេ ដោយសាររឿងក្ដីនេះ ស្ថិតក្នុងការស៊ើបអង្កេតបន្ថែមនៅឡើយ៕នាគស

សូមទស្សនាវីដេអូខាងក្រោម៖

 

ព័ត៌មានពេញនិយម