ខេត្តសៀមរាប៖ ពិតជាដំណឹងល្អខ្លាំងណាស់ កម្ពុជាមានវត្តមាន សត្វទាព្រៃស្លាបស ជាប្រភេទសត្វកម្រ ដែលជិតផុតពូជពីលើពិភពលោកយើងនេះទៅហើយ។
ឯកឧត្តម នេត្រ ភក្ត្រា រដ្ឋលេខាធិការ និងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានឱ្យដឹងថា យោងតាមការសិក្សារបស់អ្នកជំនាញ បច្ចុប្បន្ននេះ កម្ពុជាមានទាព្រៃស្លាបសដែលជាប្រភេទសត្វកម្ររងគ្រោះថ្នាក់ជិតផុតពូជលើពិភពលោកស្ថិតនៅក្នុងបញ្ជីក្រហមរបស់អង្គការ IUCN ចន្លោះពី ២០ ទៅ ៣០ ក្បាល។
ឯកឧត្តម រដ្ឋលេខាធិការនិងជាមន្ត្រីនាំពាក្យក្រសួងបរិស្ថានបានបន្តថា ជាដំណឹងដ៍ល្អដែលវត្តមានសត្វទាព្រៃស្លាបសនៅកម្ពុជា បានធ្វើឱ្យកម្ពុជាគឺជាប្រទេសមួយក្នុងចំណោមប្រទេសចំនួន៩ ក្នុងទ្វីបអាស៊ី ដែលមានវត្តមានទាព្រៃស្លាបសរស់នៅ។
ឯកឧត្តមបញ្ជាក់ថា បើយោងតាមរបាយការណ៍សិក្សា ទាព្រៃស្លាបសមានចំនួនតិចជាង ១០០០ក្បាលតែប៉ុណ្ណោះ នៅលើពិភពលោក និងមានវត្តមានតិចតួចរស់នៅក្នុងប្រទេសកម្ពុជា។ ទាព្រៃស្លាបសចូលចិត្តធ្វើសំបុកនៅក្នុងរន្ធឈើ នៅលើដើមឈើចាស់ៗតែប៉ុណ្ណោះ៕នាគស