ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជាចាកចេញពីទីក្រុងព្រុចសែល ប្រទេសបែលហ្សិក មកកាន់មាតុប្រទេសវិញហើយ បន្ទាប់ពីបានអញ្ជើញបំពេញការងាររយៈពេល៥ថ្ងៃនៅតំបន់អឺរ៉ុប នៅម៉ោង៩ និង០០នាទីព្រឹក ថ្ងៃទី១៥ ខែធ្នូ ២០២២ ម៉ោងនៅទីក្រុងព្រុចសែល ប្រទេសបែលហ្ស៊ិក ត្រូវនឹងម៉ោង១៥ និង ០០នាទីរសៀលម៉ោងនៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា ។
គេឃើញមានវត្តមានមន្ត្រីថ្នាក់ដឹកនាំ បានអញ្ជើញជូនដំណើរ សម្ដេចតេជោ នាយករដ្ឋមន្ត្រី និងគណៈប្រតិភូនៅអាកាសយានដ្ឋានអន្តរជាតិទីក្រុងព្រុចសែល មានថ្នាក់ដឹកនាំសហភាពអឺរ៉ុប ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសបែលហ្សិក និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀត។
សូមជម្រាបថា សម្ដេចតេជោ នាយករដ្ឋមន្ត្រី បានអញ្ជើញមកកាន់តំបន់អឺរ៉ុប គឺដើម្បីធ្វើជាសហប្រធាននៃកិច្ចប្រជុំកំពូលរំលឹកខួបអនុស្សាវរីយ៍អាស៊ាន-សហភាពអឺរ៉ុប និងដើម្បីអបអរសាទរខួប៥៤ ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-សហភាពអឺរ៉ុប ដែលកិច្ចប្រជុំនេះបានធ្វើឡើង កាលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ម្សិលមិញ នៅទីក្រុងព្រុចសែល ទទួលបានការសាទរ និងលទ្ធផលផ្លែផ្កាល្អត្រចះត្រចង់ ដែលនាំមកនូវមោទកភាព ជូនប្រជាជាតិកម្ពុជាទូទាំងប្រទេស។
ក្រៅពីអញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ សម្ដេចតេជោ ក៏មានជំនួបជាមួយថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតផងដែរ៕នាគស