Friday, November 22, 2024

គិតត្រឹមថ្ងៃនេះ រមណីយដ្ឋានអង្គរ ត្រូវបានដាក់បញ្ចូលជាបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ បាន៣០ឆ្នាំហើយ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២២)

ខេត្តសៀមរាប៖ ស្របតាមព្រះរាជតម្រិៈដ៏ថ្លៃថ្លា និងឈ្លាសវៃបំផុត នៃព្រះករុណា ព្រះបាទសម្តេចព្រះ នរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតាឯករាជ្យ បូរណភាពដែនដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា មគ្គុទេសក៍ដ៍ឆ្នើម បានសម្រេចការដាក់រមណីយដ្ឋានអង្គរ បញ្ចូលក្នុងបញ្ជីសម្បត្តិបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ កាលពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក ដែលធ្វើឲ្យប្រជាជាតិខ្មែរគ្រប់រូប មានមោទកភាពក្រៃលែង។

ថ្ងៃនេះ គឺជាខួបលើកទី៣០ឆ្នាំ នៃការដាក់បញ្ចូលរមណីយដ្ឋានអង្គរក្នុងបញ្ជីបេតិកភណ្ឌពិភពលោក របស់អង្គការយូណេស្កូ (១៤ ធ្នូ ១៩៩២ – ១៤ ធ្នូ ២០២២)។ នេះគឺជាការរំឭកស្មារតីកូនខ្មែរគ្រប់រូបឲ្យចេះស្រឡាញ់និងចូលរួមថែរក្សាបេតិកភណ្ឌជាពិសេសគឺសម្តែងនូវការដឹងគុណដ៏ជ្រាលជ្រៅដល់បុព្វបុរសខ្មែរដែលបានពលិកម្មដើម្បីបុព្វហេតុអារ្យធម៌ដ៏រុងរឿងរបស់ខ្មែរនាសម័យអតីតកាលនិងការតស៊ូជាបន្តបន្ទាប់របស់ថ្នាក់ដឹកនាំប្រទេសក្នុងការជម្នះរាល់ឧបសគ្គទាំងឡាយការពារឲ្យបាននូវសម្បត្តិបេតិកភណ្ឌដ៏មានតម្លៃរបស់ជាតិ និងពិភពលោកទាំងមូល។ អាជ្ញាធរជាតិអប្សរា ប្រារព្ធពិធីបើកព្រឹត្តិការណ៍«រំលឹកគុណអង្គរ» ដោយមានធ្វើពិធីបួងសួងប្រារព្ធបើកព្រឹត្តិការណ៍រំលឹកគុណអង្គរ និងរាប់បាត្រព្រះសង្ឃចំនួន១៣០អង្គ នៅមុខប្រាសាទអង្គរវត្ត ក្រោមអធិបតីដ៏ខ្ពង់ខ្ពស់របស់លោកជំទាវ កិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សរា ព្រមទាំងឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសជាតិ-អន្តរជាតិ ដ៏ច្រើនកុះករ កាលពីព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា បានបញ្ជាក់ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ ប្រារព្ធធ្វើឡើងក្នុងគោលបំណង ដើម្បីអបអរសាទរខួបទី៣០ឆ្នាំ នៃការចុះរមណីយដ្ឋាអង្គរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ១៩៩២-ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ ក៏ដូចជាដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ ព្រះមហាក្សត្រជំនាន់មុនគ្រប់ព្រះអង្គ ដែលបានកសាងប្រាង្គប្រាសាទនានា ព្រមទាំងបានបន្សល់ទុកនូវសម្បត្តិបេតិកភណ្ឌសិល្បៈ និងវប្បធម៌ជាច្រើនទៀត ដែលជាគុណប្រយោជន៍ផ្នែកសង្គម និងសេដ្ឋកិច្ចដល់ប្រជាជនកម្ពុជានាពេលកន្លងមក បច្ចុប្បន្ន នឹងទៅអនាគត។

លោកជំទាវកិតិ្តសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្នុងកិត្តិយសជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ គឺជាការរំលឹកមួយទៅដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ឱ្យចងចាំនូវគុណូបការៈរបស់បុព្វបុរសខ្មែរ ដែលបានលះបង់យ៉ាងច្រើនដើម្បីការពារអង្គរ ឱ្យបានគង់វង្សបន្សល់ទុករហូតមកដល់សព្វថ្ងៃនេះ ហើយយើងគ្រប់គ្នាដែលជាកុលបុត្រកុលធីតាខ្មែរជំនាន់ក្រោយ គឺជាអ្នកស្នងមត៌កទាំងនេះ ដោយសេចក្តីថ្លៃថ្នូរ ព្រមទាំងជាអ្នកដែលត្រូវបន្តវេនថែរក្សាអង្គរតទៅទៀត។

លោកជំទាវកិតិ្តសង្គហបណ្ឌិត បញ្ជាក់ថា បេតិកភណ្ឌអង្គរ មិនអាចបំភ្លេចបានឡើយ ពីព្រោះវប្បធម៌គឺជាបេតិកភណ្ឌអរូបិយរបស់ជាតិយើង ហើយអង្គរគឺជារតនៈសម្បត្តិដ៏មហាសាលដែលមិនអាចកាត់ថ្លៃបាន។ ហើយព្រឹត្តិការណ៍រំលឹកគុណអង្គរនេះ យើងនឹងត្រូវប្រារព្ធឡើងក្នុងថ្ងៃទី១៤ ខែធ្នូ ជារៀងរាល់ឆ្នាំ។

សូមជម្រាបជូនថា ការប្រារព្ឋព្រឹត្តិការណ៍រំលឹកគុណអង្គរ មានរយៈពេល៣ថ្ងៃគឺ ថ្ងៃទី១៤ ដល់១៦ ខែធ្នូ ឆ្នាំ២០២២។ បន្ទាប់ពីប្រារព្ឋពិធីសាសនា អាជ្ញាធរជាតិអប្សរានៅបានរៀបចំកម្មវិធីសំខាន់ៗមួយចំនួនទៀត ដូចជា ស្ដង់ពិព័រណ៍ស្តីពីសមិទ្ធផលរយៈពេល៣០ឆ្នាំ របស់អាជ្ញាធរជាតិអប្សរាក្នុងកិច្ចអភិរក្ស និងអភិវឌ្ឍដោយចីរភាពរមណីយដ្ឋានអង្អរ រៀបចំការទស្សនានៅតាមការដ្ឋាន និងសារមន្ទីររបស់អាជ្ញាធរជាតិអប្សរា ជូនភ្ញៀវទេសចរ និងសាធារណជនចូលរួមដោយសេរី ដើម្បីសិក្សាស្វែងយល់ពីកិច្ចការអភិរក្ស និងកិច្ចការរៀបចំតំបន់រមណីយដ្ឋានអង្គររបស់អាជ្ញាធរជាតិអប្សរា និងពេលរាត្រីមានការសម្ដែងសិល្បៈជូនសាធារណជន ទស្សនាកម្សាន្តផងដែរ៕នាគស

ព័ត៌មានពេញនិយម