ខេត្តសៀមរាប៖ឯកឧត្តម អ៊ាន ឃុន ប្រធានក្រុមប្រឹក្សាខេត្ត និងមានការចូលរួមពីសំណាក់ ឯកឧត្តម នួន បូផល អនុប្រធានអង្គភាពប្រឆាំងអំពើពុករលួយ ឯកឧត្តមរដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា និង ឯកឧត្តម លោកជំទាវ ជាក្រុមប្រឹក្សាខេត្ត លោក លោកស្រី ជាគណៈអភិបាលខេត្ត អញ្ជើញជាអធិបតី ក្នុងពិធីបេីកវិញ្ញាសារប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា២០២១.២០២២ នៅព្រឹកថ្ងៃទី ០៥ ខែ ធ្នូ ឆ្នាំ២០២២ ក្នុងខេត្តសៀមរាប ។
ក្នុងពិធីបើកកេះវិញ្ញាសារប្រឡងនោះ ឯកឧត្តម លោកជំទាវ ក្រុមប្រឹក្សាខេត្ត និង គណៈអភិបាលខេត្ត បានបង្ហាញនូវភាពសប្បាយរីករាយយ៉ាងក្រៃលែង និងថ្លែងអំណរគុណជួនដល់ លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស ដែលបានរៀបចំការប្រព្រឹត្តទៅនៃការប្រឡង បានយ៉ាងរលូន និងមិនមានអ្វីដែលជាការរាំងស្ទះនោះឡើយ។
គណៈអធិបតី ក៏បានមានប្រសាសន៍ណែនាំ មួយចំនួន ដល់លោកគ្រូ អ្នកគ្រូ ជាគណៈមេប្រយោគ អនុរក្ស ឱ្យគោរពនូវវិន័យឲ្យបានម៉ឺងម៉ាត់ ភ្ជាប់ខ្ជួនហើយអនុវត្តទៅតាមការណែនាំ ដែលមានចែងនៅក្នុងគោលការណ៍របស់ក្រសួងអប់រំ យុវជននិងកីឡា។
គណៈអធិបតីបន្តថា ការប្រឡងនេះ ជាការវាស់ស្ទង់នូវកម្រិត នៃចំណេះដឹងរបស់ក្មួយៗ ដែលត្រូវបានបញ្ចប់ការសិក្សានៅមធ្យមសិក្សាទុតិយភូមិ និង ឈានចូលទៅសិក្សាបន្តនៅមហាវិទ្យាល័យ សកលវិទ្យាល័យផងដែរ ។
ជាការផ្តាំផ្ញើ គណៈអធិបតី សូមឱ្យបេក្ខជនទាំងអស់ គោរពឲ្យបាននូវអង្គការវិន័យផ្ទៃក្នុង នៅពេលប្រឡងឲ្យបានល្អ ដើមី្បធានានូវគុណភាព នៃការបណ្តុះបណ្តាលធនធានមនុស្ស ដែលមានក្មួយៗបេក្ខជនទាំងនេះហើយ ដែលជាទំពាំងស្នងឬសី្ស នៃប្រទេសជាតិទៅថ្ងៃអនាគត ។
ឯកឧត្តមក៏បានធ្វើការផ្តាំផ្ញើដល់ក្មួយៗបេក្ខជនទាំងអស់ ក្នុងពេលធ្វើបើកបរត្រូវពាក់មួក សុវត្ថិភាព និង ដាក់ខ្សែក្រវ៉ាត់សុវត្ថិភាព និង ជៀសឲ្យឆ្ងាយពីគ្រឿងញៀន ។
លោក លី ប៊ុនណា ប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប បានឲ្យដឹងថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិទូទាំងខេត្តសៀមរាប ឆ្នាំសិក្សា២០២១.២០២២នេះ មានចែកចេញជា ១៤មណ្ឌលប្រឡង មាន ៤២១បន្ទប់ ដែលមានសិស្សប្រឡងសរុប ១០,៣៧៤នាក់ ស្រី៥,៩៣១នាក់ ក្នុងនោះថ្នាក់វិទ្យាសាស្ត្រ៥មណ្ឌល ស្មើ ១៣១បន្ទប់ ចំនួន៣,២៣៤នាក់ ស្រី ២,០៥១នាក់ និង វិទ្យាសាស្ត្រសង្គមមាន៩មណ្ឌល មាន២៩០បន្ទប់ មានចំនួន៧,១៤០នាក់ ស្រី៣,៨៨០នាក់ ។ ម៉្យាងទៀតវិញ្ញាសារប្រឡង មាន១០មុខវិជ្ជា គឺគណិត វិទ្យា , ភាសាខ្មែរ ,គីមីវិទ្យា ភូមិវិទ្យា , ប្រវត្តិវិទ្យា , ពលរដ្ឋវិទ្យា , ផែនដីវិទ្យា , រូបវិទ្យា , ជីវៈវិទ្យា និង ភាសារបរទេស ។
លោកប្រធានមន្ទីរអប់រំយុវជន និង កីឡាខេត្តសៀមរាប បន្តថាដោយមានការចង្អុលបង្ហាញ ពីឯកឧត្តម ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំយុវជន និងកីឡា ថ្នាក់ដឹកនាំខេត្ត ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងមានការចូលរួមសហការ ដោយកងកម្លាំងរដ្ឋបាលជំនាញខេត្ត និងជាពិសេស កម្លាំងរបស់សភាពសហព័ន្ធយុវជនកម្ពុជា ស.ស.យ.ក ខេត្តផងនោះ បានធ្វើឲ្យ ដំណើរការនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិនៅឆ្នាំនេះ បានប្រារព្ធប្រព្រឹត្តទៅ យ៉ាងល្អប្រសើរ និងមិនមានអ្វីជាឧបសគ្គនោះឡើយនៅថ្ងៃដំបូង។
សូមជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅទូទាំងប្រទេសឆ្នាំនេះ បេក្ខជនចុះឈ្មោះប្រឡង មានចំនួនសរុប ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់។ ដែលបានបែងចែកមណ្ឌលប្រឡងសរុប ២២១មណ្ឌល និងមាន ៥,១៧៤បន្ទប់ ហើយក្នុងនោះមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧,៧៥៣នាក់។
បើមិនមានអ្វីប្រែប្រួលនោះទេ ការប្រលងនេះ ក្រសួងអប់រំ យុវជននិងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងតាមបណ្ដារខេត្តនានា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ៕នាគស