Saturday, November 23, 2024

ឯកឧត្តម ហ៊ុន ម៉ានី បដិសេធទៅនឹងការចោទប្រកាន់របស់ក្រុមអគតិ ទុច្ចរិត ហើយហ៊ានទទួលខុសត្រូវចំពោះមុខច្បាប់ 

ខេត្តសៀមរាប៖ឯកឧត្តម ហ៊ុន ម៉ានី បដិសេធយ៉ាងដាច់អហង្ការ ទៅនឹងការចោទប្រកាន់ របស់បុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិត ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា ហើយទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប នៅព្រឹកថ្ងៃទី ០៥ ខែធ្នូ ឆ្នាំ២០២២នេះ។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្ដម ហ៊ុន ម៉ានី ( Hun Many ) បានលើកឡើងថា “ខ្ញុំមានការភ្ញាក់ផ្អើល ហើយមានការសោកស្តាយជាខ្លាំង ដែលមានបុគ្គល ក៏ដូចជាក្រុមអគតិ ទុច្ចរិតមួយចំនួន ដែលបង្ហោះសារថា ស.ស.យ.ក បានរៀបចំ បញ្ជីរាយនាមសមាជិក សមាជិកា ស.ស.យ.ក ដែលត្រូវប្រឡងបាក់ឌុប ផ្ញើរទៅក្រសួងអប់រំ យុវជន និងកីឡា”។

ឯកឧត្ដមបានបន្តថា “ផ្អែកលើព័ត៌មាននេះ ខ្ញុំសូមប្រកាសបដិសេធយ៉ាងដាច់អហង្ការ ថា មិនមានករណីបែបនេះ កើតឡើងនោះទេ ផ្ទុយទៅវិញ ស.ស.យ.ក តែងតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកស្ទួយវិស័យអប់រំ។ ជាពិសេស តាំងពីឆ្នាំ ២០១៤ ស.ស.យ.ក បានចូលរួមសង្កេតការណ៍ការប្រឡងបាក់ឌុប ដើម្បីធ្វើយ៉ាងណា ឲ្យការប្រឡងប្រព្រឹត្តទៅដោយជោគជ័យ យុត្តិធម៌ ទទួលយកបាន ដោយផ្អែកលើទិសស្លោក {អ្នកចេះគឺជាប់}”។

ឯកឧត្តម ហ៊ុន ម៉ានី បញ្ជាក់ថា ក្នុងនាមជាប្រធានស.ស.យ.ក និងជាពលរដ្ឋមួយរូប ខ្ញុំក៏ចង់ឃើញការរៀបចំការប្រឡងបាក់ឌុបមួយ ប្រកបដោយប្រសិទ្ធភាព និងតម្លាភាពខ្ពស់ ហើយខ្ញុំ ក៏សូមបញ្ជាក់ជាថ្មី ជូនអាណាព្យាបាល សិស្សានុសិស្សគ្រប់រូបថា យើងខ្ញុំមិនធ្វើសកម្មភាពណាមួយដូចការចោទប្រកាន់នោះទេ ហើយ យើងខ្ញុំនឹងទទួលខុសត្រូវចំពោះមុខច្បាប់ ប្រសិនមានការប្រព្រឹត្តខុសឆ្គងណាមួយទៅលើច្បាប់ និងលិខិតបទដ្ឋាននានា ពាក់ព័ន្ធការប្រឡងបាក់ឌុប។

សូមជម្រាបជូនថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) នៅឆ្នាំនេះ បេក្ខជនចុះឈ្មោះប្រឡង មានចំនួនសរុប ១២៨,១៣៤នាក់ ស្រី ៦៨,៧៧១នាក់។ ដែលបានបែងចែកមណ្ឌលប្រឡងសរុប ២២១មណ្ឌល និងមាន ៥,១៧៤បន្ទប់ ហើយក្នុងនោះមានការចូលរួមដោយគណៈមេប្រយោគ និងគណៈកម្មការនានា ក្នុងដំណើរនោះប្រឡងសរុបចំនួន ២៧,៧៥៣នាក់។

បើមិនមានអ្វីប្រែប្រួលនោះទេ ការប្រលងនេះ ក្រសួងអប់រំ យុវជននិងកីឡា គ្រោងនឹងប្រកាសលទ្ធផលប្រឡងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២២ សម្រាប់រាជធានីភ្នំពេញ និងខេត្តកណ្ដាល និងថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២២ខាងមុខនេះ៕នាគស

ព័ត៌មានពេញនិយម