រាជធានីភ្នំពេញ៖ អ្នកនាំពាក្យក្រសួងបរិស្ថាន នៅយប់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ បានបញ្ជាក់ថាៈ ពិតជាគួរឱ្យសោកស្តាយជាទីបំផុតសត្វកែះញី១ក្បាល ។
ដែលជាប់អន្ទាក់និងរងរបួស បានងាប់ កាលពីព្រឹកថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២២ ក្រោយពីក្រុមគ្រូពេទ្យខិតខំប្រឹងប្រែងសង្គ្រោះអស់លទ្ធភាពជាច្រើនថ្ងៃរួចមក។
ក្រសួងបរិស្ថាន បានលើកឡើងថាៈ ការស្លាប់របស់សត្វកែះ នេះត្រូវបានអ្នកជំនាញបសុសត្វបញ្ជាក់ថាៈដោយសារតែវារងរបួសធ្ងន់ធ្ងរ។
ព្រោះជាប់ អន្ទាក់ ព្រានព្រៃដេញវាយជាំពោះផ្នែកខាងឆ្វេង និងភ្លាត់ឆ្អឹងជើងមុខខាងឆ្វេង។
លើសពីនេះទៀត សត្វកែះញីមានសុខភាពទន់ខ្សោយដោយ សារតែមានផ្ទៃពោះនិងរលូតកូនស្លាប់ក្នុងផ្ទៃ ហើយរបួសស្បូនខ្លាំង រលូតដល់រលួយ។
រយៈពេលប៉ុន្មានថ្ងៃនេះ ក្រុមគ្រូពេទបសុសត្វបានខិតខំសង្គ្រោះ តែដោយសារតែស្ថានភាពរបួសធ្ងន់ និងមានភាពគ្រាំគ្រាខ្លាំង មិនអាចឈរបាន ធ្វើឱ្យសត្វកែះញីដែលជាប្រភេទសត្វកម្រ នៅលើសកលលោក មួយក្បាលនេះបានងាប់។
ក្រសួងបរិស្ថានៈ សូមសម្តែងនូវការសោកស្តាយក្តៃលែងចំពោះការបាត់បង់ប្រភេទសត្វកម្រនេះ និងសូមអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមការពារនិងអភិរក្សធនធានធម្មជាតិ សត្វព្រៃដែលកម្ពុជាមានឱ្យបានគង់វង្សដោយបញ្ឈប់ការដាក់អន្ទាក់ និងបរបាញ់សត្វគ្រប់ប្រភេទ និងសូមនិយាយថាទេចំពោះសាច់សត្វព្រៃ។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋមួយចំនួនដែលមានជំនឿថាសាច់សត្វ ឆ្អឹង សំណាក និងឈាមសត្វព្រៃជួយព្យាបាលជំងឺ និងធ្វើឱ្យសុខភាពរបស់ខ្លួនល្អ គឺមិនពិតឡើយ។
សូមចូលរួមអភិរក្សសត្វព្រៃនិងជីវៈចម្រុះគ្រប់ប្រភេទដើម្បីមនុស្សជំនាន់ក្រោយ៕សុខណា