Friday, November 22, 2024

រំភើបណាស់! ទីបំផុត អង្គការ UNESCO យល់ព្រមដាក់បញ្ចូល “គុនល្បុក្កតោ” របស់កម្ពុជា ក្នុងចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយ នៃមនុស្សជាតិជាផ្លូវការហើយ

ខេត្តសៀមរាប៖ ក្បាច់គុនអត្តសញ្ញាណជាតិរបស់កម្ពុជា គឺ «គុនល្បុក្កតោ» ត្រូវបានចុះបញ្ជីបេតិកភ័ណ្ឌសម្បត្តិវប្បធម៌អរូបីយ នៃមនុស្សជាតិ របស់អង្គការ UNESCO ជាផ្លូវការនៅវេលាម៉ោង ១៦ និង៣១នាទី ម៉ោងនៅទីក្រុង​ រ៉ាបាត​ ប្រទេស​ ម៉ារុក​ ត្រូវគ្នានឹងម៉ោង​ ២២ និង៣១នាទី​ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២២នៅប្រទេសកម្ពុជាយេីង។ នេះបើតាមការបញ្ជាក់របស់ លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលបានគោរពរាយការណ៍ជូនសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កាលពីមួយម៉ោងមុននេះ។

លោកជំទាវបានគោរពជម្រាបជូនសម្តេចជ្រាបថា​ ក្នុងកិច្ចប្រជុំលេីកទី​ ១៧​ គណកម្មាការអន្តររដ្ឋាភិបាលដេីម្បីការការពារបេតិកណ្ឌអរូបី​ នៃអង្គការយូណេស្កូ​ បានគោះញញួរ បញ្ជាក់លើសេចក្តីសម្រេច លេខ 17.COM7.b.1 ចុះបញ្ជី​ បេតិកភណ្ឌអរូបីនៃមនុស្សជាតិ​ “គុនល្បុក្កតោ”របស់កម្ពុជាយើងហើយ។

ក្នុងពេលដ៍រំភើបរីករាយនោះផងដែរ លោកស្រី Audrey Azoulay អគ្គនាយិកា អង្គការយូណេស្កូ ក៏បានអបអរសាទរកម្ពុជាក្នុងការ ដែលបានចុះ“គុនល្បុក្កតោ” ក្នុងបញ្ជីតំណាង បេតិកភណ្ឌវប្បធម៌អរូបី នៃមនុស្សជាតិរបស់អង្គការយូណេស្កូផងដែរ។លោកស្រី Audrey Azoulay អគ្គនាយិកា អង្គការយូណេស្កូថា “គុនល្បុក្កតោ” ជាក្បាច់គុនបុរាណខ្មែរ ដែលបានចាក់ឫសចាក់គល់យ៉ាងជ្រៅ នៅក្នុងសង្គមខ្មែរជាច្រើនសតវត្សមកហើយៗ ហើយបានបន្តរស់រានក្នុងសង្គមខ្មែររហូតដល់បច្ចុប្បន្ន។តួយ៉ាងចម្លាក់លើជញ្ជាំងប្រាសាទបាយ័ន ជាភស្តុតាងដែលបានបង្ហាញច្បាស់អំពីការហាត់សមក្បាច់គុននេះដែរ។ ការបង្ហាត់បង្ហាញក្បាច់គុនល្បុក្កតោតៗគ្នាពីជំនាន់មួយទៅជំនាន់មួយ គឺដើម្បីពង្រឹងប្រាជ្ញាស្មារតី និងសមត្ថភាពការពារខ្លួនពីសត្វសហាវព្រមទាំងសត្រូវនានាផង និងការពារសង្គមជាតិនិងមាតុភូមិផង។

ដោយមានការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាលកម្ពុជាក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងការខិតខំប្រឹងប្រែងរបស់សហគមន៍ គ្រូគុន សិស្សគុនល្បុក្កតោទាំងអស់ ក្បាច់គុនល្បុក្កតោកម្ពុជាត្រូវបានអភិរក្ស លើកតម្លៃ និងផ្សព្វផ្សាយយ៉ាងទូលំទូលាយនៅលើក្នុងប្រទេស និងលើពិភពលោក៕នាគស

ព័ត៌មានពេញនិយម