Saturday, November 23, 2024

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបាន បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក)

រាជធានីភ្នំពេញ៖ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ត្រូវបានគណៈកម្មាធិការកណ្តាលនៃសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស នៅក្នុងមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស ដែលមានរយះពេលពីរ កាលពីថ្ងៃទី ២៦-២៧ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅនេះ។

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានស.ស.យ.ក នាឱកាសនៃពិធីបិទមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស សហភាពសហព័ន្ធយុវជនកម្ពុជា បានលើកឡើងនូវរបាយការណ៍សង្ខេបស្តីពីលទ្ធផលមហាសន្និបាត ដែលបានប្រព្រឹត្តទៅប្រកបដោយជោគជ័យ ក្រោមស្មារតីទទួលខុសត្រូវ និងពោពេញដោយការប្តេជ្ញាចិត្តខ្ពស់ពីសមាជិកទាំងឡាយ និងបានចូលរួមអបអរសាទរ ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ដែលត្រូវបាន បោះឆ្នោតជ្រើសតាំងជាប្រធានកិត្តិយស សហភាពសហព័ន្ធយុវជនកម្ពុជា។

ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ក្នុងនាមប្រធានកិត្តិយស ស.ស.យ.ក ដែលត្រូវបានអង្គសន្និបាតបោះឆ្នោតផ្តល់នូវសេចក្តីទុកចិត្តជួន បានធ្វើការថ្លែងអំណរគុណ ដល់គណៈកម្មាធិការកណ្តាលដែលជ្រើសតាំង ឯកឧត្តមបណ្ឌិត ជាប្រធានកិត្តិយស ស.ស.យ.ក.។

ឯកឧត្តមបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះសកម្មភាព និងសមិទ្ធផល ដែលស.ស.យ.ក. សម្រេចបានក្នុងរយៈកាលកន្លងមកផងដែរ។

ឯកឧត្តម បានមានប្រសាសន៍បន្តថា ស.ស.យ.ក. ប្រៀបបីដូចជាដែកឆក់ក្នុងការស្រូបទាញយុវជនក្នុងការចូលរួមសកម្មភាពដើម្បីអភិវឌ្ឍសង្គមជាតិ។

សូមបញ្ជាក់ជូនថា មហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេស របស់សហភាពសហព័ន្ធយុវជនកម្ពុជា រយៈពេល ០២ ថ្ងៃកន្លងទៅនេះ មហាសន្និបាតបានពិនិត្យ ពិភាក្សា និង អនុម័ត លើការងារសំខាន់ៗមួយចំនួនរបស់ដូចជា៖ ការពិនិត្យ របាយការណ៍សកម្មភាពការងារសម្រេចបាន ឆ្នាំ២០១៨-២០២៣ ពិនិត្យ ពិភាក្សា អនុម័ត ផែនការយុទ្ធសាស្រ្ត «យុវជនក្នុងបុព្វហេតុជាតិ មាតុភូមិ ២០២៣ ២០២៨» បានអនុម័តលើវិសោធនកម្មលក្ខន្តិកៈ និងបទបញ្ជាផ្ទៃក្នុងរបស់ខ្លួន។ ជាមួយគ្នានោះ កិច្ចប្រជុំគណៈកម្មាធិការកណ្តាលដែលបានប្រជុំក្នុងថ្ងៃជាមួយគ្នា បានបោះឆ្នោតជ្រើសតាំង ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែតជាប្រធានកិត្តិយស ស.ស.យ.ក. ឯកឧត្តម ទៀ សីហា ជាអនុប្រធាន ស.ស.យ.ក. ក៏ដូចជាបំពេញបន្ថែមសមាសភាព សមាជិកគណៈអចិន្រ្តៃយ៍ ចំនួន ០៩ រូបនិងគណៈកម្មាធិការកណ្តាល ២០៣ រូបផងដែរ៕នាគស

 

ព័ត៌មានពេញនិយម