Saturday, November 23, 2024

រថយន្តគិលានសង្គ្រោះឯកជន ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងត្រូវឃាត់បញ្ជូនទៅស្នងការដ្ឋាន

រាជធានីភ្នំពេញ៖រថយន្តគិលានសង្គ្រោះឯកជន ដែលគ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាល និងត្រូវឃាត់បញ្ជូនទៅស្នងការដ្ឋាន។ នេះបើយោងតាមលិខិតកំណត់បង្ហាញ លេខ៥០៣ ដែលចេញដោយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ផ្ញើចូលទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក របស់ស្នងការនគរបាលរាជធានីភ្នំពេញ កាលពីរសៀលថ្ងៃទី ២៤ ខែវិច្ឆិកាឆ្នាំ ២០២២ កន្លងទៅនេះ។

យោងខ្លឹមសារលិខិតបានឲ្យដឹងថា៖ យោងលិខិតលេខ ៤៩៤/២២ រប សណ ចុះថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ របស់ស្ថាប័ន មន្ទីរសុខាភិបាលនៃរដ្ឋបាលរាជធានីភ្នំពេញ។

ខ្លឹមសារសង្ខេប: សំណើរសុំចាត់វិធានការទប់ស្កាត់ រថយន្តគិលានសង្គ្រោះឯកជនដែល គ្មានច្បាប់អនុញ្ញាតពីក្រសួងសុខាភិបាលកំពុងចល័ត ឬចតលើចិញ្ចឹមផ្លូវសាធារណៈ ក្នុងរាជធានីភ្នំពេញ(រថយន្តគ្មានឈ្មោះគ្លីនិកឬគ្មានស្លាកសញ្ញាឬគ្មានបិទលិខិតអនុញ្ញាតរបស់ក្រសួងសុខាភិបាល) ដោយប្រើស្លាកសញ្ញាកាកបាទក្រហម និងប្រើប្រាស់ស៊ីរ៉ែនថ្លែងបន្លំជារថយន្តគិលានសង្គ្រោះ យ៉ាងអាណាធិបតេយ្យ។

យោបល់ជំនាញ: សូមអនុញ្ញាត ជូនលោកស្នងការង ទទួលផែនការងារនគរបាលចរាចរណ៍ រៀបចំផែនការដោយប្រើប្រាស់កម្លាំងចម្រុះមាន សណ្ដាប់ធ្នាប់ ព្រហ្មទណ្ឌ និងជំនាញចរាចរណ៍ ទាំង 14 ខណ្ឌដើម្បីបង្ក្រាប ដោយត្រួតពិនិត្យ ឃាត់បញ្ជូនមកស្នងការដ្ឋាន រាជធានីភ្នំពេញ។

សូមបញ្ជាក់ផងដែរថា នៅលើលិខិតកំណត់បង្ហាញនេះ បានចុះហត្ថលេខាដោយ លោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរងនគបាលជាតិ និងជាស្នងការនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដោយមានការគោរពស្នើសុំពី លោកឧត្តមសេនីយ៍ទោ លី ពុតដារា ស្នងការរងទទួលផែនការងារសេនាធិការ និងចូលរួមគោរពស្នើសុំ ដោយលោកវីរៈសេនីយ៍ឯក គួច គឹមរិទ្ធ នាយការិយាល័យរដ្ឋបាល នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ព្រមទាំងទទួលអនុវត្តបទបញ្ជាដោយ លោក ឧត្តមសេនីយ៍ទោ ចេវ ហាក់ ស្នងការរងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញទទួលផែនការងារចរាចរណ៍។

ប្រជាពលរដ្ឋបានសំដែងនូវអំណរសាទរជាខ្លាំង ចំពោះចំណាត់ការមួយនេះ និងសូមលើកទឹកចិត្ត ជូនមន្ត្រីកងកម្លាំងជំនាញគ្រប់ប្រភេទ មេត្តាចុះអនុវត្ត ឱ្យបានខ្ជាប់ខ្ជួន ដើម្បីចៀសវាងនូវអាណាធិបតេយ្យសង្គម  និងខូចខាតដល់ កិត្តិយសរបស់រថយន្តគិលានសង្គ្រោះស្របច្បាប់ ដទៃទៀតដែលគេបានអនុវត្តល្អស្របទៅនឹងបទដ្ឋានគតិយុត្តិ។

ប្រជាប្រជាពលរដ្ឋមួយចំនួនបានលើកឡើងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះថា មានពេលខ្លះរថយន្តដែលមានពាក់សុីរ៉ែន និងស្លាកសញ្ញា កាកបាទក្រហម មិនដឹងជាមាន លិខិតអនុញ្ញាតពីក្រសួងឬក៏អត់ បើកបរក្នុងល្បឿនលឿន មានស៊ីរ៉ែនផងនោះ ធ្វើហាក់ដូចជាប្រញាប់ទៅយកអ្នកជំងឺ តែតាមពិតបើកសុីរ៉ែនទៅហូបគុយទាវសោះ។

ប្រជាពលរដ្ឋខ្លះទៀត បានលើកឡើងផងដែរថា គិលានុបដ្ឋាក ខ្លះសង្ស័យថាមិនមានសញ្ញាបត្រត្រឹមត្រូវ មិនមានពាក់កាតសំគាល់ខ្លួន តែត្រូវបានអនុញ្ញាតឱ្យចុះយកជំងឺ។

ប្រជាពលរដ្ឋបានស្នើសុំផងដែរថា សូមក្រសួងពាក់ព័ន្ធ មេត្តាត្រួតពិនិត្យ ទាំងរថយន្ត និងគិលានុប្បដ្ឋាក ដែលមានបេសកកម្មជាមួយរថយន្តសង្គ្រោះ ថាមានលិខិតអនុញ្ញាតត្រឹមត្រូវតាមវិជ្ជាជីវៈដែរឬទេ ? ដើម្បីជាការលើកស្ទួយដល់វិស័យសុខាភិបាលកម្ពុជា និងការពារនៅបញ្ហាកើតឡើងជាយថាហេតុ៕នាគស

ព័ត៌មានពេញនិយម