ខេត្តសៀមរាប៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានផ្ដល់កិត្តិយសអញ្ជើញជួបជាមួយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូ ដឹកនាំដោយ ឯកឧត្តម ដាតុ ប៉ាឌុកា សឺរី ហាជី អាវ៉ាង ហាល់ប៊ី ប៊ីន ហាជី ម៉ូដ យូសូហ្វ (Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof) រដ្ឋមន្ត្រីទទួលបន្ទុកខុទ្ទកាល័យនាយករដ្ឋមន្ត្រីប្រ៊ុយណេដារ៉ូសាឡាម ដើម្បីរួមគ្នាដោះស្រាយបញ្ហាសន្តិសុខ នៅទីក្រុងសៀមរាប ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ ។
សម្តេចតេជោនាយករដ្ឋមន្ត្រី បានស្វាគមន៍រដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូដែលបានអញ្ជើញមកកាន់ទីក្រុងសៀមរាបរួមគ្នា ដើម្បីចូលរួមដោះស្រាយបញ្ហាសន្តិសុខ។ សម្តេចតេជោនាយករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណផងដែរដល់ថ្នាក់ដឹកនាំកំពូលនិងរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូដែលបានគាំទ្រភាពជាប្រធានអាស៊ាន និងប្រធានកិច្ចប្រជុំកំពូលពាក់ព័ន្ធកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានរបស់កម្ពុជាផងដែរ។
សម្តេចតេជោនាយករដ្ឋមន្ត្រី ក៏បានឆ្លៀតក្នុងឱកាសដ៏វិសេសវិសាលនោះផងដែរ អបអរសាទរចំពោះជំនួបរវាងរដ្ឋមន្ត្រីការពារជាតិចិន និងរដ្ឋមន្ត្រីការពារជាតិសហរដ្ឋអាមេរិក ហើយក៏បានមានប្រសាសន៍ផងដែលថាទីក្រុងសៀមរាបជាកន្លែងដ៏សក្ដិសមសម្រាប់ជំនួបនេះ។
ឯឧត្តម យូសូហ្វ ជំនួសមុខអោយរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូបានគោរពសម្តែងនូវការអបអរសាទរជូនចំពោះសម្តេចតេជោដែលបានដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធទទួលបានជោគជ័យយ៉ាងត្រចះត្រចង់។ ឯឧត្តមក យូសូហ្វ ក៏បានគោរពថ្លែងអំណរគុណជូនចំពោះសម្តេចតេជោ នាយរដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាដែលបាននិងកំពុងរៀបចំនិងដឹកនាំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូបានយ៉ាងល្អ ហើយកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងដៃគូកំពុងដំណើការប្រកបដោយផ្លែផ្កា និងប្រកបដោយស្មារតីមិត្តភាព ក្នុងទិសដៅពង្រឹកសន្តិភាព ស្ថិរភាព ដោយឈរលើមជ្ឈភាពអាស៊ាន។
សូមបញ្ជាក់ផងដែរថា នៅព្រឹកថ្ងៃដដែលនេះ នេះ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងជាប្រធានអាស៊ាន បានអញ្ជើញជាអធិបតីភាព នៅក្នុងពិធីបើកកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩ ដែលប្រព្រឹត្តទៅនៅសណ្ឋាគារសុខា ខេត្តសៀមរាប។
កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន-បូក លើកទី៩នេះ នឹងស្តាប់របាយការណ៍ នៃការអភិវឌ្ឍន៍ថ្មីៗនៅក្នុងអាស៊ាន ការផ្លាស់ប្តូរទស្សនៈស្តីពី «បរិយាកាសសន្តិសុខតំបន់ និងអន្តរជាតិ និងកិច្ចសន្ទនាជាយុទ្ធសាស្ត្រ ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការការពារជាតិក្នុងតំបន់»។ សម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក មានការអញ្ជើញចូលរួមពីសំណាក់រដ្ឋមន្ត្រីការពារជាតិមកពីប្រទេសមិនមែនសមាជិកអាស៊ានចំនួន៨ផ្សេងទៀត រួមមាន៖ សហរដ្ឋអាមេរិក, ចិន, រុស្សី, ជប៉ុន, ឥណ្ឌា, កូរ៉េខាងត្បូង, នូវែលស៉ីឡង់ និងអូស្ត្រាលី៕នាគស