ខេត្តបាត់ដំបង៖ លោក គង់ សុគុណ្ណា នាយករដ្ឋបាលសាលាស្រុកសង្កែ ខេត្តបាត់ដំបង បានស្នើសុំលាឈប់ពីមុខដំណែង កាលពីថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២២ កន្លងទៅនេះ។
ពាក្យស្នើសុំលាឈប់ពីតួនាទីការងារ មួយសន្លឹក គោរពជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ តាមរយៈឯកឧត្តម អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង ដែលចុះហត្ថលេខាដោយ លោក គង់ សុគុណ្ណា បានបញ្ជាក់ មូលហេតុថា លោកមានបញ្ហាសុខភាពផ្លូវចិត្ត ក្នុងករណីការតែងតាំងអភិបាលរង ស្រុកសង្កែ។
លោកបញ្ជាក់ថា ការតែងតាំងអភិបាលរង ស្រុកសង្កែមានភាពមិនប្រក្រតី ដែលធ្វើឱ្យលោកទទួលរងនៅភាពអយុត្តិធម៌។
ដូច្នេះលោកសូមគោរពស្នើសុំ ដល់សម្ដេចក្រឡាហោម ស ខេង មេត្តាពិនិត្យ និងអនុញ្ញាត ដល់រូបលោក ដោយក្ដីគោរពដ៏ខ្ពង់ខ្ពស់ និងអនុគ្រោះ។
ទោះបីជាយ៉ាងណា អង្គភាពសារព័ត៌មានគូលែន ដេលី នៅពុំទាន់បានទទួលព័ត៌មានលម្អិតជុំវិញរឿងនេះ ពីសាមុីខ្លួន លោក គង់ សុគុណ្ណា និងអ្នកនាំពាក្យរដ្ឋបាលសាលាខេត្តបាត់ដំបង នៅឡើយទេ៕នាគស