Saturday, November 23, 2024

រៀបការបាន៧ឆ្នាំបានកូន៣នាក់ ធ្វើឱ្យលោកអភិបាលខេត្តសៀមរាប នឹកឃើញដល់រឿង៣យ៉ាង

ខេត្តសៀមរាប៖ រៀបការបាន៧ឆ្នាំបានកូន៣នាក់ បានធ្វើឱ្យ ឯកឧត្តម ទៀ សីហា អភិបាលនៃគណៈអភិបាលខេត្តសៀមរាប នឹកឃើញដល់រឿង៣យ៉ាងក្នុងឆាកជីវិតរបស់លោក។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងក្នុងគណនេយ្យហ្វេសប៊ុកផ្លូវការរបស់លោកថា “សង្ក្រាន្ត និងកល្យាណី មានប្អូនហើយ
សូរ្យកាន្ត បើកភ្នែកឃើញពន្លឺព្រះអាទិត្យ ជាលើកទីមួយនៃការចាប់ផ្តើមជីវិតរបស់គេ។
ពេលវេលាពិតជាដើរលឿនមែន មួយរំពេចសោះ រៀបការបាន៧ឆ្នាំបានកូន៣។ ល្មមសម្រាប់ខ្ញុំ និងអាចល្មមសម្រាប់ប្រពន្ធដែរ មិននឹកស្មានថា ខ្ញុំនិងប្រពន្ធអាចមានកូនដល់តែ៣បាន៖

• កូនទី១ (សង្ក្រាន្ត)បានធ្វើអោយខ្ញុំយល់ពី ប៉ា និងម៉ាក់ច្រើន មិនថាការស្រឡាញ់ ការមើលថែ ព្រមទាំងក្តីបារម្ភពីកូនគ្រប់ពេល។ លោកប៉ាជាទាហាន រវល់សឹងតែរកពេលជួបកូនមិនបាន (ចាប់ពីការរំដោះរបបប្រល័យពូជសាសន៍រួច រហូតបន្តមានសង្គ្រាមសុីវិលក្នុងប្រទេសកម្ពុជា និងត្រូវការកសាងប្រទេសឡើងវិញ ចាប់ពីចំណុចសូន្យ លោកប៉ាមិនដែលមានពេលនោះទេ។

• កូនទី២(កល្យាណី) ដោយសារតែជំងឺកូវីដ-១៩ ធ្វើអោយខ្ញុំមិនអាចនៅក្បែរបាន តាំងពីកើតមក ជិត៦ខែបានអាចឱបថើបកូនបាន បារម្ភការឆ្លងកូវីដ និងមេរោគផ្សេងៗ។ ចំណុចនេះក៏នឹកដល់ប៉ារបស់ខ្ញុំថែមទៀត ពេលត្រូវបំពេញបេសកកម្មឆ្ងាយពីគ្រួសារ ដើម្បីស្វែងរកសន្តិភាព ក៏ប៉ាត្រូវនៅឆ្ងាយពីកូនដែរ។

• ដល់កូនទី៣ (សូរ្យកាន្ត) យើងមានសន្តិភាពគ្រប់គ្រាន់ កូនខ្ញុំមានសុខភាពល្អ ដៃជើងគ្រប់ មុខមាត់សង្ហារដូចឪពុក។
តែពេលនេះ ត្រូវមើលថែខេត្តសៀមរាបវិញ ជាមួយបងប្អូនមន្ត្រីរាជការគ្រប់ថ្នាក់ ទុកអោយប្រពន្ធ និងបងៗស្រី មើលកូនទាំង៣សិន”។

ឯកឧត្តមបានបន្តដោយមោទនភាពថា៖ ខ្ញុំមានមោទនភាព សារទរ និងអរគុណណាស់ ចំពោះប្រពន្ធ បានផ្តល់កំណប់ទ្រព្យមួយទៀតអោយខ្ញុំ នាឆ្នាំនេះ។ កំណប់មួយនេះធ្វើអោយប្រពន្ធលំបាកណាស់ ចាញ់ក៏យូរជាងមុន សុខភាពក៏ថមថយ មិនស្រួលដូចបងៗទាំង២មុននោះទេ ប្រពន្ធសរសេថា “ទឹកដោះម្តាយថ្លៃ” គឺពិតជាត្រឹមត្រូវណាស់ មិនអាចប្រកែកបាន។ គេថា កូនកើតឆ្នាំនេះមិនសូវល្អ ព្រោះជាឆ្នាំខាល គេថាកាច តែកាចមិនដល់ប្រពន្ធខ្ញុំទេ 😁😁។ ទោះយ៉ាងណាក៏ដោយ សូរ្យកាន្ត បានកើតក្នុងឆ្នាំដែលប្រទេសកម្ពុជា មានតែសន្តិភាពនិងការអភិវឌ្ឍន៍។
ឯកឧត្តមអភិបាល បានបញ្ជាក់សង្កត់ធ្ងន់ថា ប្រទេសមានសន្តិភាព បរទេសទទួលស្គាល់ សរសើរកម្ពុជា រៀបចំកិច្ចប្រជុំកំពូលអាស៊ានបានយ៉ាងជោគជ័យ នេះជាមុខមាត់របស់ប្រទេសកម្ពុជាយើង។ ខេត្តសៀមរាប ក៏មានមោទនភាពដែលទទួលកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានផងដែរ ជាឱកាសរបស់ប្រជាជនក្នុងខេត្ត ដើម្បីបង្ហាញមុខមាត់ខេត្ត និងសក្តានុពលទេសចរណ៍របស់យើង។
ឯកឧត្តម បានធ្វើការថ្លែងអំណរគុណដល់ នយោបាយ ឈ្នះ ឈ្នះ របស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែននាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានធ្វើអោយ ឪពុកម្តាយរបស់ឯកឧត្តម និងឪពុកម្តាយទូទាំងប្រទេស បានស្គាល់សន្តិភាព និង មានពេលនៅជាមួយគ្រួសារឡើងវិញ បានស្គាល់ពាក្យថាបាយជុំគ្រួសារ បានរួមដំណើរទៅប្រទេសក្រៅជុំជាមួយគ្រួសារ បានអង្គុយមើលទូរទស្សន៍ជុំកូនជុំចៅ បានឃើញកូនចៅរៀនចប់ មានការងារធ្វើ បានឃើញភាពរីកចម្រើននៃ២៥រាជធានី-ខេត្ត និងជាពិសេសបានក្លាយជា លោកតា ជាលោកយាយ របស់ចៅៗទាំងអស់។
ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តសៀមរាប ក៍សូមជូនពរដល់ឪពុកម្តាយបានកូនៗមានចៅៗកើតឆ្នាំខាលទាំងអស់(២០២២)មានតែសេចក្ដីសុខ និងសុខភាពល្អ ពិសេសអោយកូនៗចៅៗឆ្នាំខាលយើងចេះកាចដោយពេល អោយមានភាពក្លាហានចំពោះមុខសត្រូវ និងបន្តការពារសន្តិភាពអោយកម្ពុជានៃយើង មានតែភាពរុងរឿង ជានិរន្ត៍។
ជាចុងក្រោយនៃសំណេររបស់ឯកឧត្តម ក៏បានជូនភ្ជាប់នូវពាក្យមួយឃ្លាថា “ប៉ាជាអ្នកតស៊ូ រីឯ ម៉ាក់ជាអ្នកអត់ធ្មត់” សម្រាប់ជាកិត្តិផងដែរ៕នាគស

 

ព័ត៌មានពេញនិយម