ខេត្តសៀមរាប៖មានហេតុការណ៍ភ្ញាក់ផ្អើលមួយ ដែលប្រជាពលរដ្ឋរាយការណ៍ ថាមាន ស្ត្រីម្នាក់ដែលគេប្រទះឃើញ ដួលសន្លប់នៅក្រោយប្រាសាទអង្គរវត្ត ស្ថិតក្នុងភូមិក្រវ៉ាន់សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប កាលពីវេលាម៉ោង ១៧ និង ៤៥ នាទីថ្ងៃទី ១៤ ខែវិច្ឆិកាឆ្នាំ ២០២២ ជាករណីដាក់ថ្នាំយកទ្រព្យសម្បត្តិនោះ មិនមែនជាការពិតនោះឡើយ។នេះបើយោងតាមការឲ្យដឹងពីសមត្ថកិច្ចនៃអធិការដ្ឋាននគរបាលក្រុងសៀមរាប ប្រាប់មកសារព័ត៌មានយើងឲ្យដឹង នៅយប់ថ្ងៃដដែលនេះ។
សមត្ថកិច្ចថា មានការភ្ញាក់ផ្អើល រហូតដល់បណ្ដាញសង្គមហ្វេសប៊ុកខ្លះ បានផ្សព្វផ្សាយថា មានស្ត្រីមិនស្គាល់អត្តសញ្ញាណម្នាក់ វ័យប្រហែល ២៧ ឆ្នាំសន្លប់ស្ដូកស្ដឹងនៅខាងក្រោយប្រាសាទអង្គរវត្ត ដែលសង្ស័យថាជាករណីដាក់ថ្នាំយករបស់ទ្រព្យ។
បន្ទាប់ពីទទួលបានព័ត៌មាននេះភ្លាម ក្រុមជំនាញបានចុះទៅដល់ ជួបជាមួយជនរងគ្រោះ និងសាច់ញាតិនៅមន្ទីរសម្រាកព្យាបាលមួយកន្លែងក្នុងក្រុងសៀមរាប។
សមត្ថកិច្ចបន្តថា ក្រោយធ្វើការសាកសួរទៅកាន់សាច់ញាតិរបស់ស្ត្រីរូបនោះ ទើបដឹងសាច់រឿងពិតប្រាកដ ថាស្ត្រីដួលសន្លប់រូបនោះ មានជំងឺវិបល្លាស់ស្មារតី ដែលតែងតែដើរបាត់ពីផ្ទះ និងមិនមានទ្រព្យសម្បត្តិអ្វីជាប់ខ្លួននោះឡើយ។
សមត្ថកិច្ចបញ្ជាក់ថា ស្ត្រីរូបនោះដោយសារមានជំងឺប្រចាំកាយ និងហេវហត់អស់កម្លាំង ក៏បណ្ដាលឱ្យដួលសន្លប់ស្ដូកស្ដឹងតែម្ដង។
បច្ចុប្បន្នក្រុមគ្រួសារសាច់ញាតិជនរងគ្រោះ បានមកទទួល យកទៅព្យាបាលទៅតាមវេជ្ជសាស្ត្រហើយ។សមត្ថកិច្ចបានសំណូមពរ ដល់សាធារណជន សូមមេត្តា កុំយល់ច្រឡំថាជាករណីអ្វីផ្សេងនៅឡើយ។ហើយសូមឱ្យបងប្អូនប្រជាពលរដ្ឋ ដែលបានចែករំលែកព័ត៌មាន មិនច្បាស់លាស់ សូមធ្វើការកែប្រែ ដើម្បីជាការចូលរួមលុបបំបាត់នូវចលាចលសង្គម តាមរយៈការផ្ដល់ព័ត៌មានមិនពិត៕នាគស