Saturday, November 23, 2024

មន្ត្រីជាន់ខ្ពស់នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប អមដំណើរដោយអធិការស្រុកប្រាសាទបាគង ដឹកនាំក្រុមការងារ ចូលរួមគោរពវិញ្ញាណក្ខ័ន្ធ​ និងបំពាក់ឋានន្តរស័ក្ដិ បច្ឆាមរណៈ ថ្នាក់វរសេនីយ៍ត្រី លោកនាយរងប៉ុស្តិ៍ ផ្លង យូឡុង

ខេត្តសៀមរាប៖ឧត្តមសេនីយ៍ត្រី អៀង មករា ស្នងការរងទទួលផែនការងារធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ លោកឧត្តមសេនីយ៍ទោ តេង ច័ន្ទណាត ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងលោកវរសេនីយ៍ឯក ម៉ែន មុន្នី នាយការិយាល័យបុគ្គលិក អមដំណើរដោយ លោកវីរៈសេនីយ៍ឯក លឹម សម្បត្តិ អធិការស្រុកប្រាសាទបាគង បានដឹកនាំក្រុមការងារចូលរួមគោរពវិញ្ញាណក្ខ័ន្ធ​ និងបំពាក់ឋានន្តរស័ក្ដិបច្ឆាមរណៈថ្នាក់វរសេនីយ៍ត្រី ព្រមទាំងនាំយកថវិកាសមាគមមិត្តនគរបាលជាតិកម្ពុជាចំនួន ៦.០០០.០០០៛ ( ០៦លានរៀល ) រួមជាមួយថវិកាចូលបុណ្យរបស់ស្នងការដ្ឋាន និងអធិការដ្ឋានស្រុកប្រាសាទបាគងចំនួន ២.០០០.០០០៛ ( ០២ លានរៀល ) រួមទាំងគ្រឿងឧបភោគ​ បរិភោគមួយចំនួន ប្រគល់ជូនក្រុមគ្រួសារសពលោកវរសេនីយ៍ត្រី ផ្លង យូឡុង អត្ថលេខ ៤៥១៤៨ ឋានៈនាយរងប៉ុស្តិ៍អំពិល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង នៅផ្ទះ នៃសព ស្ថិតក្នុងភូមិព្រៃគុយ ឃុំអំពិល ស្រុកប្រាសាទបាគង ខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២។

ក្នុងនាមជាថ្នាក់ដឹកនាំ និងជាតំណាងដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ទោស្នងការខេត្តផង លោកឧត្តមសេនីយ៍ត្រី ស្នងការរង បានសម្តែងនូវការសោកស្តាយ និងបានពាំនាំនូវសាររំលែកទុក្ខ ពីសំណាក់លោកឧត្តមសេនីយ៍ទោ ស្នងការ ចំពោះការបាត់បង់សមាជិកក្រុមគ្រួសារ និងយុទ្ធមិត្តដ៏ល្អ។

ដោយឡែក លោកវីរសេនីយ៍ឯក លឹមសម្បត្តិ ក្នុងនាមជា អធិការ និងជំនួសមុខឱ្យ អធិការរង នាយ នាយរងផ្នែកនិងប៉ុស្តិ៍ រួមទាំងមន្ត្រីនគរបាលទាំងអស់ នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ក៍បានចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំបំផុត ជាមួយក្រុមគ្រួសារនៃសព និងបានបួងសួងដល់វិញ្ញាណក្ខន្ធសព លោកវរសេនីយ៍ត្រី ផ្លង យូឡុង សូមបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើង។

សូមបញ្ជាក់ផងដែរថា លោក ផ្លង យូឡុង មានវ័យ៥៣ឆ្នាំ មានតួនាទីជា នាយរងប៉ុស្តិ៍អំពិល នៃអធិការដ្ឋាននគរបាលស្រុកប្រាសាទបាគង ខេត្តសៀមរាប អត្ថលេខ ៤៥១៤៨ ឋានន្តរសក្ដិ ថ្នាក់អនុសេនីយ៍ឯក បានជួបគ្រោះថ្នាក់ចរាចរណ៍ ខណៈជិះម៉ូតូ ទៅបំពេញកិច្ចការងារ ដោយជិះម៉ូតូបុកគោយន្តបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ ស្ថិតនៅភូមិសំរោង ឃុំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីវេលារសៀលថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២៕នាគស

ព័ត៌មានពេញនិយម