Friday, November 22, 2024

សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនប្រធានាធិបតីឥណ្ឌូនេស៊ី

រាជធានីភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន អញ្ជើញថ្លែងសុន្ទរកថាបិទកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ និងពិធីផ្ទេរតំណែងប្រធានអាស៊ាន ជូនប្រធានាធិបតីឥណ្ឌូនេស៊ី នៅថ្ងៃទី១៣ ខែវិច្ឆិកាឆ្នាំ២០២២នេះ។

ថ្លែងទៅកាន់ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលទាំងអស់ដែលបានអញ្ជើញចូលរួមនៅក្នុងកិច្ចប្រជុំនេះ សម្តេចតេជោបានអញ្ជើញថ្លែងនូវសុន្ទរកថាដែលមានខ្លឹមសារសំខាន់ៗដូចខាងក្រោម៖សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា រយៈពេល១ឆ្នាំ គឺពោរពេញទៅដោយអនុស្សាវរីយ៍ និងជាប្រវត្តិសាស្ត្រសម្រាប់សម្តេចផ្ទាល់ និងកម្ពុជា ដែលមានកិត្តិយសដ៏ឧត្តុង្គឧត្តម បានទទួលតំណែងជាប្រធានប្តូរវេនរបស់អាស៊ាន។​ ខណៈដែលយើងបាននិងកំពុងខិតខំស្តារឡើងវិញពីផលប៉ះពាល់នៃជំងឺកូវីដ-១៩ និង ដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះ ស្ថានភាពមិនរំពឹងទុក ក៏បានកើតមានឡើង ដែលមានប៉ះពាល់ធ្ងន់ធ្ងរដល់សន្តិសុខ សេដ្ឋកិច្ច និងសង្គម។ ទោះជាយ៉ាងនេះក្តី អាស៊ានបានគ្រប់គ្រង និងសម្របសម្រួលលើបញ្ហាប្រឈមទាំងនោះ រហូតទទួលបានលទ្ធផលជាច្រើនគួរជាទីគាប់ចិត្ត ។

សម្តេចតេជោ បានមានប្រសាសន៍ថា សម្តេចពិតជាមានសេចក្តីរីករាយ ដែលបានទទួលធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំដោយផ្ទាល់ សម្រាប់ថ្នាក់ដឹកនាំ និងប្រតិភូគ្រប់គ្នានៅទីក្រុងភ្នំពេញនេះ។

សម្តេចសូមធ្វើការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងនៃក្រុមការងារដើម្បីធានាដល់ភាពងាយស្រួល និងផាសុខភាព សម្រាប់យើងរាល់គ្នា និងដើម្បីការបញ្ចប់ភាពជាប្រធានអាស៊ានប្រកបដោយជោគជ័យ ។ក្នុងរយៈពេល៤ ថ្ងៃនេះ យើងសម្រេចបាននូវកិច្ចសន្ទនាគ្រប់ជ្រុងជ្រោយ និងប្រកបដោយ ផ្លែផ្កាលើកិច្ចការបន្តទៅមុខ ដើម្បីពង្រឹងមជ្ឈភាពអាស៊ាន និងគុណតម្លៃរបស់យើង ក្នុងកិច្ចទំនាក់ទំនងជាមួយដៃគូខាងក្រៅ ជាពិសេសនៅពេលដែលសកលលោក កំពុងជួបប្រទះនឹងបញ្ហាស្មុគស្មាញ ក្នុងតំបន់ និងជាអន្តរជាតិ ដែលប្រែប្រួលយ៉ាងឆាប់រហ័ស។ យើងបានអនុម័ត និងកត់សម្គាល់នូវឯកសារសមិទ្ធផល និងសេចក្តីប្រកាសចំនួន ៧០ ដែលគ្របដណ្តប់ទៅលើសសរស្តម្ភទាំង ៣ របស់សហគមន៍អាស៊ាន និងបានអនុម័តក្របខណ្ឌកិច្ចសហប្រតិបត្តិការមួយចំនួន ជាមួយនឹងដៃគូសន្ទនារបស់យើង ។ ដើម្បីបន្ត និងពង្រឹងទំនាក់ទំនងជាមួយដៃគូ អាស៊ានបានយល់ព្រមបញ្ចូលអ៊ុយក្រែន ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ (TAC) នាកិច្ចប្រជុំកំពូលអាស៊ាន លើកទី ៤០ និង ៤១ នេះ ។ ដូចគ្នានេះដែរ ប្រទេស ៦ ទៀត រួមមាន ដាណឺម៉ាក ក្រិច ហូឡង់ អូម៉ាន កាតា និងអេមីរ៉ាតអារ៉ាប់រួម ក៏បានចុះហត្ថលេខាចូលជាសមាជិក ក្នុងសន្ធិសញ្ញាមិត្តភាព និងសហប្រតិបត្តិការអាស៊ីអាគ្នេយ៍ នាកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេសអាស៊ានលើកទី ៥៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅខែ សីហា ដែលធ្វើឱ្យប្រទេសជាសមាជិកនៃសន្ធិសញ្ញានេះ បានកើនឡើងដល់ ៥0 ប្រទេស ។

សម្តេចតេជោបានបន្តទៀតថា យើងបានចេញនូវសេចក្តីថ្លែងការណ៍រួមនៃខួបអនុស្សាវរីយ៍ លើកទី ២០ នៃសេចក្តីថ្លែងការណ៍ ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) ដើម្បីប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍លើកទី ២០ នៃការចុះហត្ថលេខាលើសេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិ នេះ នាឆ្នាំ ២០០២ ។សម្រាប់ការកសាងសហគមន៍អាស៊ានវិញ យើងបានអនុម័ត សេចក្តីថ្លែងការណ៍ចក្ខុវិស័យ របស់ថ្នាក់ដឹកនាំអាស៊ាន ស្តីពី «អាស៊ានរួមគ្នាធ្វើ៖ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា», សេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ាន ស្ដីពីខួបលើកទី ៥៥ របស់អាស៊ាន, និងសេចក្តីថ្លែងការណ៍របស់ថ្នាក់ដឹកនាំអាស៊ានស្ដីពីរបៀវារៈនៃការតភ្ជាប់អាស៊ានក្រោយឆ្នាំ ២០២៥ ។ យើងក៏បានអនុម័ត សេចក្តី ថ្លែងការណ៍រួម ស្តីពីការកសាងអនាគតប្រកបដោយចីរភាព បរិយាបន្ន និងភាពធន់ តាមរយៈការបំផុសសហគ្រិនភាពស្ត្រីអាស៊ាន បន្ទាប់ពីកិច្ចប្រជុំកំពូលស្រ្តីអាស៊ាន លើកទី ២ ប្រកបដោយជោគជ័យ នាថ្ងៃទី ១២ ខែ តុលា ឆ្នាំ ២០២២ ។ ជាមួយគ្នានេះដែរ យើងក៏មានក្តីសោមនស្ស ដែលមានលទ្ធភាពរៀបចំជាលើកទី ២ នូវកិច្ចសន្ទនាសកលអាស៊ាន (ASEAN Global Dialogue) ដើម្បីផ្លាស់ប្តូរទស្សនៈ សម្រាប់ការកសាងអាស៊ានប្រកបដោយចីរភាព និងបរិយាបន្ន ក្នុងសម័យកាលក្រោយជំងឺកូវីដ-១៩ ។

សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ដោយសង្កត់ធ្ងន់ថា មជ្ឈភាពអាស៊ាន គឺជាកម្លាំងចលករចម្បង សម្រាប់កិច្ចសន្ទនា និងកិច្ចសហប្រតិបត្តិការជាមួយនឹងដៃគូខាងក្រៅ តាមរយៈយន្តការដែលដឹកនាំដោយអាស៊ាន ។ ទោះបីជាស្ថិតក្នុងស្ថានការណ៍ណាក៏ដោយ យើងត្រូវរក្សាឯកភាពអាស៊ាន ដើម្បីអត្ថប្រយោជន៍ខ្ពស់បំផុតសម្រាប់តំបន់ទាំងមូល ។ ការលើកកម្ពស់សាមគ្គីភាព និងឯកភាព នឹងនៅតែជាអាទិភាពកំពូលរបស់យើង នៅក្នុងឆ្នាំបន្តបន្ទាប់ទៀត ។ ជាសក្ខីភាពជាក់ស្តែងនៃស្មារតី «ភាពរួបរួមគ្នា» នៅក្នុងឆ្នាំនេះ យើងអាចដោះស្រាយ និងទប់ស្កាត់បញ្ហាប្រឈមជាច្រើន នៅក្នុងតំបន់យើង ដែលនាំឱ្យយើងមានលទ្ធភាព ក្នុងការរក្សានូវសន្តិភាព វិបុលភាព និងសុខដុមរមនា សម្រាប់គ្រួសារ អាស៊ានរបស់យើង ។ព្រះរាជាណាចក្រកម្ពុជា មានជំនឿយ៉ាងពេញលេញថា សាធារណៈរដ្ឋឥណ្ឌូនេស៊ី ដែលក្លាយជាប្រធានអាស៊ានប្តូរវេនបន្ទាប់ទៅនេះ នឹងបន្តដឹកនាំអាស៊ាន ដើម្បីសម្រេចបាននូវគោលបំណង ចម្បង គឺសហគមន៍អាស៊ាន ប្រកបដោយសុខសន្តិភាព ភាពធន់ និងបរិយាបន្ន ។

 

សម្តេចតេជោក៏សូមយកឱកាសនេះ ដើម្បីសូមអញ្ជើញថ្នាក់ដឹកនាំនៃបណ្តាប្រទេសអាស៊ាន ដើម្បីចូលរួមបើកកម្មវិធីប្រកួតកីឡាស៊ីហ្គេមជាផ្លូវការណ៍ លើកទី ៣២ នៅថ្ងៃទី ៥ ខែឧសភា ឆ្នាំ ២០២៣ និង ពិធីបើកកម្មវិធីប្រកួតកីឡាប៉ារ៉ាហ្គេមអាស៊ាន លើកទី ១២ នៅថ្ងៃទី ៣ ខែ មិថុនា ឆ្នាំ ២០២៣ ដែលជាសមិទ្ធផលមួយទៀត សម្រាប់សាមគ្គីភាព កិច្ចខិតខំប្រឹងប្រែង និងមិត្តភាពរបស់យើង ។​ជាចុងក្រោយ ក៏សូមជូនពរ ព្រះចៅស៊ុលតង់ ឯកឧត្តម លោកជំទាវ និងភ្ញៀវកិត្តិយសទាំងអស់ នូវសុខភាពល្អ និងជោគជ័យលើគ្រប់ភារកិច្ច។

សូមបញ្ជាក់ថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ មានរយៈពេល៤ ថ្ងៃចាប់ថ្ងៃទី ១០មកដល់ទី១៣ វិច្ឆិកា ឆ្នាំ២០២២នេះ ត្រូវបានបិទបញ្ចប់ហើយ ដោយទទួលបានលទ្ធផលជោគជ័យយ៉ាងត្រចះត្រចង់ ជាប្រវត្តិសាស្ត្រ៕នាគស

ព័ត៌មានពេញនិយម