Friday, November 22, 2024

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ជាប្រធានអាស៊ាន ដឹកនាំកិច្ចប្រជុំសំខាន់ៗ និងធ្វើជាសហប្រធាន ជាមួយមេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ាន 

រាជធានីភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាប្រធានអាស៊ានប្ដូរវេន បន្តជាអ្នកដឹកនាំ និងជាសហប្រធាន ក្នុងកិច្ចប្រជុំកំពូលអាស៊ាន និងដៃគូសន្ទនាចំនួន៦ ព្រមទាំងជួបពិភាក្សាការងារជាមួយប្រធានាធិបតីអាមេរិក និងនាយករដ្ឋមន្ត្រីជប៉ុន នៅព្រឹកថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២នេះ។

កិច្ចប្រជុំសំខាន់ៗដែលនឹងបន្តទាំង៦នោះរួមមាន៖ កិច្ចប្រជុំកំពូលអាស៊ានបូកបី (ចិន ជប៉ុន កូរ៉េ) លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ឥណ្ឌា លើកទី១៩, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-អាមេរិក លើកទី១០ និងកិច្ចប្រជុំកំពូលខួបអនុស្សាវរីយ៍អាស៊ាន និងកាណាដា។

កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំកំពូលដៃគូពាក់ព័ន្ធ ដែលរៀបចំដោយកម្ពុជា ឈានចូលដល់ថ្ងៃទី៣ហើយ ហើយនឹងត្រូវបញ្ចប់នៅថ្ងៃអាទិត្យស្អែកនេះ។

ក្រៅពីកិច្ចប្រជុំនេះទៅ នៅពេលរាត្រីនេះ សម្តេចតេជោ ហ៊ុន សែន, មេដឹកនាំអាស៊ាន, មេដឹកនាំប្រទេសដៃគូសន្ទនារបស់អាស៊ាន, អគ្គលេខាធិការអង្គការសហប្រជាជាតិ ព្រមទាំងថ្នាក់ដឹកនាំអង្គការដៃគូអភិវឌ្ឍន៍ដទៃទៀត ព្រមទាំងគណៈប្រតិភូជួបជុំគ្នាប្រារព្ធពិធីជប់លៀង។ ពិធីជប់លៀងនេះ មេដឹកនាំពាក់ព័ន្ធទាំងអស់នឹងស្លៀកសម្លៀកបំពាក់ឈុតប្រពៃណី ដែលកាត់ជូនដោយកម្ពុជា។

បន្ទាប់ពីកម្មវិធីដែលបានរៀបរាប់ខាងលើនេះ សម្តេចតេជោ ហ៊ុន សែន ក៏នឹងមានជំនួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តម ​ហ្វូមីអូ គីស៊ីដា នាយករដ្ឋមន្ត្រីជប៉ុន, ឯកឧត្តម ចូ បៃដិន ប្រធានាធិបតីអាមេរិក និងឯកឧត្តម Charles Michel ប្រធានក្រុមប្រឹក្សាអឺរ៉ុបផងដែរ។

 

សូមបញ្ជាក់ថា ក្នុងនាមជាប្រធានប្តូរវេនរបស់អាស៊ាន កម្ពុជាទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដែលត្រូវបានរៀបចំឡើងចាប់ពីថ្ងៃទី១០ ដល់ ១៣ ខែវិច្ឆិកា ឆ្នាំ២០២២។ នេះជាលើកទី៣ហើយ ដែលកម្ពុជាក្លាយជាប្រធានប្តូរវេនរបស់អាស៊ាន និងទទួលភារកិច្ចរៀបចំកិច្ចប្រជុំនានា បន្ទាប់ពីក្លាយជាសមាជិកនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។

ជាប្រវត្តិសាស្ត្រអាស៊ាន ក្នុងនាមជាប្រធានប្តូរវេននៅឆ្នាំនេះ កម្ពុជាប្រឈមនឹងបញ្ហាក្តៅជាច្រើន ដែលមិនធ្លាប់មាន។ បញ្ហាទាំងនោះរួមមាន៖ វិបត្តិនយោបាយនៅមីយ៉ាន់ម៉ា សមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងបញ្ហាសង្គ្រាមនៅអ៊ុយក្រែនជាដើម។

ទោះបីជាយ៉ាងណា ក្នុងនាមជាប្រធានកម្ពុជាបានកំណត់យកមូលបទរួមនៃកិច្ចប្រជុំ «អាស៊ានរួមគ្នាធ្វើ ដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»៕នាគស

ព័ត៌មានពេញនិយម