Friday, November 22, 2024

ឯកឧត្តមនាយករដ្ឋមន្រ្តីចិនសង្ឃឹមថា កិច្ចសហប្រតិបត្តិកម្ពុជា-ចិន នឹងរួមចំណែកយ៉ាងសំខាន់ និងធ្វើឱ្យប្រជាជននិងប្រជាជន ស្វែងយល់ពីអារ្យធម៌ពីគ្នាថែមមួយកម្រិតទៀត

ខេត្តសៀមរាប៖ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន ​សង្ឃឹមថាកិច្ចសហប្រតិបត្តិកម្ពុជា-ចិន នឹងរួមចំណែកយ៉ាងសំខាន់ និងធ្វើឱ្យប្រជាជននិងប្រជាជន ស្វែងយល់ពីអារ្យធម៌ពីគ្នាថែមមួយកម្រិតទៀត។ការថ្លែងបែបនេះធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ និងប្រគល់ទទួលគម្រោងជួសជុលប្រាសាទតាកែវ​ ដែលជាគម្រោងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា​ និងចិន កាលពីព្រឹកថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ពិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាព​ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ជាមួយ ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន​ និងអធិបតីភាព ឯកឧត្តម​ អ៊ាន​ ឃុន​ ប្រធានក្រុមប្រឹក្សាខេត្ត​ និងឯកឧត្តម​ ទៀ​ សីហា​ អភិបាល​ នៃគណៈអភិបាលខេត្តសៀមរាប។
ឯកឧត្តមឧបនាយករដ្ឋមន្រ្តី ជា សុផារ៉ា មានប្រសាសន៍ថា សាធារណរដ្ឋប្រជាមានិតចិន តាមរយៈគោលនយោបាយ និងកិច្ចសហប្រតិបត្តិការទ្វេភាគីនានា នឹងបន្តចូលរួមកាន់តែសកម្មក្នុងកិច្ចការអភិរក្ស និងការពារបេតិកភណ្ឌវប្បធម៌ឱ្យបានកាន់តែខ្លាំងក្លា ដូចដែលភាគីមិត្តបាននិងកំពុងធ្វើក្នុងការអភិវឌ្ឍសេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍នៅព្រះរាជាណាចក្រកម្ពុជា និងការគាំទ្រភាពជាដៃគូអាស៊ាន-ចិន ក្នុងក្របខណ្ឌអាស៊ានតាំងពីដើមរៀងមក។ ការជួយរបស់ចិនសម្រាប់កិច្ចការអភិរក្សប្រាសាទមានតាំងពីឆ្នាំ ១៩៩៣ មក ជាក់ស្ដែងគម្រោងជួសជុលប្រាសាទតាកែវ បានចាប់ផ្តើមពីឆ្នាំ ២០១១ រហូតដល់ឆ្នាំ ២០១៨ និងបន្តជួសជុលប្រាសាទដទៃទៀតក្នុងរមណីយដ្ឋានអង្គរ។
ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋប្រជាមានិតចិន បានបង្ហាញស្មារតីស្មោះស្ម័គ្រចំពោះចំណងមិត្តភាពដ៏ជ្រាលជ្រៅរវាងកម្ពុជា-ចិន។ ឯកឧត្តមមានប្រសាសន៍ថា កិច្ចសហប្រតិបត្តិការកម្ពុជា-ចិនមានជាង១ពាន់ឆ្នាំមកហើយ តាមរយៈកំណត់ហេតុ និងសៀវភៅប្រវត្តិសាស្រ្តជាច្រើននិយាយរឿងរ៉ាវនៃអារ្យធម៌ប្រទេសទាំងពីរ។ ហើយគម្រោងជួសជុលប្រាសាទតាកែវ ធ្វើឡើងក្នុងក្របខណ្ឌអង្គការយូណេស្កូដែលបានជួយកម្ពុជាក្នុងការអភិរក្សមរតកវប្បធម៌របស់ខ្លួន។
ឯកឧត្តមនាយករដ្ឋមន្រ្តី មានសុទិដ្ឋិនិយមថា គម្រោងជួសជុលនេះនឹងផ្ដល់ផលប្រយោជន៍ច្រើនដល់កម្ពុជា ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ និងការផ្លាស់ប្ដូរនៃអារ្យធម៌បណ្ដាប្រទេសនៅក្នុងពិភពលោក។ ចិនគាំទ្រ នឹងបន្តកិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសកម្ពុជាក្នុងការអភិរក្សប្រាសាទ និងជួយជំរុញផ្ដាស់ប្ដូរសេដ្ឋកិច្ច និងវប្បធម៌ ដើម្បីជំរុញការផ្សារភ្ជាប់គ្នារវាងប្រជាជននិងប្រជាជន។ឯកឧត្តមនាយករដ្ឋមន្រ្តីចិនសង្ឃឹមថា កិច្ចសហប្រតិបត្តិកម្ពុជា-ចិន នឹងរួមចំណែកយ៉ាងសំខាន់ និងធ្វើឱ្យប្រជាជននិងប្រជាជន ស្វែងយល់ពីអារ្យធម៌ពីគ្នាថែមមួយកម្រិតទៀត។
គួររំលឹកផងដែរថា គម្រោងជួសជុលប្រាសាទតាកែវ ជាគម្រោងសហប្រតិបត្តិការអន្តរជាតិរវាងកម្ពុជា​ និងចិន អនុវត្តដោយក្រុមការងារនៃរដ្ឋាភិបាលចិនសម្រាប់ការអភិរក្សអង្គរហៅកាត់ថា CSA ដែលបានចាប់ផ្តើមពីឆ្នាំ២០១១ និងបញ្ចប់នៅឆ្នាំ២០១៨៕នាគស  

ព័ត៌មានពេញនិយម