ខេត្តសៀមរាប៖ កម្ពុជាជាប្រទេសមានសុខសុវត្ថិភាព ពេញបរិបូរណ៍ ទើបលោកប្រធានាធិបតី ចូ បៃឌិន នឹងមកបំពេញទស្សនាកិច្ចនៅកម្ពុជា ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២។
ការលើកឡើងថា សន្តិសុខអាមេរិកបានស្នើសុំសិទ្ធិបាញ់ ពីរាជរដ្ឋាភិបាលកម្ពុជាថាប្រសិនមានពលរដ្ឋធ្វើដំណើរតាមក្បួន ឬជិះវ៉ាក្បួនរថយន្តរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងគណៈប្រតិភូអាមេរិកដែលធ្វើដំណើរមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា នោះកងកម្លាំងអាមេរិកនឹងបាញ់ដោយពុំមានការលើកលែងឡើយ។ ជាមួយគ្នានេះស្នើសុំសិទ្ធិបាញ់ ប្រសិនពលរដ្ឋហ៊ានលើកទូរសព្ទថតដោយសង្ស័យថាជាអាវុធក្នុងអំឡុងក្បួនរបស់ប្រធានាធិបតីអាមេរិកមកកម្ពុជា ជារឿងមិនពិត។នេះបើយោងតាមឆ្លើយតបមកអ្នកសារព័ត៌មាន របស់អ្នកនាំពាក្យក្រសួងមហាផ្ទៃ។
ក្រសួងមហាផ្ទៃបានអះអាងថា៖ «មិនមានព័ត៌មាននេះទេ។ នេះជាព័ត៌មានមិនពិត។ តាមពិតទៅវាគ្មានអ៊ីចឹងទេ បើរឿងពិតមែនហ្នឹងខ្មែរយើងយល់ព្រមទេ? ជាធម្មតាការងារអ៊ីចេះ (ធានាសុវត្ថិភាពគណៈប្រតិភូអាមេរិក) គេក្តាប់បានអស់ហើយ មុននឹងធ្វើគេដឹងអស់ហើយ គេប្រការមុន»។ដើម្បីធានាសុវត្ថិភាពគណៈប្រតិភូជាតិ និងអន្តរជាតិ រាជរដ្ឋាភិបាលបានត្រៀមកងកម្លាំងចម្រុះជាង ១ម៉ឺននាក់នៅចាំល្បាត និងការពារនៅតាមដងផ្លូវដែលមានក្បួនរថយន្តគណៈប្រតិភូ និងនៅបរិវេណសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ។
គូសបញ្ជាក់ថា លោកប្រធានាធិបតី ចូ បៃឌិន នឹងមកបំពេញទស្សនាកិច្ចនៅកម្ពុជា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីចូលរួមក្នុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំអាមេរិក-អាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា។បន្ទាប់មកលោកប្រធានាធិបតីអាមេរិកនឹងបន្តចូលរួមកិច្ចប្រជុំកំពូល G20 ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែវិច្ឆិកានៅប្រទេសឥណ្ឌូណេស៊ី។
នេះសបញ្ជាក់ឲ្យឃើញថា វត្តមានរបស់ ប្រធានាធិបតីអាមេរិក លោក ចូ បៃឌិន និងគណៈប្រតិភូអាមេរិកដែលនឹងធ្វើដំណើរមកកម្ពុជា គឺប្រទេសកម្ពុជា ជាប្រទេសដែលពោរពេញទៅដោយសុខសន្តិភាព សុវត្ថិភាពពេញបរិបូណ៌ ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា យ៉ាងជាក់ច្បាស់៕នាគស