Saturday, July 12, 2025

ឃាត់ខ្លួនជនជាតិវៀតណាមម្នាក់ក្នុងករណីលួច និងដកហូតម៉ូតូបានពីរគ្រឿងប្រគល់ជូនម្ចាស់វិញ 

ខេត្តសៀមរាប ៖ សេចក្តីរាយការណ៍របស់សមត្ថកិច្ចបានឲ្យដឹងថា កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៥ វេលាម៉ោង១៦ និង ០០នាទី មានជនរងគ្រោះឈ្មោះ ស.ស.ប ភេទ ប្រុស អាយុ ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិកសិកម្ម សង្កាត់ស្រង៉ែ ក្រុងសៀមរាប ខេត្តសៀមរាប បានមកដាក់ពាក្យបណ្ដឹងថា នៅថ្ងៃទី១០ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១៥ និង ០៥នាទី នៅចំណុចហាងបិតស្គុតម៉ូតូ ស្ថិតនៅភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប មានជនមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចម៉ូតូរបស់ខ្លួន ចំនួន០១គ្រឿង ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២២ ពាក់ផ្លាកលេខ សៀមរាប ១AL ០៧៣៨ រួចគេចខ្លួនបាត់ ។ សេចក្តីរាយការណ៍ដដែលបានបន្តថា ក្រោយពីកម្លាំងសមត្ថកិច្ចយើងបានទទួលពាក្យបណ្ដឹង និងមានការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តនិងជាប្រធានគណៈបញ្ជាការឯកភាពខេត្តសៀមរាប ស្តីពីការពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់សង្គម បង្ការ បង្រ្កាបរាល់បទល្មេីសគ្រប់ប្រភេទ និងអនុវត្តតាមបទបញ្ជារបស់លោក ឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប កម្លាំងនគរបាលក្រុងសៀមរាប ដឹកនាំបញ្ជាផ្ទាល់ដោយលោកវរសេនីយ៍ឯក ដា ចំរើន អធិការនគរបាលក្រុងសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការស្រាវជ្រាវ រហូតកំណត់បានថាជាមុខសញ្ញាចាស់ទើបចេញពីពន្ធនាគារហើយនោះ នៅថ្ងៃទី១២ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១១ និង ០០នាទី នៅចំណុចភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប កម្លាំងនគរបាលបានឃាត់ខ្លួនជនសង្ស័យ០១នាក់នោះតែម្ដង ដោយជននោះមានឈ្មោះ ហូ យ៉ាំងសៀន ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ ជនជាតិវៀតណាម មានស្រុកកំណើតខេត្តកំពង់ឆ្នាំង ដែលបច្ចុប្បន្ន រស់នៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប និងវត្ថុតាង (ម៉ូតូរបស់ជនរងគ្រោះ) យកមកធ្វើការសួរនាំ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួន ពិតជាធ្វើសកម្មភាពលួចម៉ូតូរបស់ជនរងគ្រោះខាងលើពិតប្រាកដមែន ហើយជនសង្ស័យបានក៍ឆ្លើយសារភាពបន្ថែមថា កាលពីថ្ងៃទី០៩ ខែកក្ដដា ឆ្នាំ២០២៥ វេលាម៉ោង១២ និង១០នាទី នៅចំណុចភូមិជន្លង់ សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប ខ្លួនបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿងទៀត ម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០២០ ពាក់ផ្លាកលេខ សៀមរាប ១AK ៥៤០៣ ផងដែរ ហើយចំពោះករណីនេះ កម្លាំងនគរបាលក៏បានទទួលពាក្យបណ្ដឹងពីជនរងគ្រោះឈ្មោះ យ.ក.រ ភេទស្រី អាយុ ២៣ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប ។សេចក្តីរាយការណ៍បានបញ្ជាក់ថា វត្ថុតាងដកហូតរួមមាន ម៉ូតូជនរងគ្រោះ ចំនួន០២គ្រឿង លួសស្ពាន់សម្រាប់តបញ្ឆេះម៉ូតូ ក្នុងនោះកម្លាំងនគរបាលបានធ្វើតេស្ដស្វែងរកសារធាតុញៀនលើជនសង្ស័យខាងលើ លទ្ធផលវិជ្ជមាន (ជាតម្រុយមេតំហ្វេតាមីន) ហើយបច្ចុប្បន្នជនសង្ស័យខាងលេី ត្រូវបានបញ្ជូនទៅកម្លាំងការិយាល័យជំនាញ ដើម្បីបន្តនីតិវិធី រីឯវត្ថុតាង ម៉ូតូចំនួន០២គ្រឿង បានប្រគល់ជូនជនរងគ្រោះជាម្ចាស់វិញផងដែរ៕KD

ព័ត៌មានពេញនិយម