ខេត្តសៀមរាប ៖ ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ដោយបានការយកចិត្តទុកដាក់ និងដឹកនាំបញ្ជាដោយផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
និងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប កាលពីល្ងាចថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០២៥ កម្លាំងការិយាល័យប្រឆាំងបទល្មើសបច្ចេកវិទ្យា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងកម្លាំងនៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចូលរួមសហការជាមួយកម្លាំងនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យាក្រសួងមហាផ្ទៃ បានធ្វើការស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ហុង ភា ភេទ ប្រុស អាយុ ៣០ឆ្នាំ ដែលមានទីលំនៅបច្ចុប្បន្ន ក្នុងភូមិបន្ទាត់បោះ ឃុំដានរុន ស្រុកសូទ្រនិគម ខេត្តសៀមរាប ក្នុងករណី ឆបោក តាមរយៈបណ្តាញសង្គម ដែលបានបង្កើតគណនីហ្វេសប៊ុកមួយមាន ឈ្មោះ ខ្មែរ ខ្មែរ (ប្រើប្រាស់បច្ចុប្បន្ន) និងគណនីហ្វេសប៊ុកចំនួន ០៤ទៀត ដែលមានឈ្មោះ ហុង ភា, ម៉េសៀមរាប, Ah Su, ម៉ែសៀមរាប។
ប្រភពដដែលបានបន្តថា ដោយក្នុងអំឡុងឆ្នាំ២០២៥នេះ ជនសង្ស័យខាងលើ បានប្រើប្រាស់គណនីហ្វេសប៊ុក ឈ្មោះ ខ្មែរ ខ្មែរ បង្ហោះនូវរូបភាពកុមារកំព្រា ជនពិការ ដ៏គួរឱ្យសោកសង្រែង ដែលកំពុងត្រូវការថវិកាជំនួយពីសប្បុរសជន មកសង្គ្រោះបន្ទាន់ និងរូបភាពសុំជំនួយសម្រាប់កងទ័ពជាដើម ដែលបង្កើតឡើងដោយបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត AI ក្នុងគោលដៅឆបោកប្រាក់ពីប្រជាពលរដ្ឋស្លូតត្រង់ ដែលមានចិត្តអាណិតអាសូរពិតប្រាកដតាមរយៈការបរិច្ចាគថវិកា តាម QR Code ធនាគារ អេសុីលីដា ឈ្មោះ HONG PHEA (0972388041) និង ធនាគារ ABA ឈ្មោះ PHEA HONG (005881511) ដែលជាគណនីធនាគាររបស់ ឈ្មោះ ហុង ភា សម្រាប់ទទួលប្រាក់ដែលបានមកពីការឧបត្ថម្ភនានា។
ប្រភពពីសមត្ថកិច្ចបានបញ្ជាក់ថា នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យខាងលើ បានបញ្ជាក់ប្រាប់ថា កន្លងមកខ្លួនបានទទួលប្រាក់ពីការបង្ហោះ ឆបោក លើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សរុបជាប្រាក់ប្រហែលជា ២លានរៀល ហើយទឹកប្រាក់នោះខ្លួនបានយកទៅប្រើប្រាស់ដើម្បីដោះស្រាយជីវភាព។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានដោយដឹងថា នៅល្ងាចថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥នេះ កម្លាំងការិយាល័យជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជូនខ្លួនជនត្រូវចោទ ឈ្មោះ ហុង ភា ភេទ ប្រុស អាយុ ៣០ឆ្នាំ ដែលពាក់ព័ន្ធករណី “ឆបោកតាមរយៈបណ្តាញសង្គម” ទៅកាន់ពន្ធនាគារខេត្តសៀមរាបហើយ បន្ទាប់ពី លោក អាំង សុភា ចៅក្រមស៊ើបសួរ និងជាអនុប្រធានសាលាដំបូងខេត្តសៀមរាប ចេញដីកាបង្កាប់ឱ្យឃុំខ្លួនបណ្តោះអាសន្ន។
លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការនគរបាលខេត្តសៀមរាប បានក្រើនរំលឹកដល់បងប្អូនប្រជាពលរដ្ឋ និងសាធារណជនទាំងអស់មេត្តាប្រុងប្រយ័ត្នខ្ពស់ចំពោះល្បិចឆបោកដូចករណីខាងលើ និងសូមកុំធ្វើការបរិច្ចាគប្រាក់ទៅលើមូលនិធិ ដែលគ្មានប្រភពច្បាស់លាស់តាមបណ្តាញសង្គមនានា ដោយសារបច្ចុប្បន្នបច្ចេកវិទ្យា បញ្ញាសិប្បនិម្មិត ឬ AI (Artificial intelligence) កាន់តែមានភាពរីកចម្រើន ការបង្កើតរូបភាពសិប្បនិម្មិតនានា កាន់តែមានភាពស្រដៀងទៅនឹងរូបភាពពិតប្រាកដជាខ្លាំង ដែលធ្វើឱ្យសាធារណជនទូទៅកាន់តែមានផលពិបាកក្នុងការបែកចែករវាងរូបភាពពិតប្រាកដ និងរូបភាពសិប្បនិម្មិត ធ្វើឲ្យជនខិលខូចបានឆ្លៀតឱកាសនេះប្រើប្រាស់នូវរូបភាពសិប្បនិម្មិតទាំងនោះធ្វើការផ្សព្វផ្សាយតាមរយៈបណ្តាញទំនាក់ទំនងសង្គម ដើម្បីស្នើសុំការបរិច្ចាគថវិកាជំនួយសប្បុរសទៅឱ្យពួកគេ៕KD