Monday, June 30, 2025

ឃាត់ខ្លួនយុវជនម្នាក់ ដែលជាក្មេងវត្តព្រះអង្គកងជុំ ក្រោយផឹកស្រាថ្នាំនៅលើសាលាឆាន់ ហើយវាយទៅលើក្មេងកំព្រាម្នាក់ ចំនួន ០៤ពូថៅ រួចរត់ទៅសំងំលាក់ខ្លួននៅផ្ទះសាច់ញាតិ

ខេត្តសៀមរាប ៖ សមត្ថកិច្ចបានធ្វើការឃាត់ខ្លួនយុវជនម្នាក់ ដែលជាក្មេងវត្តព្រះអង្គកងជុំ ហៅវត្តព្រះអង្គខ្មៅ ក្រោយផឹកស្រាថ្នាំនៅលើសាលាឆាន់ ហើយវាយទៅលើក្មេងកំព្រាម្នាក់ ចំនួន ០៤ពូថៅ រួចរត់ទៅសំងំលាក់ខ្លួននៅផ្ទះសាច់ញាតិ ដែលនៅក្រោយផ្សារភូមិភាគ ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោងម៉ោង១៧ និង៣០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។ យោងតាមប្រភពដែលច្បាស់ការមួយបាន ឲ្យទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ដឹងនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥នេះថា កាលពីវេលាម៉ោង០២ និង០០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ កន្លងទៅមានជនសង្ស័យម្នាក់ឈ្មោះ ពក ពេជ្រ ហៅវែង ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ទីកន្លែងកំណើតភូមិគោកដូង ឃុំទឹកវិល ស្រុកពួក ខេត្តសៀមរាប បច្ចុប្បន្នស្នាក់នៅវត្តព្រះអង្គកងជុំ ដែលស្ថិតក្នុងបរិវេណក្រុងអង្គរធំ ក្នុងភូមិគោកតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប (ប្រវត្តទោសគ្មាន) បានប្រើហិង្សាទៅជនរងគ្រោះឈ្មោះ ភា សំណាង ភេទប្រុស អាយុ ១៤ឆ្នាំ មុខរបរ សិស្សថ្នាក់៣ ស្នាក់នៅអង្គការគាំពារកុមារកំព្រានិងអភិរក្សសិល្បះវប្បធម៌អរិយ៍ធម៌នៅកម្ពុជា ស្ថិតនៅភូមិគោគតាចាន់ សង្គាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ខណៈពេលដែលជនរងគ្រោះកំពុងដេកលង់លក់នៅក្នុងសាលាឆាន់ នៃវត្តព្រះអង្គកងជុំ ហៅវត្តព្រះអង្គខ្មៅ ស្ថិតនៅភូមិគោតាចាន់ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ក្នុងសកម្មភាពនោះជនសង្ស័យឈ្មោះ ពក ពេជ្រ ហៅវែង យកពូថៅពីក្រោយសាលាឆាន់ វាយទៅលើជនរងគ្រោះចំនួន ០៤ពូថៅ៖ ទី១.ត្រូវចំស្មា និងឆ្អឹងដងកាំបិត ដៃឆ្វេង ចំនួន ០១ថៅ, ទី២.ត្រូវចំចុស្លាបប្រជៀវខាងឆ្វេង ចំនួន ០១ថៅ, ទី៣.ត្រូវចំឆ្អឹងផាល ស្លាបប្រជៀវខាងស្តាំ ចំនួន ០១ថៅ និងទី៤.ត្រូវចំដើមទ្រូងខាងស្តាំ (ផ្នែកខាងមុខ) ចំនួន ០១ថៅ បណ្តាលឱ្យរងរបួសត្រូវបានបុគ្គលិកអង្គការគាំពារកុមារកំព្រានិងអភិរក្សសិល្បះវប្បធម៌អរិយ៍ធម៌នៅកម្ពុជា បញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យកុមារគុន្ធបុប្ផា។

 

ប្រភពដដែលបានបន្តថា បន្ទាប់ពីទទួលបានព័ត៌មានជុំវិញករណីខាងលើ កម្លាំងសម្ត្ថកិច្ចបានចុះដល់កន្លែងកើតហេតុ ហើយធ្វើការស្រាវជ្រាវភ្លាមនឹងនាំខ្លួនមុខសញ្ញាជនដៃដល់ទៅធ្វើការសាកសួរ ក្រោយពីរត់គេចពីវត្តខាងលើ ទៅសំងំនៅផ្ទះប្អូនរបស់ខ្លន ដែលនៅក្រោយផ្សារភូមិភាគ ស្ថិតក្នុងភូមិខ្វៀន សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប វេលាម៉ោងម៉ោង១៧ និង៣០នាទីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥។

ប្រភពដដែលបានបន្ថែមថា នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យឈ្មោះ ពក ពេជ្រ ហៅវែង ភេទប្រុស អាយុ ២៦ឆ្នាំ បានសារភាពថា៖ ខ្លួនពិតជាបានប្រព្រឹត្តបទល្មើសខាងលើ ពិតប្រាកដមែន ដោយសារខឹងជនរងគ្រោះឌឺដងដាក់ខ្លួន។ ដំបូងឡើយវេលាម៉ោង២០ និង៣០នាទី ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២៥ អង្គុយផឹកស្រាថ្នាំនៅលើសាលាឆាន់ តែម្នាក់ឯងលុះដល់វេលាម៉ោង ២១ និង០០នាទី ជនរងគ្រោះបានទៅដល់សាលាឆាន់ដែរ ដោយរូបខ្លួនប្រាប់ក្មេងៗកុំមកលើសាលាឆាន់ ស្រាប់តែជនរងគ្រោះតបវិញថា “ អាចម៌អីហា” និងគោះការ៉ូ ឌឺដងរូបខ្លួន តែខ្លួនមិនប្រើអំពើហិង្សាទៅលើរូបគេភ្លាមនោះទេ លុះដល់ម៉ោង២២:៣០នាទី ពួកខ្លួនចូលដេកនៅលើសាលាឆាន់រៀងៗខ្លួន លុះវេលាម៉ោង០២ និង០០នាទី រំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ខណៈពេលជនរងគ្រោះកំពុងដេកលក់ រូបខ្លួនដើរទៅយកពូថៅរបស់កម្មករសំណង់ដែលទុកនៅក្រោយសាលាឆាន់ វាយជនរងគ្រោះចំនួន ៤ ទៅ ៥ពូថៅ បណ្តាលឱ្យរងរបួស សន្លប់ប្រហែល ២០នាទីទើបជនរងគ្រោះដឹងខ្លួន ហើយក្រោកដើរទៅអង្រឹងដើរទៅមុខវត្ត ចំណែករូបខ្លួន(ជនសង្ស័យ)បានគេចទៅក្រោយវត្ត និងបន្តទៅសំងំនៅផ្ទះប្អូនរហូតដល់ពេលសមត្ថកិច្ចឃាត់ខ្លួន ហើយសមត្ថកិច្ចបាននាំជនដៃដល់ខាងលើ ទៅចង្អុលង្ហាញកន្លែងកើតហេតុ និងស្រាវជ្រាវរកវត្ថុតាងពូថៅ ប៉ុន្តែរកពុំឃើញ។
ប្រភពដដែលបានបញ្ជាក់ថា បច្ចុប្បន្នកម្លាំងសមត្ថកិច្ចជំនាញបាននឹងកំពុងការកសាងសំណុំរឿងបញ្ជូនទៅតុលាខេត្តសៀមរាបតាមនិតិវិធីផងដែរ។
ជុំវិញករណីក្មេងក្នុងវត្តនេះប្រើហិង្សាលើក្មេងកំព្រាខាងលើនេះដែរ កាលពីព្រឹកថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៥ ព្រះភិក្ខុសង្ឃ វិរិយនុបាល សេង ពេជ្យ ព្រះសមុហ៍អនុគុណក្រុងសៀមរាប ជាព្រះគ្រូចៅអធិការវត្តព្រះអង្គកងជុំ ហៅ វត្តព្រះអង្គខ្មៅ ស្ថិតនៅភូមិគោកចាន់ សង្កាត់គោកចក ក្រុងសៀមរាប បានត្រឹមតែមានសង្ឃដីការប្រាប់អ្នកសារព័ត៌មានថា ជារឿងតូចតាច ហើយព្រះអង្គបានដេញក្មេងៗដែលមានញ្ហានោះចេញអស់ហើយ បន្ទាប់មកនៅព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៥ នេះដែរ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានធ្វើការទំនាក់ទំនងតាមលេខទូរសព្ទ ០៩២ ៣២៦ xxx របស់ ព្រះភិក្ខុសង្ឃ វិរិយនុបាល សេង ពេជ្យ ព្រះសមុហ៍អនុគុណក្រុងសៀមរាប ជាព្រះគ្រូចៅអធិការវត្តព្រះអង្គកងជុំ ហៅ វត្តព្រះអង្គខ្មៅ ដើម្បីក្រាបបង្គំសួរព្រះអង្គជុំវិញករណីក្មេងវត្តនេះ ផឹកស្រា និងប្រើហិង្សាលើក្មេងកំព្រាខាងលើនេះ រហូតដល់ចំនួន៣ដង ប៉ុន្តែគ្មានអ្នកទទួល។

សូមជំរាបជូនផងដែរថា នៅអំឡុង២០២១ កុមាររងគ្រោះជាក្មេងអនាថា ដែលត្រូវបុរសចំណាស់ម្នាក់យកទៅផ្លុងចោលនៅចំណុចផ្លូវវត្តកើតហេតុខាងលើ ហើយត្រូវបានអ្នកគ្រប់គ្រងអង្គការគាំពារកុមារកំព្រានិងអភិរក្សសិល្បះវប្បធម៌អរិយ៍ធម៌នៅកម្ពុជា យកទៅចិញ្ចឹម និងឱ្យរៀនសូត្រ គ្រានោះគេមានអាយុប្រហែល ១០ឆ្នាំ រហូតមកដល់បច្ចុប្បន្នគេមានអាយុប្រហែល ១៤ឆ្នាំ ហេតុនេះហើយកុមាររងគ្រោះពុំមានសំបុត្រកំណើតនោះទេ៕KD

 

ព័ត៌មានពេញនិយម