ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង ០០និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែមិថុនា ឆ្នាំ ២០២៥ នៅត្រង់ចំណុចខាងកើតរង្វង់មូល អប្សរា៥០០ម៉ែត្រ ស្ថិតក្នុងភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប លើផ្លូវសម្តេចវិបុលបញ្ញា សុខ អាន មានករណីគ្រោះថ្នាក់ចរាចរណ៍ រថយន្តម៉ាក Toyota HIGHLANDER ពណ៌ទឹកប្រាក់ ផ្លាកលេខ ភ្នំពេញ 2AI-9646 បុកម៉ូតូម៉ាក Honda Dream C125 ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1Q-8899 និងមនុស្សក្មេងចាស់ចំនួន០២នាក់ រួចបានបើករថយន្តគេចចេញពីកន្លែងកើតហេតុ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានមានប្រសាសន៍ឲ្យទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី ដឹង នៅព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ នេះថា អ្នកបើកបរថយន្តបង្កមានឈ្មោះ ង៉ូវ សុគន្ធ ភេទប្រុស អាយុ៤៣ បានបើករថយន្តគេចចេញពីកន្លែងកើតហេតុ ហើយសមត្ថកិច្ចឃាត់រថយន្តបាននៅផ្ទះស្ថិតក្នុង ភូមិអញ្ចាញ សង្កាត់នគរធំ ក្រុងសៀមរាប ខេត្តសៀមរាប ក្រោយពីបានបើកបរក្នុងទិសដៅពីលិចទៅកើត ទៅបុកម៉ូតូ និងម្ចាស់ម៉ូតូមានឈ្មោះ សម្បត្តិ សៅ ភេទប្រុស អាយុ៥៨ឆ្នាំ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ដែលម៉ូតូបានឈប់នៅលើផ្លូវខាងត្បូងបែទៅទិសខាងកើត និងបុកប៉ះក្មេងស្រីឈ្មោះ ពិសិទ្ធ វិមានរចនា អាយុ៤ឆ្នាំផងដែរ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងបានមានប្រសាសន៍បន្តថា ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានបណ្ដាលឲ្យឈ្មោះ ពិសិទ្ធ វិមានរចនា ភេទស្រី អាយុ៤ឆ្នាំ រស់នៅភូមិខ្នារ សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប ដែលឈរនៅចិញ្ចើមផ្លូវខាងត្បូង រងរបួសស្រាលបណ្តាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ធ្ងរ បាក់ឆ្អឹងជំនីចំនួន១៣កាំ ស្ថិតក្នុងការតាមដានស្ថានភាពសុខភាព ដោយសម្រាកនៅមន្ទីរពេទ្យខេត្ត ហើយម៉ូតូខូចខាត(មធ្យម)។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង បានមានប្រសាសន៍បញ្ជាក់ថា ករណីខាងលើនេះ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានបញ្ជាអោយជំនាញអនុវត្តចាត់ចែងទៅតាមនីតិវិធីដោយវាស់វែង ចាប់យកវត្ថុតាង និងបញ្ចូនអ្នកបើកបររថយន្ត០១នាក់ ទៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក។ ករណីនេះក្រុមគ្រួសារទាំងសងខាងបានជួបសម្របគ្នាលើសំណងរដ្ឋប្បវេណី ដោយការយោគយល់គ្នា ហើយករណីក្មេងស្រីរងគ្រោះក្នុងហេតុការណ៍ (ពិសិដ្ឋ វិមានរតនា)ក្រុមគ្រួសារបានទទួលសំណងរដ្ឋប្បវេណិ ពីខាងភាគីរថយន្ត ប៉ុន្តែខាងជនរងគ្រោះម្នាក់ទៀត(ម្ចាស់ម៉ូតូ)នោះក៏កំពុងធ្វើការសម្របសម្រួលគ្នាដែរ។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង ទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបបានមានប្រសាសន៍បញ្ជាក់បន្ថែមថា «តែទោះជាបញ្ចប់សំណងរដ្ឋប្បវេណីយ៉ាងណាក៏ដោយ ក៍ត្រូវតែកសាងសំណុំរឿងបញ្ជូនករណីនេះទៅសាលាដំបូងខេត្តសៀមរាបដើម្បីចាត់ការបន្តតាមនីតិវិធីដែរ»។
រហូតមកដល់ពេលនេះសមត្ថកិច្ចមិនបញ្ជាក់អំពីមូលហេតុ ដែលបណ្ដាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះទេ បើទោះសបីជាប្រជាពលរដ្ឋបានដាក់ការសង្ស័យថាអ្នកបើកបររថយន្តខាងលើបានបើកបរក្នុងសា្ថនភាពស្រវឹង ក៍សមត្ថកិច្ចមិនបានបង្ហាញលទ្ធផល នៃការវាស់នូវកម្រិតជាតិអាល់កុល លើអ្នកបើកបររថយន្តបង្កនោះឡើយ។
នៅរសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានធ្វើការទំនាក់ទំនងទៅការក្រុមគ្រួសារជនរងគ្រោះ ដែលមានឈ្មោះ សម្បត្តិ សៅ ដោយពួកគាត់បានបញ្ជាក់ប្រាប់ថា «ពួកគាត់បានទៅជួបចរចារផ្ទាល់ជាមួយអ្នកបើកបររថយន្ត នៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប នារសៀលថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥នេះផងដែរ ប៉ុន្តែមិនត្រូវរូវគ្នានោះទេ ព្រោះសំណងដែលឲ្យវាតិចតួចពេក ហើយណាមួយស្ថានភាព លោក សម្បត្តិ សៅ ក៍កំពុងតែមានអាការៈធ្ងន់ធ្ងរ ពិបាកដកដង្ហើម អុិចសារ៉េឃើញមានបាក់ឆ្អឹងជំនីរទាំងសងខាងសរុបចំនួន១៣កាំ ហើយនៅមិនទាន់ថតស្គែនផ្នែកក្បាលនៅឡើយ»។
ប្រជាពលរដ្ឋ និងជាពិសេសក្រុមគ្រួសារជនរងគ្រោះ សូមគោរពស្នើរសុំ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ឯកឧត្តម មាស ច័ន្ទពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តសៀមរាប និងជាពិសេស ឯកឧត្តម ប្រាក់ សោភ័ណ អភិបាល នៃគណៈអភិបាលខេត្តសៀមរាប និងជាប្រធានគណៈបញ្ជាការឯកភាពខេត្ត មេត្តាជួយរកយុត្តិធម៌ជូនជនរងគ្រោះក្នុងករណីនេះផង៕KD