Saturday, June 14, 2025

មកដឹងការពិតអំពីការស្លាប់ក៍អាថ៌កំបាំង របស់ លោក ឡៅ ឡឹង នៅកណ្ដាលក្រុងសៀមរាប

ខេត្តសៀមរាប ៖ មានមតិផ្សេងៗគ្នាជុំវិញករណីនៃការស្លាប់ដ៍អាថ៌កំបាំង របស់ លោក ឡៅ ឡឹង អាយុ៤៨ឆ្នាំ ជាអ្នករកស៊ីដ៍ល្បីឈ្មោះ និងជាមនុស្សដែលតែងតែធ្វើនូវសប្បុរសធម៌ម្នាក់ ដោយគេបានប្រទះឃើញសពរបស់លោកដេកផ្កាប់មុខលើការ៉ូឡាក្នុងដីឡូតិ៍ចំហៀងផ្ទះរបស់ខ្លួនមួយកន្លែងស្ថិតក្នុងក្រុមទី០៦ ភូមិទក្សិណត្បូង សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដែលបានបង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង ៧ និង០០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥។ ប្រភពបានឲ្យដឹងថា នៅវេលាម៉ោង ៧ និង០០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ កម្លាំងបានទទួលសេចក្តីថា មានមនុស្សប្រុសម្នាក់ដេកស្លាប់ នៅចំណុចទីតាំងកើតហេតុខាងលើ ដោយសង្ស័យថាជនរងគ្រោះធ្លាក់ពីលើផ្ទះ។ បន្ទាប់ពីទទួលបានសេចក្តីរាយលការណ៍ខាងលើ កម្លាំងសមត្ថកិច្ចជំនាញបានសហការជាមួយកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្ត្រ លោកវេជ្ជបណ្ឌិតកោសល្យវិច័យ នៃមន្ទីរពេទ្យបង្អែកខេត្តសៀមរាប និងកម្លាំងអធិការក្រុងសៀមរាប ក្រោមការសម្របចម្រួសនីតិវិធីពីលោក ប៉ុក តារា ព្រះរាជាអាជ្ញារងនៅអយ្យការអមសាលាដំបូងខេត្តសៀមរាប ដើម្បីបើកការស្រាវជ្រាវភ្លាម។

ប្រភពដដែលបានបន្តថា ក្នុងការចុះស្រាវជ្រាវស៊ើបអង្កេត យ៉ាងយកចិត្តទុកដាក់ ក៍ទទួលបានជាលទ្ធផល៖ ទី១.តាមការពិនិត្យវីដេអូរកាំមេរ៉ាសុវត្ថិភាព ដែលបំពាក់នៅទីតាំងកន្លែងកើតហេតុ៖ នៅយប់ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ឈ្មោះ ឡៅ ឡឹង បានបើករថយន្តចូលមកដល់ក្នុងបរិវេណផ្ទះនៅវេលាម៉ោង២១:៤៧នាទី និង០៦វិនាទី ដើរឡើងទៅបន្ទប់ដេករបស់ខ្លួនស្ថិតនៅជាន់ទី១ តែម្នាក់ឯង លុះដល់ម៉ោង២២:៥៧នាទី និង១៣វិនាទី ឈ្មោះ ឡៅ ឡឹង បានធ្លាក់ពីវេរ៉ង់ដា ស្ថិតនៅខាងបន្ទប់គេងរបស់ខ្លួន ផ្កាប់មុខទៅនិងឥដ្ឋការ៉ូឡាបណ្តាលឱ្យស្លាប់តែម្តង។

ទី២.តាមការស្តាប់បំភ្លឺសាក្សីឈ្មោះ ទិត្យ ឆៃយ៉ា ភេទស្រី អាយុ ៣៤ឆ្នាំ មុខរបរ ស៊ីឈ្នួលសំអាតផ្ទះ រស់នៅភូមិបឹងខ្នារ ឃុំខ្នាត ស្រុកពួក ខេត្តសៀមរាប បានរៀបរាប់ថា៖ ផ្ទះកើតហេតុលើគឺជាសិទ្ធិរបស់ឈ្មោះ ឡៅ ឡឹង ភេទប្រុស អាយុ ៤៨ឆ្នាំ (សព) រស់នៅតែម្នាក់ឯង ដោយសពលែងលះប្រពន្ធ ហើយសពបានជួលរូបគាត់ឱ្យមកសម្អាតផ្ទះជាប្រចាំថ្ងៃ ជាទូរទៅរូបគាត់ចូលធ្វើការពីម៉ោង៧:០០នាទីព្រឹក ចេញនៅម៉ោង១៧:០០នាទីរសៀល។ ជាក់ស្តែងនៅវេលាម៉ោង ៧:០០នាទីព្រឹក ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ រូបគាត់បានចូលមកធ្វើការដូចសព្វដងស្រាប់តែប្រះឃើញឈ្មោះ ឡៅ ឡឹង ដេកស្លាប់ផ្កាប់មុខនៅលើការ៉ូឡា ក្នុងបរិវេណផ្ទះដែលរូបគាត់ស៊ីឈ្នួលសម្អាត ក៏ប្រញ៉ាប់រាយការណ៍ជូនកម្លាំងមត្ថកិច្ចតែម្តង។

ទី៣.តាមការស្តាប់បំភ្លឺសាក្សីឈ្មោះ ជួប ផាន្នី ភេទប្រុស អាយុ ៥២ឆ្នាំ រស់នៅភូមិតាវៀន សង្កាត់សាលាកំរើក ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា៖ នៅយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ រូបគាត់បានចូលរួមកម្មវីធិបង្កក់កូន នៅចំណុចបុរីសៀងណាំ ស្ថិតនៅភូមិខ្នារ សង្កាត់ជ្រាវ ក៏បានឃើញឈ្មោះ ឡៅ ឡឹង ចូលរួមផងដែល ដោយរូបគេបានផឹកស៊ីនិងនិយាយលេងសើចជាមួយគេឯងធម្មតា ហើយក៏ពុំមានទំនាស់ជាមួយនរណាម្នាក់ផងដែរ លុះដល់វេលាម៉ោង ២១:៣០នាទីយប់ឈ្មោះ ឡៅ ឡឹង (សព) បានសុំលាត្រឡប់ទៅផ្ទះវិញ លុះព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ ទើបរូបគាត់ទទួលដំណឺងថា ឈ្មោះ ឡៅ ឡឹង (សព) បានធ្លាក់ពីលើផ្ទះស្លាប់។

ទី៤.តាមការស្តាប់បំភ្លឺឈ្មោះ ហ៊ិន វល័ក្ខ ភេទស្រី អាយុ ៣៩ឆ្នាំ រស់នៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប បានឱ្យដឹងថា៖ រូបគាត់ជាអតីតប្រពន្ធសព ដែលបានលែងលះគ្នានៅឆ្នាំ២០២៣ ដោយតុលាការបានចេញសាលក្រមសម្រេចទ្រព្យសម្បត្តិទាំងអស់ប្រគល់ឱ្យទៅប្តី ចំណែករូបគាត់ទទួលបានទីតាំងលក់គ្រឿង សំណង់ចំនួន ០១កន្លែង នៅឃុំដំដែក ស្រុកសូទ្រនិគម ខេត្តសៀមរាប ចំពោះបំណុលបែងចែកជា ០២ចំណែក ក្នុងរូបគាត់ជាប្រពន្ធទទួលបានសិទ្ធមេបាចំពោះកូនចំនួន ០៣នាក់។ បន្ទាប់មកនៅថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៥ រូបគាត់បានជួបអតីតប្តីក្នុងកម្មវិធីបង្កក់កូនឈ្មោះ ហាច គឹមហេង ចំណុចបុរីសៀងណាំ ក្នុងរូបគាត់បានឃើញអតីតប្តីផឹកស្រាអស់ច្រើន និងមានសភាពស្រវឹងជោគជាំផងដែរ លុះដល់វេលាម៉ោងប្រហែល២១:០០នាទីយប់រូបគាត់ក៏ចេញពីកម្មវិធីខាងលើមុន។  ជាក់ស្តែងនៅវេលាម៉ោង០៧:១០នាទី ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៥ មានឈ្មោះ ដៀម យូរ៉ាន ភេទស្រី អាយុ ៣០ឆ្នាំ ជាបុគ្គលិកអតីតប្តីបានខលតាមឆាតមកគាត់ថា ហ៊ាធ្លាក់ពីលើផ្ទះស្លាប់បាត់ទៅហើយ។

ប្រភពដដែលបានបញ្ជាក់ថា លោកវេជ្ជបណ្ឌិតផ្នែកកោសល្យវិច័យ និងកម្លាំងនគរបាលបច្ចេកទេសវិទ្យាសាស្រ្តបានសន្និដ្ឋានរួមគ្នាថា ករណីខាលើ ជនរងគ្រោះស្លាប់ដោយសាររបួសក្បាលធ្ងន់ធ្ងរធ្លាក់ពីលើទីខ្ពស់ (ធ្លាក់ពីលើផ្ទះ) ដែលនេះជាករណីឧប្បទ្ទវហេតុបង្កឡើយដោយខ្លួនឯង៕KD

 

ព័ត៌មានពេញនិយម