ខេត្តព្រះវិហារ ៖ នៅទីបំផុត ជនដៃដល់ជាកូនប្រុសចិត្តជាតិរច្ឆាន ដែលបានធ្វើសកម្មភាពយកកាំបិតផ្គាក់កាប់ទៅលើឪពុកបង្កើតរបស់ខ្លួន បណ្តាលឱ្យស្លាប់ ត្រង់ចំណុចខ្ទមស្រែមួយកន្លែង ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៣៥នាទីនោះ ត្រូវបានកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ សហការជាមួយកម្លាំងនគរបាល នៃស្នងការដ្ឋាននគរបាលឧត្តរមានជ័យ ឃាត់ខ្លួនបាននៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ហើយ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ការដែលឈានដល់ការឃាត់ខ្លួនបានជនសង្ស័យរូបនេះ គឺដោយអនុវត្តន៍តាមបទបញ្ជា និងការណែនាំពីលោកឧត្តមសេនីយ៍ទោ សួស សុខដារ៉ា ស្នងការនគរបាលខេត្តព្រះវិហារ ហើយប្រតិបត្តិការនេះដឹកនាំដោយលោកវរសេនីយ៍ឯក ឯក តៀម សង្រ្គាម នាយការិយាល័យនគរបាលប្រឆាំងការជួញដូរមនុស្ស និងការពារអនិតិជន នៃស្នងការដ្ឋាននគរបាលខេត្តព្រះវិហារ កម្លាំងអធិការនគរបាលស្រុកគូលែន សហការណ៍ជាមួយកម្លាំងអធិការដ្ឋាននគរបាលក្រុងសំរោង និងកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរស្មាច់ ទើបឈានដល់ការឃាត់ខ្លួនមុខសញ្ញាសង្ស័យខាងលើ នៅភូមិអូរស្មាច់ សង្កាត់អូរស្មាច់ ក្រុងសំរោង ខេត្តឧត្តរមានជ័យ កាលពីម៉ោង២០ និង២៥នាទី ថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០២៥ ហើយជំនាញអធិការដ្ឋាននគរបាលស្រុកគូលែន ទទួលយកមុខសញ្ញា និងបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញចាត់ការបន្ត។
ប្រភពដដែលបានបន្តថា ជនសង្ស័យដែលសមត្ថកិច្ចឃាត់ខ្លួនបានមានឈ្មោះ ស្រី ស៊ីណា ហៅ ណាវ វាសនា ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ របរកសិករ ទីលំនៅបច្ចុប្បន្នភូមិពពេលលិច ឃុំពពេល ស្រុកសូទ្រនិគម ខេត្តសៀមរាប ត្រូវជាកូនបង្កើតរបស់សពជនរងគ្រោះឈ្មោះ ដួង ស្រី ភេទប្រុស អាយុ៦០ឆ្នាំ។ប្រភពបានបញ្ជាក់ថា តាមការបំភ្លឺរបស់ឈ្មោះ វ.វ ភេទប្រស អាយុ៥៣ឆ្នាំ អ្នកស្រែនៅមិនឆ្ងាយពីគ្នាបានរាយការណ៍ជូនសម្ថកិច្ចយើងដឹងថា កាលពីថ្ងៃទី៣០ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោងប្រហែល១១ថ្ងៃត្រង់ បានឃើញឈ្មោះ ណាវ វាសនា ហៅ ស៊ីណា ភេទប្រុស ដើរមកសុំខ្ចីម៉ារវេនដើម្បីបញ្ឆេះម៉ាស៊ីនគោយន្តកន្ត្រៃព្រោះឪពុករបស់គាត់បានលាក់ទុកតែគាត់មិនឱ្យខ្ចីហើយកូនខឹងនិងឪពុក។លុះម៉ោងប្រហែល១៧រសៀលឃើញឈ្មោះណាវាសនាមកខ្ទមគាត់ម្ដងទៀត។បន្តិចក្រោយមកឃើញឈ្មោះ ដួង ស្រី ត្រូវជាឪពុករបស់វាសនាមកដែរ។ មួយសន្ទុះក្រោយមកកូននឹងឪពុកបានចេញទៅ ហើយឈ្មោះ វ.វ បានឮសំឡេងស្រែកចំនួន២ដង ដោយគាត់គិតថាប្រហែលជាកូនហៅរកឪពុក។
ហើយមូលហេតុនៅរឿងឃាតកម្មនេះមកពី កូនប្រុសផឹកស្រាជាប្រចាំហើយខឹងនឹងឪពុកលាក់ម៉ារវេនម៉ាស៊ីនគោយន្តកន្ត្រៃទុកមិនឲ្យប្រើប្រាស់។ ក្រោយធ្វើសកម្មភាពជនរងគ្រោះរត់គេចខ្លួន រហូតដល់ពេលឃាត់ខ្លួនបាន។
សូមរំលឹកជូនផងដែរថា កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង៨ និង៣៥នាទី ប៉ុស្តិ៍នគរបាលបានទទួលពត៌មានពីឈ្មោះ ហេង ហឿន ភេទប្រុស ជាប្រជាការពារភូមិថាៈ មានករណីហិង្សាគ្រួសារបណ្តាលឲ្យមរណភាពជនរងគ្រោះម្នាក់ នៅថ្ងៃទី ៣០ ខែឧសភា ឆ្នាំ ២០២៥វេលាម៉ោងប្រហែល ១៩ និង៣០ នៅចំណុចខ្ទមស្រែត្រពាំងប៉ាលហាល ស្ថិតក្នុងភូមិកោះកេរ ឃុំស្រយង់ ស្រុកគូលែន ខេត្តព្រះវិហារ។
ជនរងគ្រោះឈ្មោះ ដួង ស្រី ភេទប្រុស អាយុ៦០ឆ្នាំ ស្នាក់នៅចំណុចកើតហេតុខាងលើ។
ក្រោយពីទទួលពត៌មាន កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសហការជាមួយកម្លាំងជំនាញអធិការដ្ឋាននគបាលស្រុកគូលែន អាជ្ញាធរ ភូមិ ឃុំ កម្លាំងអាជ្ញាធរជាតិប្រចាំប្រាសាទកោះកេរនិងគ្រួសារសពបានចុះទៅដល់កន្លែងកើតហេតុ ពិនិត្យសាកសពមនុស្សម្នាក់ភេទប្រុសនៅក្រោមសំយ៉ាបខ្ទមស្រែ សពមានកម្ពស់១៥៥ស.ម ស្លៀកខោជើងខ្លីពណ៌ខ្មៅ គ្មានអាវ ដោយស្ថានភាពសាកសព ដេកផ្ងារ បើកភ្នែកក្បាលទៅទិសខាងជើង សណ្តូកជើងទៅទិសខាងត្បូង។នៅជុំវិញដងខ្លួនសាកសព ផ្នែកខាងមុខ មុតបបូរមាត់លើ២កន្លែង មុតបាក់ឆ្អឹងកដៃឆ្វេង១កន្លែង មុតបាក់ឆ្អឹងដុំដៃស្តាំ១កន្លែង មុតបាក់ឆ្អឹងកដៃស្តាំ១កន្លែង មុតក្រោមដោះស្តាំ១កន្លែង មុតបាក់ឆ្អឹងប្រអប់ជើងស្ដាំ១កន្លែង និងផ្នែកខាងក្រោយ មុតគាល់ក ១កន្លែង មុតចង្កេះស្ដាំ១ទន្លែង មុតភ្លូឆ្វេង១កន្លែង មុតភ្លៅស្ដាំ២កន្លែង មុតកំភួនជើងស្ដាំ១កន្លែង៕KD