ខេត្តសៀមរាប ៖ លោកវរសេនីយ៍ឯក ជា រតនៈនាយករិយាល័យ បានដឹកនាំកម្លាំងនគរបាលអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបរបស់ខ្លួន ធ្វើការឃាត់មនុស្សចំនួន៧ និងម៉ូតូចំនួន៤គ្រឿង ដែលគ្មានកញ្ចក់ និងផ្លាកលេខត្រឹមត្រូវ ផ្អើលអស់មហាជននៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចក្បែរសាលាបឋមសិក្សាកេសរារាម ដែលស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប យកទៅកាន់ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍ គោលដៅទី៣ ដែលប្រចាំបញ្ជាដោយ កម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាល មានទីតាំងនៅសួនច្បារ អ៊ុង អឿន ស្ថិតក្នុងភូមិត្រពាំងសេះ សង្កាត់គោកចក ក្រុងសៀមរាប ខេត្តសៀមរាប ដើម្បីសួរនាំ កាលពីវេលាម៉ោង ០៣ និង ១០នាទីរំលងអធ្រាត្រឈានចូល ថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥។ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មានកម្លាំងនគរបាលឈុតខ្មៅដែលគេស្គាល់ថា ជាកម្លាំងនគរបាលអន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពិតជាបានធ្វើការឃាត់មនុស្សប្រុសចំនួន៧នាក់ និងម៉ូតូចំនួន៤គ្រឿង នៅតាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចក្បែរសាលាបឋមសិក្សាកេសរារាម ដែលស្ថិតក្នុងភូមិសាលាកន្សែង សង្កាត់ស្វាយដង្គំដង្គំ ក្រុងសៀមរាប ខេត្តសៀមរាប នៅពេលវេលានិងកាលបរិច្ឆេទខាងលើពិតប្រាកដមែន។ប្រភពដដែលបានបន្តថា ការឃាត់មនុស្សនិងម៉ូតូនេះ មានមនុស្សមួយចំនួននិងម៉ូតូ១គ្រឿងបានមកពីកន្លែងផ្សេង មនុស្សមួយចំនួនទៀត និងម៉ូតូចំនួន០២គ្រឿង នៅកន្លែងទីតាំងកើតហេតុ ដោយមនុស្សទាំងនោះបានចតម៉ូតូអង្គុយបរិភោគ ដោយឡែកការឃាត់ម៉ូតូបាន០១គ្រឿង និងមនុស្សមួយចំនួនទៀតខណះជិះកាត់កន្លែងកើតហេតុ។
ប្រភពដដែលបានបញ្ជាក់ថា បន្ទាប់ពីការឃាត់ក្រុមសមត្ថកិច្ចខាងលើ បាននាំយកមនុស្សនិងម៉ូតូទៅកាន់ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍ គោលដៅទី៣ ប៉ុន្តែសមត្ថកិច្ចជំនាញមិនបានបញ្ជាក់លម្អិតថាពាក់ព័ន្ធនឹងរឿងអ្វីនោះទេ ព្រោះស្ថិតក្នុងដំណាក់កាលស្រាវជ្រាវ។
នៅរសៀលថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៥ ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី បានធ្វើការគោរពជំរាបសួរទៅកាន់ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំផែនការងារសេនាធិការ និងជាអ្នកនាំពាក្យស្នងការដ្ឋាននគរបាលខេត្តសៀមរាប ពាក់ព័ន្ធនឹងករណីខាងលើ ដោយលោកឧត្តមសេនីយ៍ត្រី បានមានប្រសាសន៍ថា «ចំពោះករណីនេះជាការធ្វើការត្រួតពិនិត្យ ដោយសារតែយប់មិញនេះមានករណី ក្មេងទំនើងជិះម៉ូតូដេញគប់គ្នា..អញ្ចឹងយើងធ្វើការត្រួតពិនិត្យ-កាក់សង្ស័យពួកគាត់ជាពួកមុខសញ្ញាហើយពួកនេះស្រវឹង..»។
លោកឧត្តមសេនីយ៍ត្រីមានប្រសាសន៍បន្តថា « ដោយគួបផ្សំនឹងគាត់មានសកម្មភាពអញ្ចឹងផង មានម៉ូតូអត់ផ្លាកលេខផងក៍យកមកធ្វើការត្រួតពិនិត្យ សួរនាំ..បើយើងបណ្ដែតបណ្ដោយគាត់…គាត់នឹងបង្កហិង្សា គប់ កាប់ ចាក់គ្នាពេញតែក្នុងក្រុងហ្នឹង..អញ្ចឹងយើង..ម៉ោង២ ម៉ោង៣ហើយប្អូនគិតមើលថា…អ្នកដែលប្រើប្រាស់ម៉ូតូអត់ផ្លាកលេខទាំងនោះសុទ្ធតែ…ពួកក្មេងទំនើង..ជិះជាលក្ខណៈក្រុម..លក្ខណៈប្រដេញអញ្ចឹងវា…យើងក៍ត្រូវការរក្សាសន្តិសុខជួនប្រជាពលរដ្ឋដែរ»។
លោកឧត្តមសេនីយ៍ត្រីមានប្រសាសន៍ ឲ្យទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ទៅសួរនាំរឿងបន្តទៅកាន់ លោកវរសេនីយ៍ឯក ជា រតនៈ ដែលជាអ្នកប្រតិបត្តិការផ្ទាល់ និងដោយសារលោកឧត្តមសេនីយ៍ត្រីបានដាក់ច្បាប់ទៅភ្នំពេញ។នៅរសៀលថ្ងៃដដែលនេះ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី បានធ្វើការគោរពជំរាបសួរទៅកាន់ លោកវរសេនីយ៍ឯក ជា រតនៈ ដែលជានាយការិយាល័យនគរបាល អន្តរាគមន៍ និងតម្រួតបទបញ្ជា នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប និងជាអ្នកដឹកនាំកម្លាំងចុះអនុរត្តផ្ទាល់ ដោយលោកបានមានប្រសាសន៍ថា « ពិតជាមានការឃាត់មនុស្សបានចំនួន៧នាក់ និងម៉ូតូអត់ផ្លាកលេខ អត់កញ្ចក់ នៅចំណុចខាងលើ និងបានបញ្ជូនទៅកាន់ ប៉ុស្តិ៍ប្រចាំការអចិន្ត្រៃយ៍ គោលដៅទី៣ ពិតប្រាកដមែន»។
លោកវរសេនីយ៍ឯក បានមានប្រសាសន៍បន្តថា «មុននឹងមានករណីនឹង គឺមានករណីក្មេងទំនើងដេញគប់គ្នា វាយគ្នាតាមដងស្ទឹង…ហើយកន្លងមកម៉ូតូអត់ស្លាកលេខទាំងអស់នោះមានពាក់ព័ន្ធ ម៉ូតូអត់ពន្ធ ម៉ូតូធ្វើសកម្មភាពផ្សេង ហើយម៉ូតូទាំងអស់នោះ មិនមែនសុទ្ធតែអត់ផ្លាកលេខទេ គឺភាគច្រើនមានតែដោះចេញ…បើសិនបានធ្វើសកម្មភាពហើយដោះផ្លាកលេខចេញវាធ្វើឲ្យមានការពិបាកកំណត់មុខសញ្ញា…អញ្ចឹងកន្លងមកនេះយើងបានបំបែកសំណុំរឿងច្រើន..ករណីមិនមានផ្លាកលេខ មានហើយដោះចេញ..»។
លោកវរសេនីយ៍ឯក ជា រតនៈ បានមានប្រសាសន៍បញ្ជាក់ថា «ការឃាត់ខ្លួនមនុស្សនិងម៉ូតូខាងលើកគឺធ្វើឡើងតាមបទបញ្ជារបស់ថ្នាក់លើ..ហើយរឿងស្រាវជ្រាវ និងបន្តអនុវត្តនិតិវិធីយ៉ាងណា ជាតួនាទីរបស់ជំនាញ(ព្រហ្មទណ្ឌកម្រិតស្រាល)។ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ក៍បានធ្វើការគោរពជំរាបសួរទៅកាន់ លោកវរសេនីយ៍ឯក ហង្ស សុផាតភិរម្យ ដែលជានាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប នៅរសៀលថ្ងៃនេះផងដែរ ដោយលោកបានមានប្រសាសន៍បញ្ជាក់ថា « មានការឃាត់ខ្លួនមនុស្សប្រុសចំនួន០៧នាក់ និងម៉ូតូគ្មានកញ្ចក់ ផ្លាកលេខចំនួន០៤គ្រឿងមែន ហើយក្រោយពីការសួរនាំរួចមក ឃើញថាមិនមានពាក់ព័ន្ធទៅនឹងបទល្មើសអ្វីទេ ប៉ុន្តែបានរកឃើញថាមូលហេតុអត់ផ្លាកលេខ ដោយសារម៉ូតូខ្លះមានការបុកជល់ ខូចផ្លាកលេខមិនទាន់បានចាប់ចូលវិញ ម៉ូតូខ្លះបង់រំលោះ…
ជាមួយគ្នានោះដែលសមត្ថកិច្ចក៍បានឲ្យយកឯកសារមកផ្ទៀងផ្ទាត់ និងបានពិនិត្យឃើញថាបានត្រឹមត្រូវ ហើយបានឲ្យយកម៉ូតូត្រឡប់ទៅវិញអស់ហើយ ដោយមិនមានបង់ប្រាក់អ្វីទេ»៕KD