Wednesday, June 4, 2025

លោក វ៉ន វាសនា (ហៅ Mr Dorn) អធិការរងស្រុកបវេល ល្បីខាងជួយជនក្រីក្រ និងមន្រ្តីម្នាក់ ត្រូវបាន ACU ឃាត់ខ្លួន បញ្ជូនទៅតុលាការ ពាក់ព័ន្ធដោះលែងជនជាតិថៃជាថ្នូរលុយរាប់ម៉ឺនដុល្លារ

រាជធានីភ្នំពេញ ៖ អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានសម្រេចឃាត់ខ្លួនអធិការរងមួយរូប និងមន្ត្រីមួយរូប ហើយបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធករណីលួចដោះលែងជនជាតិថៃ ក្នុងរឿងបទល្មើស ជាថ្នូរលុយរាប់ម៉ឺនដុល្លារ។ ប្រភពបានឲ្យដឹងថា មនុស្សទាំង២នាក់ នោះរួមមាន៖ ទី១-ឈ្មោះ វ៉ន វាសនា អាយុ៣៨ឆ្នាំ មានតួនាទីជាអធិការរងនគរបាលស្រុកបវេល ខេត្តបាត់ដំបង (ពាក់ស័ក្តិ៤កន្លះ) និងទី២-ឈ្មោះ តាំង សំណាង (ហៅ សុខ ច័ន្ទសំណាង) អាយុ៤៣ឆ្នាំ ជាមន្រ្តីនគរបាល។

ប្រភពដដែលបន្តថា លោក ប្លង់ សុផល អ្នកនាំពាក្យតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានអោយដឹងថា ជនសង្ស័យទាំង២នាក់ ត្រូវបានចោទប្រកាន់ពីបទ «ប៉ុនប៉ងសូកប៉ាន់ និងបទ សម្អាតប្រាក់ តាមមាត្រា ៣២ នៃច្បាប់ស្តីពីប្រឆាំងអំពើពុករលួយ មាត្រា ២៧ មាត្រា ៦០៥ នៃក្រមព្រហ្មទណ្ឌ និងមាត្រា ៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម»។
ប្រភពបានបញ្ជាក់ថា ក្រោយបញ្ចប់បើកការស៊ើបសួរលើជនត្រូវចោទទាំង២នាក់ ពីតំណាងអយ្យការលោក ទុង រតនា, លោក ហុក ពៅ អនុប្រធានសាលាដំបូងរាជធានីភ្នំពេញ និងជាចៅក្រមស៊ើបសួរ បានសម្រេចឃុំខ្លួនជនជាប់ចោទដាក់ពន្ធនាគារព្រៃសនៅថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៥នេះ។
យោងតាមការផ្សាយរបស់ Sky News Post ករណីរត់ការដោះលែងជនជាតិថៃ ៤៣នាក់ ៖ ACU ចាប់ខ្លួនអធិការរងស្រុកបវេល និងជំនួយការអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ
អង្គភាពប្រឆាំងអំពេីអុករលួយ បានបញ្ជូនសំណុំរឿងមួយទៅអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ជនសង្ស័យភេទ វ៉ន វាសនា (ហៅ Mr Dorn) មានតួនាទីជាអធិការរង នៃអធិការដ្ឋានស្រុកបវេល និង តាំង សំណាង (ឫ សុខ ច័ន្ទសំណាង) តួនាទីជាជំនួយការអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិ, ដែលបានគុបគិតគ្នាប៉ុនប៉ងរត់ការសូកប៉ាន់ប្រាក់ចំនួន ៧៧៤.០០០ដុល្លារ និងអ្នកពាក់ព័ន្ធ ផ្សេងទៀត ដើម្បីឱ្យមានការដោះលែងជនជាតិថៃ ៤៣នាក់ ដែលសមត្ថកិច្ចចម្រុះបានឃាត់ខ្លួន ដោយមូលហេតុស្នាក់នៅនិងធ្វើការខុសច្បាប់។ ទង្វើជនសង្ស័យទាំង០៦ មានធាតុផ្សំនៃបទល្មើសប៉ុនប៉ងសូកប៉ាន់ តាមប្បញ្ញត្តិមាត្រា៣២ នៃច្បាប់ស្តីពីការប្រឆាំងអំពើពុករលួយ មាត្រា ២៧ (និយមន័យប៉ុនប៉ង) និងមាត្រា ៦០៥ (បទសូកប៉ាន់នៃក្រមព្រហ្មទណ្ឌ) ដោយឡែក វ៉ន វាសនា បានយកប្រាក់ដែលខ្លួនទទួលបានពីកម្រៃរត់ការ ទៅដាក់ធនាគារ និងប្រើប្រាស់ ដែលជាធាតុផ្សំនៃបទល្មើសលាងសម្អាតប្រាក់ តាមបទប្បញ្ញត្តិមាត្រា៣ និងមាត្រា៣៨ នៃច្បាប់ស្តីពីការប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេវរកម្ម ។
Sky News Post បានរំលឹកថា ផ្តើមចេញពីប្រតិបត្តិការ របស់ក្រុមការងារចម្រុះនៃអគ្គស្នងការនគរបាលជាតិ កាលពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២៥ ដើម្បីចុះពិនិត្យ និងវាយតម្លៃចំពោះការស្នាក់នៅ និងធ្វើការរបស់ជនបរទេសក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ពេលនោះសមត្ថកិច្ចចម្រុះបានឃាត់ខ្លួនជនជាតិថៃ ចំនួន ៤៣នាក់ ដែលស្នាក់នៅនិងធ្វើការដោយខុសច្បាប់។ ក្រោយមកពីថ្ងៃទី០៤-០៦ ខែឧសភា ឆ្នាំ២០២៥ ជនសង្ស័យទាំង ០៦នាក់ ខាងលើបានគុបគិតគ្នាយកប្រាក់ចំនួន ៧៧៤.០០០ដុល្លារ រត់ការសូកប៉ាន់ ដើម្បីឱ្យមានការដោះលែងអ្នកទាំង ៤៣ ដែលបានឃាត់ខ្លួន ប៉ុន្តែផែនការរត់ការដោះលែងមិនបានជោគជ័យឡើយ ដោយអ្នកទាំង ៤៣នាក់ ត្រូវបានសមត្ថកិច្ចចាត់នីតិវិធីបណ្តេញចេញពីព្រះរាជាណាចក្រកម្ពុជា កាលពីថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៥ ផ្ទុយទៅវិញជនសង្ស័យទាំង០៦នាក់ រួមមាន វ៉ន វាសនា និង តាំង សំណាង និង០៤នាក់ (គ្មានខ្លួន) ត្រូវបាន អ.ប.ព. កសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញកាលពីថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥(បន្ទាប់ពី អ.ប.ព. បានឃាត់ខ្លួនការពីថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៥)។
ដោយឡែកសារព័ត៌មានដើមអំពិល DAP បានផ្សាយថា «ACU ឃាត់ខ្លួនអធិការរងស្រុកបវេល និងអគ្គនាយករង នៃអគ្គនាយកដ្ឋានសម្ភារៈបច្ចេកទេស ក្រសួងការពារជាតិទៅតុលាការពាក់ព័ន្ធទទួលសំណូក ជិត១លានដុល្លារ»។
ទោះបីជាយ៉ាងណាគេនៅមិនទាន់ឃើញមានប្រតិកម្ម និងសេចក្តីបំភ្លឺណាមួយពី ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង, អ្នកនាំពាក្យក្រសួងមហាផ្ទៃ និង អ្នកនាំពាក្យក្រសួងករពារជាតិជុំវិញការឃាត់និងឃុំខ្លួន បុគ្គលទាំង០២រូបខាងលើនេះនៅឡើយទេ៕KD

ព័ត៌មានពេញនិយម