Saturday, May 24, 2025

សមត្ថកិច្ចស្រុកអង្គស្នួល ឃាត់ក្មេងទំនើងដែលបង្ហោះម៉ូតូនិងរោទ៍បង្កសម្លេងរំខាន ឲ្យនៅធ្វើអនាម័យ ៤៨ម៉ោង និងហៅក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំ

ខេត្តកណ្ដាល ៖ សមត្ថកិច្ចបើកកិច្ចប្រតិបត្តិការបង្ក្រាបមុខសញ្ញាក្មេងទំនើង (បង្ហោះម៉ូតូនិងរោទ៍បង្កសម្លេងរំខាន) នៅតាមបណ្ដោយផ្លូវបេតុង ស្ថិតនៅភូមិថ្មី ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្តាល វេលាម៉ោង ១៤ និង៣០នាទីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៥ ។ សមត្ថកិច្ចឲ្យដឹងថា ជនសង្ស័យមានចំនួន០២នាក់ (គ្មានសារធាតុញៀនក្នុងទឹកនោម ទី១-ឈ្មោះ ធៀង មករា ហៅក្រៅគ្មាន ភេទប្រុស អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មកររោងចក្រ ស្នាក់នៅផ្ទះជួលក្នុងបុរីសង្ឃឹមថ្មី ផ្ទះ១៥ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន) និងទី២-ឈ្មោះ អេង សុខហេង ហៅក្រៅគ្មាន ភេទប្រុស អាយុ១៣ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្សថ្នាក់ទី៧E រស់នៅភូមិជំទាវម៉ៅ សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

វត្ថុតាងចាប់យកមាន ទី១-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ2025 លេខម៉ាស៊ីន0291923 ពាក់ផ្លាកលេខ កំពង់ស្ពឺ 1AA-1233 និងទី២-ម៉ូតូមួយគ្រឿងម៉ាកសង់C125 ពណ៌ខ្មៅ ផលិតឆ្នាំ2025 ពាក់ផ្លាកលេខ ភ្នំពេញ 1A-8591 ។

សមត្ថកិច្ចបានបន្តឲ្យដឹងថា មូលហេតុបណ្ដាលឲ្យមានការឃាត់ខ្លួនក្មេងទំនើងទាំងនេះគឺ នៅមុនពេលកើតហេតុ កម្លាំងផ្នែកជំនាញនគរបាលយុត្តិធម៌ស្រុកអង្គស្នួល បានទទួលព័ត៌មានប្រជាពលរដ្ឋល្អថានៅទីតាំងកន្លែងកើតហេតុខាងលើមានក្មេងៗសិស្សសាលាតែងតែជួបជុំគ្នានិងធ្វើសកម្មភាពរោទ៍ម៉ូតូ បង្ហោះម៉ូតូ ជក់បារីអេឡិចត្រូនិច បន្ទាប់ពីទទួលបានព័ត៌មានដូចខាងហើយកម្លាំងផ្នែកជំនាញបានចេញល្បាតក្នុងភូមិសាស្ដ្រ ពេលទៅចំណុចកើតហេតុខាងលើមានក្មេងទំនើងពីរនាក់ជិះម៉ូតូមួយគ្រឿងដោយធ្វើសកម្មភាពបង្ហោះម៉ូតូនិងរោទ៍ម៉ូតូ ដោយឃើញដូចនោះកម្លាំងផ្នែកជំនាញបានឃាត់ខ្លួនជនសង្ស័យបានចំនួនពីរនាក់និងវត្ថុតាងម៉ូតូពីរគ្រឿង និងនាំទៅអធិការដ្ឋាននគរបាលស្រុកអង្គស្នួលដើម្បីសួរនាំ។

ចំពោះមុខសមត្ថកិច្ច ក្មេងទំនើងឈ្មោះ ធៀង មករា បានឆ្លើយសារភាពថាខ្លួនបានអិបលេខម៉ូតូនិងមួលហ្គាម៉ូតូដើម្បីបង្ហោះតែលើកមិនរួច ហើយខ្លួនទើបធ្វើសកម្មភាពលើកទីមួយនេះទេ ហើយក្មេងទំនើងឈ្មោះ អេង សុខហេង អាយុ១៣ឆ្នាំ បានសារភាពថាខ្លួនពិតជាបានបង្ហោះម៉ូតូពិតប្រាកដមែន និងទើបធ្វើសកម្មភាពបង្ហោះលើកទីមួយ (ត្រូវបានអញ្ជើញគ្រួសារ មកធ្វើកិច្ចសន្យាអប់រំ និងឲ្យទៅផ្ទះវិញ)។

សមត្ថកិច្ចបញ្ជាក់ថា ករណីខាងលើនេះកម្លាំងផ្នែកជំនាញ បានសុំគោលការអប់រំរយៈពេល៤៨ម៉ោង នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើអនាម័យ និងហៅក្រុមគ្រួសារមកធ្វើកិច្ចសន្យាអប់រំ ចំណែកមធ្យោបាយសូមគោលការណ៍រក្សាទុកនៅអធិការដ្ឋាននគរបាលស្រុករយៈពេល០៣ខែ៕លោក កណ្ដុរតូច

ព័ត៌មានពេញនិយម