ខេត្តសៀមរាប ៖ នៅរសៀលថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥នេះ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ អ្នកនាំពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានអោយទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ដឹងថា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយក៍រន្ធត់ បណ្ដាលឲ្យស្លាប់មនុស្សចំនួន០២នាក់ និងរបួសធ្ងន់ស្រាលចំនួន១១នាក់ នៅលើផ្លូវជាតិលេខ៦ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ ២៧៦-២៧៧ ស្ថិតក្នុងភូមិជ្រៃខាងជើង ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប កាលពីវេលាម៉ោង ២២ និង ៥០នាទីថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ ។
លោកឧត្តមសេនីយ៍ត្រីថា ក្រោមការយកចិត្តទុកដាក់ខ្ពស់អំពី សន្តិសុខ សុវត្ថិភាព របស់ប្រជាពលរដ្ឋ ក្រោយទទួលបានដំណឹងនេះភ្លាមៗ លោកឧត្តមសេនីយ៍សេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋានគរបាលបាលខេត្តសៀមរាប បានដាក់បទបញ្ជាដល់ លោកស្នងការរងទទួលផែនការងារជំនាញ អោយចុះ ដឹកនាំការិយាល័យជំនាញ និងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកសូទ្រនិគម ឲ្យអនុវត្តនូវ ចំណាត់ការ តាមនីតិវិធី។
លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ បានឲ្យដឹងបន្តថា គ្រោះថ្នាក់ចរាចរណ៍នេះរថយន្ត០១គ្រឿង ម៉ាក HYUNDAI ពណ៍ស ប្រភេទដឹកទំនិញ ផ្លាកលេខ បាត់ដំបង 2C-2517 បើកបរដោយឈ្មោះ លី លន់ ភេទប្រុស អាយុ ៣១ឆ្នាំ រស់នៅភូមិសំរោងកញ្ជោច ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប បើកបរល្បឿនលឿនទិសដៅពីលិចទៅកើត ដែលមានអ្នករួមដំណើរ ០៧នាក់ ទី១-ឈ្មោះ លន់ បុល ភេទប្រុស អាយុ៣៧ឆ្នាំ ទី២-ឈ្មោះ អ៊ាង ខ្លី ភេទប្រុស អាយុ២៥ឆ្នាំ ទី៣-ឈ្មោះ ស៊ីន ញ៉ុង ភេទប្រុស អាយុ៤៧ឆ្នាំ ទី០៤-ឈ្មោះ ជឿន ចាន់ ភេទប្រុស អាយុ២៨ឆ្នាំ ទី០៥-ឈ្មោះ ធន់ ចិត្ត ភេទប្រុស អាយុ៦៦ឆ្នាំ ទី០៦-ឈ្មោះ ញ៉ុង រក្សារ ភេទប្រុស អាយុ១៨ឆ្នាំ និងទី០៧-ឈ្មោះ ឆេង វ៉ូច ភេទប្រុស អាយុ៤៨ឆ្នាំ ដោយអ្នកទាំង ០៧នាក់ សុទ្ធសឹងតែរស់នៅភូមិ សំរោងកញ្ជោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប បានទៅបុកម៉ូតូសណ្ដោងរ៉ឺម៉ក ០១គ្រឿង ម៉ាក Wave ពណ៍ខៀវ ផ្លាកលេខគ្មាន បើកបរដោយឈ្មោះ វុទ្ធ សេរី ពិសិដ្ឋ ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិយាង ឃុំឫស្សីលក ស្រុកជីក្រែង ខេត្ត សៀមរាប ទិសដៅពីលិចទៅកើត រួចហើយរថយន្តម៉ាក HYUNDAI បន្តទៅបុករថយន្ត០១គ្រឿងទៀត ម៉ាក លុចស៊ីស ពណ៍ស ផ្លាកលេខ ភ្នំពេញ 2X-6977 បើកបរដោយឈ្មោះ ទូច ពេជ្យ ភេទប្រុស អាយុ៣៩ឆ្នាំ រស់នៅភូមិ ស្ពានតូច ឃុំឫស្សីលោក ស្រុកជីក្រែង ខេត្តសៀមរាប ទិសដៅពីកើតមកលិច មានអ្នករួមដំណើរ០៣នាក់ ទី០១-ឈ្មោះ សំ គា ភេទស្រី អាយុ៤១ឆ្នាំ ទី០២-ឈ្មោះ ហិន លីហួរ ភេទប្រុស អាយុ០៨ឆ្នាំ និងទី០៣-ឈ្មោះ ហិន នារតី ភេទស្រី អាយុ ១១ឆ្នាំ ទាំង០៣នាក់ត្រូវជាប្រពន្ធនិងកូនរបស់អ្នកបើកបរ បណ្តាលឲ្យស្លាប់មនុស្សចំនួន០២នាក់ ទី១-ឈ្មោះ ឆេង វ៉ូច ជាអ្នករួមដំណើរលើរថយន្តម៉ាក HYUNDAI និងទី២-ឈ្មោះ ហិន លីហួ ជាអ្នករួមដំណើរលើរថយន្តម៉ាក លុចស៊ីស ហើយបណ្ដាលឲ្យរបួសធ្ងន់មនុស្សចំនួន០៣នាក់ ដែលទី០១-ឈ្មោះ ស៊ីន ញ៉ុង ទី០២-ឈ្មោះជឿន ចាន់ និងទី០៣-ឈ្មោះ អ៊ាង ខ្លី ទាំង ០៣នាក់ ជាអ្នករួមដំណើរលើរថយន្តមាក HYUNDAI ថែមទាំងរបួសស្រាលមនុស្សចំនួន០៨នាក់ផងដែរ ទី០១-ឈ្មោះ វុទ្ធ សេរីពិសិដ្ធ ទី០២-ឈ្មោះ លន់ បុល ទី០៣-ឈ្មោះ ធន់ ចិត្ត ទី០៤-ឈ្មោះ លី លន់ ទី០៥-ឈ្មោះ ទូច ពេជ្យ ទី០៦-ឈ្មោះ ហិន នារតី ទី០៧-ឈ្មោះ សំគា និងទី០៨-ឈ្មោះ ញ៉ុង រក្សារម។ ចំណែកមូលហេតុដែលបណ្ដាលឲ្យកើតមានគ្រោះថ្នាក់ចរាចរណ៍នេះជំនាញកំពុងធ្វើការស្រាវជ្រាវ អោយបានល្អិតល្អន់សិន។
បន្ទាប់ពីចុះទៅដល់ទីតាំងកើតហេតុ ជំនាញបានធ្វើការការពារ វាស់វែងកន្លែងកើតហេតុ បញ្ជូនអ្នករបួសដោយករណីនេះទៅមន្ទីរពេទ្យបង្អែកស្រុកសូទ្រនិគមដើម្បីសង្គ្រោះ ប្រគល់សពជូនក្រុមគ្រួសារ សាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណី រីឯវត្ថុតាងត្រូវបានយកទៅរក្សាទុកនៅអធិការដ្នាននគរបាលស្រុកសូទ្រនិគម ដើម្បីបន្តកសាងសំណុំរឿងតាមនិតិវិធី៕KD