ខេត្តសៀមរាប ៖ យុវជនម្នាក់មានឈ្មោះ ចក់ ចិត្ត អាយុ២០ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិច្រេស ឃុំកណ្ដែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ជាអ្នកស៊ីឈ្នួលបើកបររថយន្ដដឹកដីឲ្យថៅកែឈ្មោះ វុន ត្រូវបានចរន្តអគ្គិសនីឆក់ស្លាប់ ក្នុងការរដ្ឋានចាក់ដីមួយកន្លែង ចំណុចខាងជើងបញ្ជារការដ្ឋានសឹករងស្រុកប្រាសាទបាគង ស្ថិតនៅភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកប្រាសាទបាគង ខេត្តសៀមរាប វេលាម៉ោង០៩ និង១០នាទីថ្ងៃទី១៨ ខែឧសភាឆ្នាំ២០២៥។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា សាក្សីនៅកន្លែងកើតហេតុ ឈ្មោះ ឆេង គុណ ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅបច្ចុប្បន្ន ភូមិច្រាំងខ្ពស់ ឃុំកំពង់ក្ដី ស្រុកជីក្រែង ខេត្តសៀមរាប ដែលត្រូវជាអ្នកបើកឡានដឹកដីជាមួយជនរងគ្រោះ បានឲ្យដឹងថា៖ នៅថ្ងៃទី១៨ខែឧសភាឆ្នាំ២០២៥វេលាម៉ោង០៩និង១០នាទីព្រឹក រូបគាត់និងតៃកុងឡានដឹកដីចំនួន៤នាក់ទៀតពុំស្គាល់ឈ្មោះបាននាំគ្នាស៊ីឈ្នួលបើកឡានដឹកដីអោយឈ្មោះ វុន ភេទប្រុស នៅភូមិត្រពាំងថ្នល់ ឃុំកន្ទ្រាំង ស្រុកប្រាសាទបាគង ខេត្តសៀមរាបជាមួយគ្នា ពេលនោះក៍បាននាំគ្នាបើកឡានដឹកដីទៅចាក់ឲ្យម្ចាស់ដីម្នាក់ពុំស្គាល់ឈ្មោះនៅទីតាំងខាងជើងជាប់នឹងបញ្ជារការដ្ឋានសឹករងស្រុកប្រាសាទបាគង ពេលនោះឡាន៣គ្រឿងបានបែនចាក់ដីរួចក៍បើកចេញដំណើរទៅមុនទៅ ចំណែកឡានរបស់គាត់បានបែនចាក់ដីរួចហើយមិនទាន់បានបើកចេញទៅនោះទេពីព្រោះជាប់ម៉ែកឈើ បន្ទាប់មករូបគាត់ក៍បានចុះពីលើឡានដើម្បីទៅទាញម៉ែកឈើចេញពីលើឡានរបស់គាត់ ស្រាប់តែឃើញឡានដឹកដីរបស់ជនរងគ្រោះ(សព)ដែលកុំពុងបែនចាក់ដីនៅទីនោះត្រូវបានភ្លើងឆេះកង់ផ្នែកខាងមុខទាំង២គ្រាប់ ពេលនោះរូបគាត់ក៍បានរត់ទៅគោះទ្វាឡានហើយប្រាប់ទៅជនរងគ្រោះ ហើយពេលនោះជនរងគ្រោះបានបើកទ្វាចុះពីលើឡានមកដីដោយពុំបានពាក់ស្បែកជើងនោះទេ ភ្លាមនោះស្រាប់តែឮសម្លេងផ្ទុះផាំងចេញពីខ្លួនរបស់ជនរងគ្រោះពេលនោះរូបគាត់បានសួរទៅជនរងគ្រោះថា យ៉ាងម៉ិចហើយមានកើតអីដែលឬអត់ ហើយជនរងគ្រោះបានឆ្លើយប្រាប់ថាចុកនិងឈឺដើមទ្រូងខ្លាំងណាស់បន្ទាប់មករូបគាត់ក៍ដឹកបញ្ជូនទៅសង្រ្គោះនៅមន្ទីពេទ្យមណ្ឌលសុខភាពត្រពាំងធំ ពេលដែលទៅដល់គ្រូពេទ្យបានប្រាប់ថាជនរងគ្រោះបានដាច់ខ្យល់ស្លាប់បាត់ទៅហើយ បន្ទាប់មកក៍រាយការណ៍ជូនសមត្តកិច្ចទៅ។
សមត្ថកិច្ចបន្តថា ជនរងគ្រោះ មានស្នាមខ្លោចដាច់រលាត់ម្រាមដៃខាងឆ្វេងទាំងប្រាំម្រាមដៃ មានកំពស់១.៧៣ ម៉ែត្រសម្បុរសណ្ដែកបាយ សក់ស្លូត ស្លៀកខោរឹតជើងវែងពណ៌ខ្មៅ ពាក់អាវយឺតអត់កដៃខ្លីពណ៌ខ្មៅ ហើយគ្រប់ផ្នែកទាំងអស់ពុំមានស្លាកស្នាមអ្វីគួរឲ្យកត់សម្គាល់ទេ។
សមត្ថកិច្ចបញ្ជាក់ថា យោងតាមការបំភ្លឺពីសាក្សី ការពិនិត្យទីតាំងកន្លែងកើតហេតុពីកម្លាំងជំនាញពិនិត្យវិគាគកន្លែងកើតហេតុ ការបញ្ជាក់ពីគ្រូពេទ្យមណ្ឌលសុខភាពត្រពាំងធំឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសាឆ្លងចរន្តអគ្គីសនីយ៍ពិតប្រាកដមែន ហើយសពជំនាញបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕KD