ខេត្តសៀមរាប ៖ នៅថ្ងៃទី១៤ខែឧសភា ឆ្នាំ២០២៥ វេលាម៉ោង១០ និង១៥ នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងរវាង រថយន្ត០២ គ្រឿង និងម៉ូតូ០១គ្រឿងនៅផ្លូវជាតិលេខ០៦ ត្រង់ចន្លោះគីឡូម៉ែត្រលេខ ៣៥៦-៣៥៧ ស្ថិតនៅភូមិគំរូ ឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា មានរថយន្ត០១ គ្រឿងម៉ាក Hyundai ពណ៌ស ពាក់ផ្លាកលេខ បាត់ដំបង 3A-2875 បើកបរដោយ អ្នកបើកបរមិនស្គាល់អត្តសញ្ញាណក្រោយពេលកើតហេតុរួចរត់កិច្ចខ្លួន មានអ្នករួមដំណើរជាមួយ០១ នាក់ ឈ្មោះ ហ៊ុន ចាន់ធល ភេទប្រុស អាយុ៣៥ឆ្នាំ រស់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ បើកក្នុងទិសដៅពីកើតទៅលិច ទៅបុកម៉ូតូ ០១ គ្រឿង ម៉ាក HONDA DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ សៀមរាប 1X-4253 បើកបរដោយឈ្មោះ ហោ សុរិទ្ធ ភេទប្រុស អាយុ ៤៧ឆ្នាំ រស់នៅភូមិកំពង់ថ្កូវ២ឃុំក្រឡាញ់ ស្រុកក្រឡាញ់ ខេត្តសៀមរាប (ពាក់មួកសុវត្តិភាព )អ្នកជិះពីក្រោយ ឈ្មោះ ដាត់ សារិន ភេទប្រុស អាយុ ៤៣ ឆ្នាំ រស់នៅភូមិតាដែក ឃុំទឹកជោរ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ (មិនពាក់មួកសុវត្តិភាព) បើកបរក្នុងទិសដៅពីលិចទៅកើត បត់ឆ្វេងទៅជើង រួចរថយន្តខាងលើបានបន្តបុករថយន្តកែច្នៃ ពណ៍ខៀវ គ្មានផ្លាកលេខ បើកដោយអ្នកបើកបរមិនស្គាល់អត្តសញ្ញាណ ឈប់ក្បែរជញ្ជើមផ្លូវ ។
ប្រភពដដែលបានបន្តថា ក្នុងករណីនេះបណ្តាលឲ្យមនុស្សចំនួន ០២នាក់បានស្លាប់
១. ឈ្មោះ ដាត់ សារិន ភេទប្រុស ស្លាប់
២.ឈ្មោះ ហ៊ុន ចាន់ធល ភេទប្រុស ស្លាប់
៣. ឈ្មោះ ហោ សុរិទ្ធ ភេទប្រុស របួលធ្ងន់ និងខូចខាតរថយន្តធ្ងន់០១ គ្រឿង ស្រាល០១ គ្រឿង និងម៉ូតូធ្ងន់០១ គ្រឿង ។
សមត្ថកិច្ចបញ្ជាក់ថា មូលហេតុដែលនាំឲ្យមានគ្រោះថ្នាក់ចរាចរណ៍នេះកើតឡើងគឺបណ្តាលមកពីអ្នកបើកបរម៉ូតូ បត់ឆ្វេងឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន និងអ្នកបើកបររថយន្ត Hyundai បើកបរមានល្បឿនលឿន។
យោងតាមការបង្ហោះ នៅលើហ្វេសប៊ុកផ្លូវការរបស់ ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ
« Seng Nam, Assembly Member Of Cambodia » ឲ្យដឹងថា «ព្រឹកថ្ងៃទី១៤ខែឧសភាឆ្នាំ២០២៥ ខ្ញុំបានធ្វើដំណើទៅមើលការដ្ឋានសាសង់ផ្លូវបានជួបនិងគ្រោះថ្នាក់ចរាចរណ៍មួយនៅតាមផ្លូវជាតិលេខ៦វេលាម៉ោង១០.១៥នាទីនៅមុខសាលាអនុវិទ្យាល័យគំរូឃុំស្រណាល ស្រុកក្រឡាញ់ ខេត្តសៀមរាប បង្កដោយរថយន្តដឹកទំនិញធុនធំមួយគ្រឿងបានបើកបុកម៉ូតូប៉ូលិសពាក់ស័ក្តិបីទាំងពីរនាក់បណ្តាលអោយប៉ូលិសមួយនាក់ស្លាប់និងមួយនាក់ទៀតរងរបួសធ្ងន់ចំណែករថយន្តដឹកទំនិញធុនធំនោះក៏ហួសទៅបុកគោយន្តដែលចតនៅស្ងៀមបណ្តាលអោយអ្នកជិះក្នុងកាបីនឡានខាងមុខបណ្តាលអោយស្លាប់មួយនាក់ទៀតចំណែកអ្នកបើកឡានដឹកទំនិញរត់គេចខ្លួនបាត់ »។
ឯកឧត្តមបណ្ឌិតអ្នកឧកញ៉ា សៀង ណាំ បានសំណូមពរថា សូមបើកបរយានយន្តគ្រប់ប្រភេទត្រូវប្រុងប្រយត្ន័ទាំងអស់គ្នា។
ក្រោយពេលកើតហេតុ លោកឧត្តមសេនីយ៍ទោ ហួត សុធី ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បានចុះទៅដល់កន្លែងកើតហេតុ និងបានដាក់បញ្ជារយ៉ាងដាច់ណាត់ឲ្យ កម្លាំង នៃអធិការដ្ឋាននគរបាលស្រុកក្រឡាញ់ ត្រូវសហការជាមួយកន្លងជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប ស្រាវជ្រាវស្វែងរកអ្នកបើកបររថយន្តបង្កយកមកកសាងសំណុំរឿងតាមនិតិវិធីបញ្ជូនទៅតុលាការ និងបានឲ្យកម្លាំងជំនាញចុះដល់កន្លែងកើតហេតុយកជនរងគ្រោះទៅមន្ទីពេទ្យ ប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ហើយយកវត្ថុតាងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកក្រឡាញ់៕KD