ខេត្តសៀមរាប ៖ កាលពីថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ អាជ្ញាធរជាតិអប្សរា បានប្រកាសជូនដំណឹងដល់ក្រសួង ស្ថាប័នជាតិ-អន្តរជាតិ អាជ្ញាធរដែនដី មន្ទីរ-អង្គភាព សមាគម ទីភ្នាក់ងារទេសចរណ៍ សមាគមមគ្គុទ្ទេសក៍ទេសចរណ៍ សមាគមដឹកជញ្ជូនភ្ញៀវទេសចរ ក្រុមហ៊ុនទេសចរណ៍ ភ្ញៀវ ទេសចរជាតិ-អន្តរជាតិ និងសាធារណជនទាំងអស់ឲ្យបានជ្រាបថា ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍ក្នុងខេត្ត សៀមរាប និងលើកតម្លៃរមណីយដ្ឋានអង្គរ អាជ្ញាធរជាតិអប្សរាបានបង្កើតនូវកម្មវិធីមួយដែលមានឈ្មោះថា “Visit Angkor” ហើយដែលអ្នកប្រើប្រាស់អាចទាញយកកម្មវិធីនេះ មកប្រើប្រាស់បានតាមរយៈ App store ឬ Play store ឬ តាមរយៈ QR code ដែលបានជូនភ្ជាប់។
អជ្ញាធរជាតិអប្សរាបញ្ជាក់ថា កម្មវិធីនេះមានមុខងារសំខាន់ៗ ដូចខាងក្រោម៖
១-មុខងារប្រាសាទ៖ ផ្តល់ព័ត៌មានអំពីប្រវត្តិប្រាសាទ ខ្សែទស្សនា ចំណុចទាក់ទាញក្នុងប្រាសាទនីមួយៗ ផែនទីប្រាសាទ និងសម្បទាទេសចរណ៍នានា ដូចជា បន្ទប់ទឹក ចំណត និង មជ្ឈមណ្ឌលផ្តល់ព័ត៌មាន ជាដើម។ល។
២- មុខងារក្រៅពីប្រាសាទ៖ ផ្តល់ព័ត៌មានអំពីព្រឹត្តិការណ៍ប្រចាំឆ្នាំ សារមន្ទីរ សហគមន៍ទេសចរណ៍ និងកន្លែង កម្សាន្តល្បីៗ នៅក្នុងខេត្តសៀមរាប។
៣-មុខងារក្រមប្រតិបត្តិ៖ ផ្តល់ព័ត៌មានអំពីសកម្មភាពដែលគួរចៀសវាង នៅពេលចូលទស្សនារមណីយដ្ឋាន អង្គរ។
អាជ្ញាធរជាតិអប្សរាបន្តថា ក្រៅពីមុខងារសំខាន់ៗខាងលើ កម្មវិធីក៏នឹងមានជូនដំណឹងជាប្រចាំ អំពីសកម្មភាពការងាររបស់អាជ្ញាធរជាតិ អប្សរា ព្រឹត្តិការណ៍ប្រចាំឆ្នាំ មធ្យោបាយក្នុងការទំនាក់ទំនងទៅកាន់អាជ្ញាធរមានសមត្ថកិច្ចដែលអាចជួយសម្រួល និង ជួយសង្គ្រោះក្នុងករណីភ្ញៀវមានបញ្ហាអំឡុងពេលទស្សនាប្រាសាទក្នុងរមណីយដ្ឋានអង្គរ ព្រមទាំងមានចំណុចចូលរួម ផ្តល់ជាមតិយោបល់ ដែលអាចអនុញ្ញាតឱ្យអ្នកប្រើប្រាស់ ផ្ញើសារជាសម្ងាត់មកកាន់ក្រុមការងារ ក្នុងន័យផ្តល់ការកែលម្អ និងស្ថាបនាលើសកម្មភាពការងាររបស់អាជ្ញាធរជាតិអប្សរា បញ្ហាអនាម័យ និងបរិស្ថានជាដើម។ល។
ដើម្បីទាញយកកម្មវិធី Visit Angkor៖
– សម្រាប់Play store https://play.google.com/store/apps/details?id=com.udaya.visit_angkor
– សម្រាប់App store https://apps.apple.com/kh/app/visit-angkor/id6465895919