រាជធានីភ្នំពេញ ៖ អ្នកញៀនល្បែងភ្នាល់ទឹកភ្លៀងនៅតាមតូបការហ្វេ ហាងគុយទាវ ម្តុំអូឬស្សី បាននិងកំពុងចាប់ផ្តើម ភ្នាល់លុយបណ្តើរៗហើយ ប៉ុន្តែអាជ្ញាធរ និងសមត្ថកិច្ចក្នុងមូលដ្ឋាន ហាក់ដូចរក្សាភាពស្ងៀមស្ងាត់ មិនធ្វើការទប់ស្កាត់ ឬ បង្ក្រាបសោះឡើយ ដែលសង្ស័យថាមិនទាន់បានជ្រាប។ប្រភពដដែលបានបានរាយការណ៍មកថា ទីតាំងបនល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» ស្ថិតនៅ សង្កាត់អូរឬស្សីទី២ ខណ្ឌ៧មករា រាជធានីភ្នំពេញ កំពុងបើកលេងយ៉ាងអនាធិបតេយ្យ នៅតាមតូបកាហ្វេ ហាងគុយទាវ លើដំបូលផ្ទះ ខ្ពស់ៗ និងនៅតាមដំបូលអាគារ ផងដែរ ដែលគេសង្ស័យតែខាងអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ឋនៅក្នុងមូលដ្ឋាន ហាក់សង្ស័យដូចជា មើលមិនឃើញនិងជ្រាបជាព័ត៌មាន ឬក៍សង្ស័យត្រូវថ្នាំសណ្តំអ្វីមួយហើយមើលទៅ? ទើបមិនបានអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ។
សូមរំលឹកជូនថា កាលពីថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២២ កន្លងទៅ អតីតនាយករដ្ឋមន្រ្តីនៃប្រទេសកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានដាក់បទបញ្ជាឲ្យអភិបាលទាំង២៥ ខេត្ត/ក្រុង/រាជធានី ត្រូវបង្រ្កាបទីតាំងបនល្បែងស៊ីសង ខុសច្បាប់គ្រប់ប្រភេទ នូវក្នុងក្របខ័ណ្ឌទូទាំងប្រទេស ដោយគ្មានការលើកលែង។
សម្តេចតេជោ បានបញ្ជាក់យ៉ាងដាច់ណាត់ទៀតថា បើអាជ្ញាធរនិងសមត្ថកិច្ចក្នុងមូលដ្ឋាន ស្រុក ក្រុង ខេត្ត រាជធានី ណាមិនហ៊ានក្នុងការទប់ស្កាត់ និងមិនបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់គ្រប់ប្រភេទ នៅក្នុងមូលដ្ឋានរបស់ខ្លួននោះទេ អាជ្ញាធរនិងសមត្ថកិច្ច ទាំងនោះនិងមានបញ្ហាប្រឈមនិងបាត់បង់ពីតំណែងទៀតផង។
ទាក់ទិនទៅនិងទីតាំងបនល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» ស្ថិតនៅក្នុងមូលដ្ឋានខាងលើ ប្រជាពលរដ្ឋលើកឡើងថា នេះជាបញ្ហាមួយដែលធ្វើឲ្យពួកគាត់មានការព្រួយបារម្ភជាខ្លាំងចំពោះសុវត្ថិភាពនៃការរស់នៅប្រចាំថ្ងៃ ណាមួយ ខ្លាចប្តីនិងកូនៗរបស់ពួកគាត់ ផុងខ្លួននិងល្បែងទាំងនោះ ជាហេតុធ្វើឲ្យកើតមាននូវបទល្មើសផ្សេងៗ កើតមានដូចជា អំពើចោរកម្ម និងហិង្សា នៅក្នុងគ្រួសារ ជាដើម។ល។
ប្រជាពលរដ្ឋក៏ដូចជា មហាជនទូទៅ បានធ្វើការគោរពស្នើសុំដល់ ឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ជាពិសេស លោកឧត្តមសេនីយ៍ឯក ជួន ណារិន អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ និងលោក ថេង សុថុល ដែលជាអភិបាលខណ្ឌ៧មករា មេត្តាចាត់កម្លាំងជំនាញ ចុះត្រួតពិនិត្យ និងធ្វើការបង្ក្រាបទីតាំងបនល្បែងសុីសងខុសច្បាប់ «ភ្នាល់ទឹកភ្លៀង» ដែលស្ថិតក្នុងភូមិសាស្ត្រខាងលើនេះផងទាន ដើម្បីធានាបាននូវគោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព ទាំង៧ចំណុច របស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញដោយក្រសួងមហាផ្ទៃ ។
អង្គភាពយើងខ្ញុំធ្វើការផ្សព្វផ្សាយទៅតាមវិជ្ជាជីវៈអ្នកសារពត៌មាន គឺរិះគន់ក្នុងន័យស្ថាបនា មិនមានចេតនាញុះញង់បំបែកបំបាក់បុគ្គលស្ថាប័ន ឬអង្គភាពណាមួយឡើយ នឹងរងចាំការបំភ្លឺពីភាគីដែលពាក់ព័ន្ធស្របតាមច្បាប់ស្តីពីរបបសារព័ត៌មានកម្ពុជា នៅរៀងរាល់ម៉ោងធ្វើការ៕KD