Saturday, November 23, 2024

អាជ្ញាធរជាតិអប្សរាថា ត្រីនាគដែលបានងាប់ក្នុងកសិន្ធុប្រាសាទអង្គរវត្ដគឺដោយធម្មជាតិ

ខេត្តសៀមរាប៖ អាជ្ញាធរជាតិអប្សរាចេញសេចក្តីប្រកាសព័ត៌មាន នៅថ្ងៃទី ០៤ខែវិច្ឆិកា ឆ្នាំ ២០២២នេះ បន្ទាប់ពីមានករណីប្រទះឃើញត្រីនាគ ប្រភេទអារ៉ាប៉ៃម៉ា (Arapaima) ជាត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាម៉េរិកខាងត្បូងបានងាប់នៅក្នុងកសិន្ធុប្រាសាទអង្គរវត្ដ គឺដោយធម្មជាតិ។
អាជ្ញាធរជាតិអប្សរាថា សូមជម្រាបជូនសាធារណជនជ្រាប កាលពីរសៀលថ្ងៃទី០៣ ខែវិច្ឆិកាឆ្នាំ២០២២ក្រុមការងារសម្អាតបរិស្ថាន អនាម័យនៃអាជ្ញាធរជាតិអប្សរា បានប្រទះឃើញត្រីអារ៉ាប៉ៃម៉ា (Arapalma)មួយក្បាល។ ត្រីនោះ ប្រវែង២,១៥ម៉ែត្រ ទទឹង០.៤០ម៉ែត្រ ដែលជាប្រភេទត្រីទឹកសាប មានប្រភពមកពីតំបន់អាម៉ាហ្សូននៅអាមេរិកខាងត្បូង បានងាប់នៅក្នុងកសិន្ទុប្រាសាទអង្គរវត្ត។ ក្រុមការងារបានស្រង់យកត្រីនោះមកលើច្រាំង ជូនអ្នកជំនាញខាងជលផលពិនិត្យ និងបានកប់នៅផ្នែកខាងជើង នៃកសិន្ធុប្រាសាទអង្គរវត្ត។
អាជ្ញាធរជាតិអប្សរាបានបញ្ជាក់ថា ផ្អែកតាមការសន្និដ្ឋានរបស់អ្នកជំនាញផ្នែកជលផល ថាត្រីនេះងាប់ដោយធម្មជាតិ ព្រោះមិនមានស្លាកស្នាមរិតរួតនៃមងឬប្រការអ្វីផ្សេងឡើយ។ ត្រីងាប់នេះ ជាប្រភេទត្រីដែលស៊ីត្រីតូចជាងខ្លួនជាអាហារហើយត្រូវបានមហាជនលួចយកព្រលែងក្នុងកសិន្ទប្រាសាទអង្គរវត្ត។
អាជ្ញាធរជាអប្សរាបានរំលឹកថា ពាក់ព័ន្ធនឹងករណីនេះ នាពេលកន្លងមក អាជ្ញាធរធ្លាប់បានចេញសេចក្តីប្រកាសណែនាំហាមឃាត់ការព្រលែងត្រីក្នុងកសិន្ទុ ដែលមិនមែនជាប្រភេទត្រីក្នុងស្រុកពីព្រោះសកម្មភាពនេះ អាចនាំឱ្យមានការបាត់បង់ពូជត្រីធម្មជាតិក្នុងស្រុកផងដែរ។
ដូច្នេះសូមសាធារណៈជនមេត្តាជ្រាបជាព័ត៌មាន៕សុខណា

ព័ត៌មានពេញនិយម