Friday, May 9, 2025

ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា អញ្ជើញជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន( Sonexay Siphandone) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ

កាលពីថ្ងៃទី២ ខែឧសភា ឆ្នាំ២០២៥ ក្នុងក្របខណ្ឌនៃដំណើរទស្សនកិច្ចផ្លូវការ រយៈពេល៣ថ្ងៃនៅសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលជួបសម្តែងការគួរសមជាមួយឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន(Sonexay Siphandone) នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ។ នៅក្នុងជំនួបដ៏មានសារៈសំខាន់នេះ ឯកឧត្តមរដ្ឋមន្ត្រី ឌិត ទីណា បាននាំយកនូវការផ្តាំផ្ញើសួរសុខទុក្ខដ៏កក់ក្តៅពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ជូនដល់ឯកឧត្តមនាយករដ្ឋមន្ត្រីឡាវ។ ឯកឧត្តមរដ្ឋមន្ត្រីក៏បានរាយការណ៍លម្អិត អំពីលទ្ធផលនៃកិច្ចប្រជុំទ្វេភាគីរវាងក្រសួងកសិកម្មនៃប្រទេសទាំងពីរ និងបានលើកឡើងពីចំណុចអាទិភាពសំខាន់ៗដែលភាគីទាំងពីរបានឯកភាពគ្នា។

ឯកឧត្តមបណ្ឌិត សនសៃ ស៊ីផាន់ដន( Sonexay Siphandone) បានថ្លែងអំណរគុណចំពោះសារសួរសុខទុក្ខពីសម្តេចមហាបវរធិបតីនាយករដ្ឋមន្ត្រីកម្ពុជា និងបានផ្ញើសារគោរពសួរសុខទុក្ខត្រឡប់ទៅវិញ ដោយបានបង្ហាញក្តីសង្ឃឹមថា នឹងមានឱកាសជួបសម្តេចនាយករដ្ឋមន្ត្រី នៅក្នុងកិច្ចប្រជុំកំពូលអាស៊ាននាពេលខាងមុខ។ ឯកឧត្តមនាយករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ដែលមានប្រវត្តិសាស្ត្រយូរអង្វែង និងបានលើកឡើងថា ប្រទេសទាំងពីរមានចក្ខុវិស័យរួមគ្នាក្នុងការអភិវឌ្ឍវិស័យកសិកម្ម។

ឯកឧត្តមនាយករដ្ឋមន្ត្រី ក៏បានផ្តល់គោលការណ៍ណែនាំដល់ក្រសួងកសិកម្ម និងរុក្ខាកម្មឡាវ ឱ្យពង្រឹងកិច្ចសហប្រតិបត្តិការជាមួយក្រសួងកសិកម្មកម្ពុជា និងបន្តអនុវត្តគំនិតផ្ដួចផ្ដើមទាំងអស់ប្រកបដោយជោគជ័យ។

សូមបញ្ជាក់ថា នេះគឺជាផ្នែកមួយនៃដំណើរទស្សនកិច្ចផ្លូវការរយៈពេល៣ថ្ងៃនៅឡាវ របស់គណៈប្រតិភូកម្ពុជា ក្នុងគោលបំណងពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មរវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពតភ្ជាប់ការផ្គត់ផ្គង់ធាតុចូលសម្រាប់ផលិតកម្មជីកសិកម្មពីឡាវមកកម្ពុជា៕KD

ប្រភព៖ ក្រសួងកសិកម្មរុក្ខាប្រមាញ់និងនេសាទ

ព័ត៌មានពេញនិយម