Monday, April 7, 2025

យុវតីម្នាក់ ដែលត្រូវចរន្តអគ្គិសនីឆក់ ខណៈពេលចូលរួម កម្មវិធី សង្ក្រាន្តវិទ្យាល័យអង្គរ នោះខ្សោយស្មារតី ប៉ុន្តែមិនប៉ះពាល់ដល់អាយុជីវិតនោះទេ

ខេត្តសៀមរាប ៖ កាលពីវេលាម៉ោង ២២ និង ០០នាទី ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥កន្លងទៅ នៅចំណុចស្តង់លក់អាហារក្នុងពិធីសង្រ្កានវិទ្យាល័យអង្គរ ស្ថិតក្នុងបរិវេណវិទ្យាល័យអង្គរ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីយុវតីម្នាក់ត្រូវបានឆក់ដោយចរន្តអគ្គិសនី ធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំងដល់មាតាបិតា អាណាព្យាបាលសិស្ស សម្ដែងការព្រួយបារម្ភចំពោះសុខសុវត្ថិភាពកូនៗ របស់ពួកគាត់ ក្រោយបែកធ្លាយវីដេអូនៃឧបទ្ទវហេតុនេះនៅថ្ងៃបន្ទាប់។

ក្រោយទទួលបាននូវព័ត៌មានពីប្រជាពលរដ្ឋ នៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី បានធ្វើការទំនាក់ទំនងទៅកាន់ លោក លី វណ្ណៈ នាយកសាលា វិទ្យាល័យខាងលើ តាមរយៈប្រព័ន្ធតេឡេក្រាម ប៉ុន្តែពុំមានការឆ្លើយតប។

បន្ទាប់មកនៅព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ផងដែរ ក្រុមការងារសារព័ត៌មាន គូលែនដេលី បានធ្វើការទំនាក់ទំនងទៅកាន់ លោក លី វណ្ណៈ នាយករដ្ឋបាលសាលាខេត្តសៀមរាប និងជាអ្នកពាក្យសាលាខេត្តសៀមរាប តាមរយៈប្រព័ន្ធតេឡេក្រាម លោកបានតបថា « មិនមានគ្រោះថ្នាក់ពិការ ឬគ្រោះថ្នាក់ដល់ជីវិតទេ…បាទសុខភាពគាត់ធម្មតាទេ» ។លោក នាយករដ្ឋបាលសាលាខេត្តសៀមរាបបានបន្តថា ពិតជាមានការឆក់ចរន្តអគ្គិសនីពិតប្រាកដមែន «គាត់ជាសិស្សនៅវិទ្យាល័យអង្គរនឹងហ្មង…ក្រោយពេលឆក់គេយកគាត់ទៅពេទ្យ…បានប្រហែលមួយម៉ោង គាត់ក៍ស្រួលខ្លួន ពេទ្យឲ្យគាត់ត្រឡប់ទៅផ្ទះវិញ»

លោក នាយករដ្ឋបាលសាលាខេត្តសៀមរាប បានបញ្ជាក់ថា « មូលហេតុគឺដោយសារគាត់ទៅមួលអំពួលភ្លើង នៅក្នុងស្តង់អាហារ អញ្ចឹងហើយទើបវាឆក់»។

នៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៥ ទីភ្នាក់ងារសារព័ត៌មាន គូលែនដេលី ទទួលការឆ្លើយតបរបស់ លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរងទទួលដឹកនាំផែការងារសេនាធិការ និងជាអ្នកពាក្យ នៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប បន្ទាប់ពីមានការស្នើសុំបញ្ជាក់ព័ត៌មាននេះកាលពីព្រឹកថ្ងៃដដែល ដោយលោកឧត្តមសេនីយ៍ត្រី បានឲ្យដឹងថា «នៅម៉ោង២២,០០នាទីយប់ថ្ងៃទី០៥ ខែមេសា ឆ្នាំ២០២៥ នៅចំនុចស្តង់លក់អាហារក្នុងពិធីសង្រ្កានវិទ្យាល័យអង្គរ ស្ថិតក្នុងបរិវេណវិទ្យាល័យអង្គរ ក្នុងភូមិវត្តបូព៌ សង្កាត់សាលាកំរើក ក្រុងសៀមរាប មានករណីឆក់ចរន្តអគ្គិសនី ដែលបណ្តាលឲជនរងគ្រោះឈ្មោះ តាន់ ស៊ិនណារ័ត្ន ភេទស្រី អាយុ១៧ឆ្នាំ ជនជាតិខ្មែរ ជាសិស្សថ្នាក់ទី១២ K នៃវិទ្យាល័យអង្គរ ខ្សោយស្មារតី មិនប៉ះពាល់ដល់អាយុជីវិតនោះទេ»។

លោកឧត្តមសេនីយ៍ត្រីស្នងការរង បានបន្តថា «ជនរងគ្រោះត្រូវបានលោកគ្រូប្រចាំការនៅ វិទ្យាល័យខាងលើដឹកជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តសៀមរាប»។

លោកឧត្តមសេនីយ៍ត្រី ណុប សារ៉ាក់ ស្នងការរង បានបញ្ជាក់ថា « ក្រោយពេលកើតហេតុ បានបញ្ជូនជនរងគ្រោះទៅមន្ទីបង្អែកខេត្តសៀមរាបដើម្បីសង្គ្រោះបន្ទាន់ តែទៅដល់មន្ទីពិនិត្យ ខាងពេទ្យបានពិនិត្យឃើញថាពុំប៉ះពាល់ដល់សុខភាពសុវត្ថិភាពគាត់ធ្ងន់ធ្ងរនោះទេ សុខភាពគាត់ប្រក្រតី ហើយបានត្រឡប់ទៅសម្រាកនៅផ្ទះវិញ ក្រោយពិនិត្យសុខភាពរួចរាល់ ហើយមូលហេតុ ដែលឲ្យមានការឆក់ដោយចរន្តអគ្គិសនីនេះគឺបណ្តាលមកពីជនរងគ្រោះមួលអំពូលភ្លើងដែលរលត់ទើបឆក់តែម្តង»។

ទីភ្នាក់ងារសារព័ត៌មានគូលែនដេលី ក៍បានទទួលទូរស័ព្ទអន្តរាគមន៍ សុំលុបព័ត៌មាន នៃ ឧបទ្ទវហេតុខាងលើនេះផងដែរ ប៉ុន្តែអង្គភាពសារព័ត៌មាននេះបានជំរាបថា មិនមានគោលការណ៍លុបព័ត៌មាននោះទេ លោក-អ្នកអាចផ្ដល់ព័ត៌មានលម្អិតបន្ថែមជុំវិញករណីខាងលើ ដើម្បីយើងខ្ញុំអាចមានការផ្សព្វផ្សាយនូវព័ត៌មានដែលពិតមួយ ដែលជាការចងចាំ នូវបទពិសោធន៍ អាចនាំឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលា ជៀសផុតពីហានីភ័យទាំងឡាយទាំងពួងផងដែរ៕KD

ព័ត៌មានពេញនិយម