Friday, March 14, 2025

តើអ្វីទៅជាបទប្រើប្រាស់ឯកសារសាធារណៈក្លែង ហើយតើបុគ្គលដែលបានប្រព្រឹត្តបទល្មើសនេះនឹងត្រូវទទួលទោសទណ្ឌយ៉ាងដូចម្ដេច?

យោងតាមស្មារតីនៃមានត្រា ៦២៩ នៃក្រមព្រហ្មទណ្ឌ បានឲ្យនិយមន័យ «បទក្លែងបន្លំឯកសារសាធារណៈ»ថា គឺជាការក្លែងបន្លំដែលប្រព្រឹត្តនៅក្នុងលិខិតយថាភូត (លិខិតដែលធ្វើឡើងតាមរូបមន្តច្បាប់ដោយមន្ត្រីសារធារណៈ ឬលិខិតដែលរៀបចំដោយសារការី) ឬការក្លែងបន្លំប្រព្រឹត្តនៅក្នុងឯកសារដែលចេញឱ្យដោយរាជការសាធារណៈ ដើម្បីធ្វើការកត់សម្គាល់សិទ្ធិ អត្តសញ្ញាណ ឬឋានៈ ឬដើម្បីយល់ព្រមផ្តល់ការអនុញ្ញាត នឹងត្រូវផ្ដន្ទាទោសដាក់ពន្ធនាគារពី ៥ (ប្រាំ) ឆ្នាំ ទៅ ១០ (ដប់) ឆ្នាំ ។ ដោយឡែកចំពោះបុគ្គលដែលបានប្រើប្រាស់ឯកសារក្លែងដូចមានចែងក្នុងមាត្រា ៦២៩ ខាងលើ នឹងត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ២ (ពីរ) ឆ្នាំ ទៅ ៥ (ប្រាំ) ឆ្នាំ និងពិន័យជាប្រាក់ពី ៤.០០០.០០០ (បួនលាន) រៀល ទៅ ១០.០០០.០០០ (ដប់លាន) រៀល ដោយស្របតាមមាត្រា ៦៣០ នៃក្រមព្រហ្មទណ្ឌពី «បទប្រើប្រាស់ឯកសារសាធារណៈក្លែង»។

ជាក់ស្ដែងការប្រើប្រាស់ឯកសារសាធារណៈក្លែងអាចសំដៅទៅលើសកម្មភាពដែលបុគ្គល ឬជនណាម្នាក់បានប្រព្រឹត្តនូវអំពើជាច្រើនរួមមាន៖ ស្នាមមេដៃ ត្រា អត្តសញ្ញាណ សញ្ញាបត្រ ឯកសារទាក់ទងនឹងការឡើងតំណែងតួនាទី និងឯកសារផ្សេងៗទៀតជាច្រើន។

បច្ចុប្បន្ន ករណីដែលឃើញកើតមានឡើងជាញឹកញាប់នោះគឺ ការក្លែងឈៀកឡាន ស្លាកលេខរថយន្ត ឯកសារលិខិតលក់ផ្ដាច់អចលនទ្រព្យ ជាពិសេសនោះ គឺការក្លែងបន្លំឯកសារទាក់ទងទៅនឹងដីធ្លី ដោយមានជនទុច្ចរិតមួយចំនួនបានបង្កើតឯកសារក្លែងក្លាយហើយបានយកឯកសារក្លែងទាំងនោះទៅប្រើប្រាក់ដើម្បីបញ្ជាក់ថាខ្លួនជាម្ចាស់កម្មសិទ្ធិ។

សរុបមក បុគ្គលដែលបានដឹងរួចហើយថា ឯកសារទាំងនោះជាឯកសារសាធារណៈក្លែង ប៉ុន្តែនៅតែមានចេតនាប្រើប្រាស់ឯកសារសាធារណៈក្លែងទាំងនោះ ដើម្បីទទួលបាននូវប្រយោជន៍ណាមួយ ដោយមិនស្របច្បាប់ ដូច្នេះបុគ្គលនោះនឹងត្រូវផ្តន្ទាទោសទៅតាមមាត្រា ៦៣០ ខាងលើ ដែលមានចែងនៅក្នុងក្រមព្រហ្មទណ្ឌ នៃព្រះរាជាណាចក្រកម្ពុជា។

ដោយឡែកប្រសិនបើបុគ្គលនោះមិនបានដឹងថា ឯកសារទាំងនោះជាឯកសារសាធារណៈក្លែងទេ នោះជននោះមិនត្រូវបានផ្តន្ទាទោសឡើយ ដោយហេតុថា ជននោះមិនមានចេតនាក្នុង ការប្រព្រឹត្តបទល្មើស ឬប្រើប្រាស់ឯកសារសាធារណៈក្លែងនោះទេ។

សូមរំលឹកជូនផងដែរថា កាលពីថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២៤ កន្លងទីថ្មី ដោយអនុវត្តតាមបទបញ្ជា លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ត្រង់ចំណុចសង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ សង្កាត់ព្រៃស ខណ្ឌដង្កោ សង្កាត់ទំនប់ទឹក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល បានចាប់ខ្លួនជនសង្ស័យចំនួន ៥នាក់ ពាក់ព័ន្ធករណីក្លែងឯកសាររថយន្ដ និងលក់រថយន្ដអត់ពន្ធ។

ប្រតិបត្តិការនេះដឹកនាំដោយ លោកឧត្តមសេនីយ៍ត្រី វុទ្ធី វង្សវិបុល វរសេនីយ៍ទោ វុធ ស៊ែ អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ឡេង ប៊ុនហួរ នាយការិយាល័យ ក្រោមការសម្របសម្រួលពីតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។

ជនសង្ស័យទាំង ៥នាក់ ឈ្មោះ នុន វិបុល អាយុ៤១ឆ្នាំ មុខរបរអ្នកលក់ទូរស័ព្ទ, ឈ្មោះ ផាន់ ធារិទ្ធ អាយុ២៣ឆ្នាំ មុខរបរជាងទូរស័ព្ទ, ឈ្មោះ ហ៊ុន បាឡុង អាយុ៣០ឆ្នាំ មុខរបរអ្នកលក់រថយន្ដ, ឈ្មោះ ចេង រស្មី អាយុ២៩ឆ្នាំ មុខរបរកសិករ និងឈ្មោះ ហ៊ត ដាវ៉ា អាយុ៣០ឆ្នាំ មុខរបរទិញ លក់រថយន្ត។

វត្ថុតាងដកហូត រថយន្ដម៉ាក LEXUS RX350 ពណ៌ស ផលិត ឆ្នាំ២០១០, រថយន្ដម៉ាក AUDI Q7 ពណ៌ស ផលិតឆ្នាំ២០១២, ប័ណ្ណសម្គាល់យានជំនិះចំនួន២ (មិនប្រក្រតី), លតាប័ត្ររថយន្ដទេសចរណ៍ ចំនួន២ (មិនប្រក្រតី), វិញ្ញាបនបត្រពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចំនួន២ (មិនប្រក្រតី), លតាបត្របង់ពន្ធមធ្យោបាយដឹកជញ្ជូន ចំនួន៣ (មិនប្រក្រតី) និងប័ណ្ណសម្គាល់យានជំនិះ ចំនួន២ ប្រក្រតីមួយ និងមិនប្រក្រតីមួយ។

រហូតមកដល់ពេលនេះចំពោះសំនុំរឿងដូចខាងលើក៍ហាក់មានភាពស្ងប់ស្ងាត់ទៅវិញបាត់ហើយ។

មហាជនក៍សង្ឃឹមថា ករណីការប្រើប្រាស់ឯកសារសាធារណៈក្លែងនេះ ប្រមុខរាជរដ្ឋាភិបាល និងដាក់បទបញ្ជាបន្ថែមថ្មី មានវិធានការតឹងរ៉ឹង បង្រ្កាបឲ្យអស់ដើម្បី  តម្លារភាព សុក្រិតភាព សមភាព និងជាពិសេសដើម្បីប្រមូលថវិការដែលជា ចំណូលពន្ធរបស់រដ្ឋ ប្រកបដោយនិរន្តរភាព៕KD

អត្ថបទ៖ លោក លឹម សំបូរ

 

ព័ត៌មានពេញនិយម