Tuesday, March 11, 2025

ឯកឧត្តម ហ៊ុន ម៉ានី៖ ប្រធានបទអង្គរសង្រ្កាន្តឆ្នាំនេះ គឺ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី» នឹងមានភាពអស្ចារ្យ និងសប្បាយរីករាយជាងឆ្នាំមុន

ខេត្តសៀមរាប ៖ នាព្រឹកថ្ងៃទី ០៩ ខែ មិនា ឆ្នាំ ២០២៥ សហភាពសហព័ន្ធយុវជនកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មានស្ដីពីការរៀបចំព្រឹត្តិការណ៍អង្គរសង្ក្រាន្ដឆ្នាំ២០២៥ ក្រោមប្រធានបទ “ស្នាមញញឹមសាទរសង្ក្រាន្ដឆ្នាំថ្មី” ដោយមានការចូលរួមដោយឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ឯកឧត្តម សុខ សប្បាយណា ប្រធានក្រុមការងារប្រតិបត្តិអង្គរសង្ក្រាន្ដ ឯកឧត្តម ប្រាក់ សោភ័ណ អភិបាលនៃគណៈអភិបាលខេត្តសៀមរាប ឯកឧត្តម ហង់ ពៅ អគ្គនាយកអាជ្ញាធរជាតិអប្សារា និងវត្តមានអ្នកសារព័ត៌មានជាច្រើនរូបផងដែរ។ ជាកិច្ចចាប់ផ្តើមឯកឧត្តម ហ៊ុន ម៉ានី បានសម្តែងនូវសោមនស្សរីករាយចំពោះការអញ្ជើញចូលរួមរបស់វត្តមានសមាជិក សមាជិកាស.ស.យ.ក. ជាពិសេសអ្នកសារព័ត៌មានដែលមានវត្តមាននាឱកាសនោះ។ ជាមួយគ្នានេះ ក្នុងនាមឯកឧត្តមជាប្រជាពលរដ្ឋមួយរូប ឯកឧត្តមបានសម្តែងនូវក្តីរំភើប និងសប្បាយរីករាយ ចំពោះការយាងដំណើររបស់ព្រះមហាក្សត្រ ក្នុងការរៀបចំព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខជួយដល់ព្រះរាជាណាចក្រកម្ពុជា និងចូលរួមជាចំណែកមួយក្នុងការចូលរួមដង្ហែរជាមួយព្រះមហាក្សត្រ ដែលព្រះរាជពិធីនឹងប្រព្រឹត្តទៅនៅថ្ងៃទី ១២ ខែមេសា ឆ្នាំ ២០២៥ ខាងមុខនេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណដល់សម្តេចបវរធិបតី ហ៊ុន ម៉ាណែត ចំពោះប្រសាសន៍ប្រកាសជាផ្លូវការនៃរៀបចំព្រឹត្តិការណ៍អង្គរសង្រ្កាន្គដែលមានទ្រង់ទ្រាយធំជាងមុន កាលពីថ្ងៃទី ២៥ ខែកុម្ភៈ ឆ្នាំ២០២៥ កន្លងទៅ ក្នុងឱកាសប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យ សៅស៍អ៊ីសថ៍អេយសៀ នៅខេត្តសៀមរាប។ ឯកឧត្តមបានរំលេចថា “តាមរយៈព្រះរាជពិធីបួងសួងសុំសេចក្តីសុខ និងព្រឹត្តិការណ៍អង្គរសង្រ្កាន្ត ខេត្តសៀមរាបក្នុងឆ្នាំនេះ នឹងមានភាពអស្ចារ្យ និងសប្បាយរីករាយជាងឆ្នាំមុន”។ ឯកឧត្តមបានបន្តថា គិតពីឆ្នាំ ២០១៣ ឆ្នាំនេះជាឆ្នាំទី ១២ គិតចាប់ពីថ្ងៃបដិសន្ធិនៃព្រឹត្តិការណ៍អង្គរសង្រ្កាន្តដែលព្រឹត្តិការណ៍នេះបាននាំ មកនូវសម្បត្តិវប្បធម៌អរូបីជាច្រើនអនេកនៃដូនតាខ្មែរលើ បេតិកភណ្ឌរូបីនៃប្រាង្គប្រាសាទអង្គរ ។ ឯកឧត្តមបានមានប្រសាសន៍ថា ក្នុងឱកាសពិធីចូលឆ្នាំខ្មែរ ឆ្នាំម្សាញ់ ព.ស. ២៥៦៨ – ២៥៦៩ គ.ស ២០២៥ ប្រធានបទសម្រាប់អង្គរសង្រ្កាន្តគឺ «ញញឹមសាទរ សង្រ្កាន្តឆ្នាំថ្មី»។

ឯកឧត្តមបានបន្ថែមថា អស់រយៈពេល ១២ ឆ្នាំនៃការរៀបចំ ប្រាកដណាស់គឺត្រូវរៀបចំឱ្យមានភាពទាក់ទាញ និងធ្វើយ៉ាងណាឱ្យទទួលបានការអញ្ជើញចូលរួមយ៉ាងច្រើនកុះករពីភ្ញៀវទេសចរជាតិ និងអន្តរជាតិ៕KD

ព័ត៌មានពេញនិយម